រដ្ឋបាលខណ្ឌព្រែកព្នៅ ចូលរួមកាន់បិណ្ឌវេនទី៩នៅវត្តអង្គរកា ជាមួយប្រជាពុទ្ធបរិស័ទ ក្នុងសង្កាត់ពញាពន់

0
1164

ភ្នំពេញ ៖ លោកសុខសម្បត្តិអភិបាលខណ្ឌព្រែកព្នៅ លោកម៉ៅបូរ៉ាប្រធានក្រុមប្រឹក្សាខណ្ឌ រួមនឹង ថ្នាក់ដឹកនាំ មន្ដ្រីរាជការនៃសាលាខណ្ឌព្រែកព្នៅ មន្ដ្រីសាលាសង្កាត់ទាំង៥ក្នុងខណ្ឌ បានមកជួបជុំគ្នា ចូលរួមកាន់បិណ្ឌវេនទី០៩ជាមួយបងប្អូនប្រជាពុទ្ធបរិ​ស័ទនៅវត្តអង្គរកា ស្ថិតក្នុងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រសៀលថ្ងៃទី២៣ និង២៤ ខែកញ្ញា ឆ្នាំ២០១៩ ។

សម្រាប់ ព្រឹកថ្ងៃទី២៤ ខែកញ្ញានេះ ថ្នាក់ដឹកនាំនិងសមាជិកសមាជិកា ទាំងអស់ បាននាំយកនូវ ទៀនធូប ផ្កា ភ្ញីថ្វាយដល់ព្រះសម្មាសម្ពុទ្ធ ព្រមទាំង នំនែក ផ្លែឈើ ចង្ហាន់បិណ្ឌបាត្រ និង គ្រឿងបរិក្ខាជាច្រើនទៀតវេរប្រគេនដល់ព្រះសង្ឃ និងរាប់បាត្របង្សុកូលដើម្បីឧទ្ទិសមហាកុសលជូនដល់បុព្វការីជន សាច់សារលោហិត ដែលបានចែកឋានទៅកាន់អបាយភូមិ សូមឲ្យបានរួចរំដោះទៅកាន់ សុគតិភពកុំបីឃ្លាង ឃ្លៀតឡើយ។

ព្រះចៅអធិការ វត្តអង្គរកាមានសង្ឃដីការថា ពិធីបុណ្យនេះ មិនត្រឹមតែបង្ហាញពីភាពកត្តញ្ញូរបស់កូនចៅ ចំពោះអ្នកមានគុណប៉ុណ្ណោះទេ ប៉ុន្ដែនៅ មានអត្ថនយ័សំខាន់មួយទៀត គឺ ការពិចារណានូវសង្សារវដ្ដ ដែលមនុស្សកើតមកតែងតែស្លាប់ទៅវិញ ជាធម្មតាដែលអាចជំរុញទឹកចិត្តឲ្យលះបង់អំពើបាបហើយខិតខំធ្វើតែអំពើល្អដើម្បីវៀរចាកពីអបាយភូមិទាំង៤ មាននរក ប្រេត តិរិច្ឆាន អសុរកាយ ជាដើម។

គួរបញ្ជាក់ថានេះជាលើកទី៦ហើយ សម្រាប់រដូវកាន់បិណ្ឌក្នុងឆ្នាំនេះ ដែលថ្នាក់ដឹកនាំមន្ដ្រីរាជការ សាលាខណ្ឌព្រែកព្នៅបានចូលរួមកាន់បិណ្ឌជាមួយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលនេះជាការផ្សាភ្ជាប់រវាងអាជ្ញាធរ ជាមួយប្រជាពលរដ្ឋ និងជាការរួមសាម​គ្គីគ្នាក្នុងការទ្រទ្រង់ ដល់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងជួយថែរក្សាប្រពៃណី ទំនៀមទំលាប់ កេរដំណែលរបស់ដូនតាយើងឲ្យបានស្ថិតស្ថេរគង្សវង្ស។

ក្នុងឱកាសកាន់បិណ្ឌវេនទី០៩នៅវត្តអង្គរកានេះ ដោយទឹកចិត្តជ្រះថ្លារបស់មន្ដ្រីរាជការអាជ្ញាធរខណ្ឌព្រែកព្នៅ ប្រមូលបានបច្ចយ័ចំនួនជាង២លានរៀល ដែល១ចំណែកសម្រាប់ប្រើប្រាស់ឧបត្ថម្ភដល់ព្រះសង្ឃ និងមួយចំណែកទៀត សម្រាប់កសាងសមិទ្ធិផលនានាក្នុងវត្ត ឲ្យកាន់តែល្អប្រសើរ ដើម្បីឲ្យទីអារាមនេះ សក្ដិសមជាកន្លែងសក្ការៈបូជាសំរាប់ជាប្រយោជន៍ ដល់ពុទ្ធសាសនិកជនទូទៅ។

សូមជំរាបជូនថា នៅក្នុងខណ្ឌព្រែកព្នៅមាន វត្តចំនួន១៨វត្ត  និងមានព្រះសង្ឃ ចំនួន ៤៧៧ អង្គ។ មកដល់វេនទី០៩នេះ ស្ថានភាពនៃការកាន់បិណ្ឌរបស់ពុទ្ធសាសនិកជន នៅតាម ទីអារាមនានាក្នុងខណ្ឌបានដំណើរការទៅយ៉ាងល្អប្រសើរ ពុំមានបញ្ហា អ្វីគួរឲ្យកត់សម្គាល់ឡើយ។ នេះបើតាមការឲ្យដឹងពី លោក អឿន អ៊ី ប្រធានការិយាល័យធម្មការនិងសាសនាខណ្ឌព្រែកព្នៅ៕

Facebook Comments
Loading...