រដ្ឋបាលខណ្ឌព្រែកព្នៅ និងសង្កាត់ បានសំអាត​បរិ​ស្ថាននៅតាមផ្លូវជាតិលេខ៥ នាថ្ងៃប្រារពទិវាពិភពលោកស្អាត

0
1042

ភ្នំពេញ៖ ថ្នាក់ដឹកនាំមន្ដ្រី បុគ្គលិកនៃសាលាខណ្ឌព្រែកព្នៅ មន្ដ្រីសាលា​សង្កាត់ទាំង៥ កម្លាំងសណ្ដាប់ធ្នាប់ និងសិស្សាបុសិស្សកាយរិទ្ធ ប្រមា​ណជាង១០០នាក់ បានជួបជុំគ្នានៅផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ដើម្បីប្រមូលសម្រាម សំអាតបរិស្ថាន ក្នុងទិវាពិភពលោកស្អាត នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ការធ្វើពលកម្ម សំអាតសម្រាម នៅទីនេះធ្វើឡើង ក្នុងបំណងអបអរសាទរក្នុងទិវាពិភពលោក ផងនិង​ដើម្បីកែប្រែសោភ័ណភាពតាមដងផ្លូវជាតិលេស៥ពិសេសម្តុំយឿត្រី ក្នុងភូមិពោធិមង្គលផង ហើយក៍ដើម្បីបំផុសចលនាអប់រំដល់ ប្រជាជនមហាជន ឲ្យបានយល់ដឹង​ពី​អត្ថប្រយោជន៍ នៃបរិស្ថាន ដើម្បីឲ្យមានការចូលរួមទាំងអស់គ្នា ក្នុងកិច្ចការពារបរិស្ថាន កា​រ​អភិរ័ក្សជីវចំរុះ និងការរស់នៅប្រកបដោយចីរភាព។

លោក ស៊ីម សុផង់ នាយករដ្ឋបាលខណ្ឌព្រែកព្នៅបានមានប្រសាសន៍ថា សកម្មភាពក្នុងការ សំ​អាតបរិស្ថាននេះគឺជាការពញ្ញាក់ស្មារតី ឲ្យប្រជាជន មហាជន បានយល់ដឹង​ពីបញ្ហាបរិស្ថាន​ដើម្បីឲ្យមានការចូលរួម ពីគ្រប់មជ្ឈដ្ឋាន រួមចំណែកធ្វើឲ្យបរិស្ថាន នៅក្នុងមូលដ្ឋានរបស់យើង មានភាពល្អប្រសើរ ព្រោះថាបើ បរិស្ថានមិនល្អ បរិស្ថានអាក្រក់ ជីវិតនឹងត្រូវបាត់បង់។

លោកបន្តថា យើងសង្កេតឃើញថាពិភពលោក បច្ចុប្បន្ននេះកំពុងទទួលរងនូវឥទ្ធិពលអវិជ្ជមានដែលធ្វើឲ្យមាន ការប្រែប្រួលអាកាសធាតុ គ្រោះ​រាំងស្ងួត ទឹកជំនន់ ខ្យល់ព្យុះនិងរលកកំដៅជាដើម ដែលបានប៉ះពាល់ដល់ ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម។ ជាក់ស្ដែងថ្មីៗនេះមានទឹកជំនន់ ដែលមិនធ្លាប់មាន បានផ្ដាច់ផ្ដិលជីវិតមនុស្ស អស់ជាច្រើន នាក់នៅ​ប្រទេសឥណ្ឌា និងប្រទេសជាជាច្រើនទៀតនាពេលកន្លងមក។

លោកបញ្ជាក់ថា ដោយសារសារៈសំខាន់នេះហើយ បានជានៅថ្ងៃទី២១ខែកញ្ញានេះ មាន​បណ្ដាប្រទេសជា​ច្រើន នៅលើពិភពលើក ប្រារព្ធទិវាពីភពលោកនេះ ដើម្បីជាសារ១ សម្រាប់​ដាស់តឿនឲ្យមនុស្សដែលរស់នៅលើភពផែនដី ឈប់បំផ្លាញបរិស្ថាន ចូលរួមលើកស្ទួយ​បរិ​ស្ថានឲ្យបានប្រសើរឡើងវិញ៕

Facebook Comments
Loading...