ពលរដ្ឋខ្មែរចំនួន៤នាក់ បានស្លាប់និង៦នាក់ទៀតរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកវឌ្ឍនាណាក់ខន

0
1330

ប្រទេសថៃ ៖ តាមព័តមានពីស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំខេត្តសាកែវ (ស្រះកែវ) បានឲ្យដឹងថា នៅវេលាម៉ោង១០ និង២៤ នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅមុខវត្តណូនជិក ឃុំវឌ្ឍនាណាក់ខន ស្រុកវឌ្ឍនាណាក់ខន ខេត្តសាកែវ មានហេតុការណ៍រថយន្តប្រភេទទេសចរណ៍មួយគ្រឿង ម៉ាក Toyota Cam​ery ពាក់ស្លាកលេខសាកែវ កខ-៣៧៨៩ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា បានបុកយ៉ាងពេញទំហឹងជាមួយរថយន្តប្រភេទវ៉ែនដឹកអ្នកដំណើរមួយគ្រឿង ពាក់ស្លាកលេខបាងកក ៣៣-៤៩៣៣ ដែលកំពុងធ្វើដំណើរទិសដៅពីទីក្រុងបាងកក ឆ្ពោះមកកាន់ផ្សាររោងក្លឿ ច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ប៉ោយប៉ែត-ខ្លងលឹក ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ៥ នាក់ និងរងរបួស៧នាក់។ ក្នុងនោះ ពលរដ្ឋខ្មែរចំនួន១០នាក់ (ជាទេសចរ និងអ្នកជំងឺ) ដែលជិះក្នុងរថយន្តវ៉ែនបើកបរដោយជនជាតិថៃ ទិសដៅពីបាងកក មកកាន់ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក បានរងគ្រោះស្លាប់ចំនួន ៤នាក់ (៣នាក់ ជាស្ត្រី និងម្នាក់ជាកុមារា)។ ចំណែក ៦នាក់ផ្សេងទៀត គឺ៤នាក់រងរបួសស្រាល និង២នាក់រងរបួសធ្ងន់ កំពុងទទួលការសង្គ្រោះនៅមន្ទីរពេទ្យ។ តៃកុងឡានវ៉ែនដែលជាជនជាតិថៃបានស្លាប់។ រីឯអ្នកបើកបររថយន្តទេសចរណ៍កំពុងសន្លប់មិនទាន់ដឹងខ្លួននៅឡើយ។

មន្ត្រីស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំខេត្តសាកែវ(ស្រះកែវ) បានចុះទៅកាន់កន្លែងកើតហេតុ ជួបជនរងគ្រោះជាពលរដ្ឋខ្មែរ អាជ្ញាធរពាក់ព័ន្ធថៃ និងបាននិងកំពុងសហការជាមួយសាច់ញាតិសព ជនរងគ្រោះ ជាពលរដ្ឋខ្មែរខាងលើ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធថៃ-កម្ពុជា ដើម្បីរៀបចំបែបបទនាំយកសពទៅធ្វើបុណ្យតាមប្រពៃណីនៅកម្ពុជា។

ពលរដ្ឋខ្មែរទាំង ៤នាក់ ដែលបានជួបគ្រោះថ្នាក់ស្លាប់ជាពលរដ្ឋមកពីភូមិ គោកព្រិច ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងមានឈ្មោះ ១.អោក លីម ភេទស្រី អាយុ ៥១ឆ្នាំ ២.ជួង ស៊ីញីន ភេទស្រី អាយុ ១៦ឆ្នាំ ៣.ជួង ចាន់នីន ភេទស្រី អាយុ ១៧ឆ្នាំ ៤.ជួង ឡៃអ៊ិន ភេទប្រុស អាយុ ១១ឆ្នាំ។ បើបើតាមព័ត៌មានបឋមបានឲ្យដឹងថា មុន ពេលកើតហេតុមានរថយន្តប្រភេទវ៉ែនមួយគ្រឿងពណ៌ ស ស្លាកលេខបាងកក ៣៣-៤៩៣៣ ដែលបើកបរដោយជនជាតិថៃ បានដឹកអ្នកដំណើរមួយក្រុមក្នុងនោះ មាន ពលរដ្ឋខ្មែរចំនួន១០នាក់(ជាទេសចរណ៍ និងអ្នកជំងឺ ) ដែលទើបតែចេញពី មន្ទីរពេទ្យ នៅក្រុងបាងកក ឆ្ពោះមកកាន់ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត លុះធ្វើដំណើរមកដល់ ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងទៀតពណ៌ ទឹកប៊ិចម៉ាក ToyotaCamery ពាក់ស្លាកលេខ សាកែវ ក ខ -៣៧៨៩ ជិះមកក្នុងទិសដៅបញ្ច្រាស់ គ្នា បានបែកកង់រេចង្កូតទៅបុករថយន្ត ដឹកពលរដ្ឋខ្មែរពេញទំហឹងតែម្តង៕

Facebook Comments
Loading...