រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ចូលរួមសម្ភោធផ្ទះមេត្តាទី៣

0
960

ភ្នំពេញ ៖ ផ្ទះមេត្តា ទី៣ ត្រូវបានដាក់សម្ភោធ កាលពីរាត្រីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ដើម្បីចូលរួមចំណែកមិនត្រឹមតែ សិល្បៈ និងសកម្មភាពផ្សេងៗ នៅក្នុងស្រុកនោះទេ ប៉ុន្តែទីតាំងនេះ ក៏ដើរតួនាទី ក្នុងកិច្ចសន្ទនា អន្តរវប្បធម៌ រវាងកម្ពុជា-អាល្លឺម៉ង់ ដោយមានការចូលរួមពី លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា រួមជាមួយភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបផងដែរ។

លោក Nicolaus Mesterharm ប្រធាន “ផ្ទះមេត្តា” បានថ្លែងក្នុងពិធីសម្ភោធ “ផ្ទះមេត្តា” ទី៣ កាលពីរាត្រីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ថា ផ្ទះមេត្តា ទី៣នេះ នឹងបានចូលរួមចំណែកមិនត្រឹមតែ សិល្បៈ និងសកម្មភាពផ្សេងៗ នៅក្នុងស្រុកនោះទេ ប៉ុន្តែទីតាំងនេះ ក៏ដើរតួនាទី ក្នុងកិច្ចសន្ទនា អន្តរវប្បធម៌ រវាងកម្ពុជា-អាល្លឺម៉ង់ ផងដែរ។ ក្រៅពីនេះ ក៏បានលើកស្ទួយ និងចូលរួមចំណែក ពីសហគមន៍ថែមទៀតផង។

លោក Nicolaus Mesterharm បន្តថា ផ្ទះមេត្តា មិនមែនសម្រាប់តែការបង្ហាញសិល្បៈតែមួយមុខនោះទេ ក៏ជាទីតាំងសម្រាប់ការចែករំលែក ការបណ្តុះបណ្តាល ផ្សេងៗ។ ទោះបីខ្ញុំជាអ្នកផលិតភាពយន្ត ប៉ុន្តែយើងក៏ចាប់អារម្មណ៍ទៅលើការប្រែប្រួលផ្សេងៗ ក្នុងសង្គមផងដែរ ហើយបើយើង ក្រឡេកទៅមើលអតីកាល ដ៏លំបាក របស់កម្ពុជា និងការអភិវឌ្ឍន៍ ដ៏ឆាប់រហ័ស រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

រីឯអ្នកស្រី សៅ សុភ័ក្រ្ត ជាអ្នកផលិតភាពយន្ត និងជាអ្នកគ្រប់គ្រង នៅផ្ទះមេត្តា បានអោយដឹងថា ផ្ទះមេត្តា ត្រូវបានបង្កើតឡើង រយៈពេល១២ឆ្នាំកន្លងមកហើយ ហើយជាកន្លែង ដាក់បង្ហាញសិល្បៈនាំមុខគេ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារតែយើងមានកិច្ចសហការយ៉ាងល្អជាមួយ ក្រសួងវប្បធម៌ រួមជាមួយស្ថានទូតអាល្លឺម៉ង់ ក៏ដូចជាដៃគូរជាច្រើនទៀតផងដែរ។

ចំណែកលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានមានប្រសាសន៍ផងដែរថា ក្រោយពីរបបប្រល័យពូជសាសន៍ ខ្មែរក្រហម ក្នុងពេលដែលកម្ពុជា កំពុងជួបការលំបាក អាល្លឺម៉ង់ បានផ្តល់នូវ អាហាររូបករណ៍ ដល់ប្រជាជនកម្ពុជា អោយបានទៅរៀននៅ អាល្លឺម៉ង់ ខាងកើតទឪតផង។

លោកស្រីបន្តថា កិច្ចសហការថ្មីៗ ដោយជោគជ័យ រវាងកម្ពុជា និងអាល្លឺម៉ង់ គឺការបើកនៅ មជ្ឈមណ្ឌលវប្បធម៌ កម្ពុជា-អាល្លឺម៉ង់ ផ្ទះមេត្តា ដោយយើងសង្ឃឹមថា នឹងមានកិច្ចសហការ បានល្អជាងនេះ រវាងប្រទេសទាំងពីរ ផងដែរ។ គោលបំណង នៃកិច្ចសន្ទនា អន្តរវប្បធម៌ គឺបង្កើតការយល់ដឹង រួមគ្នា ការចែករំលែកចំណេះដឹង និងជួយបង្កើតនូវក្របខ័ណ្ឌការងារ ទំនាក់ទំនង ជាមួយរដ្ឋនិងរដ្ឋ ក៏ដូចជារដ្ឋ ជាមួយ NGo ដែលជាដៃគូរ៕

Facebook Comments
Loading...