ភ្នំពេញ ៖ កីឡាករជើងខ្លាំងទម្ងន់មធ្យមមឿង សុខហ៊ុច អ្នកប្រដាល់ពុទ្ធសេរីវង្សពោសែនជ័យកីឡា ជួបកីឡាករថៃក្រៀងក្រៃ ខណៈកីឡាករសេក គឹមសាន្ត អ្នកប្រដាល់មកពីក្លិបអង្គរមានជ័យខេត្តសៀមរាប ជួបប្រកួតជាមួយកីឡាករថៃខាវហម រីឯកីឡាករវ៉ាន់ វឿន ជួបកីឡាករថៃដាំងកានវ៉ាន នៃការប្រកួតលក្ខណៈមិត្តភាពអន្តរៈជាតិ នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី១៤ ខែកញ្ញា ឆ្នាំ២០១៩នេះ។
កីឡាករមឿង សុខហ៊ុយ ដែលត្រូវជួបជាមួយកីឡាករជនជាតិថៃក្រៀងក្រៃ ក្នុងប្រភេទទម្ងន់៦៥គីឡុក្រាម ដែលអ្នកទាំង២នាក់នេះមិនដែលជួបគ្នាទេនៅសង្វៀននេះនាពេលកន្លងមក តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅសង្វៀនស្រុកខ្មែរជាច្រើនលើកមកហើយ ស្នៀតខ្លាំងរបស់គេគឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។
រីឯកីឡាករមឿង សុខ ហ៊ុច ត្រូវបានគេមើលឃើញថា ដើរលុកលុយរករឿងតាមបណ្តាសង្វៀនទួរទស្សន៍ជាមួយអ្នកប្រដាល់ជើងចាស់ដែលខ្លាំងៗ និងកីឡាករអន្តរជាតិជាច្រើននាក់ដែលមានលទ្ធផលគួរឲ្យសសើរ។ មឿង សុខហ៊ុច គេមានកាយសម្បទារឹងមាំ ព្រមទាំងមានស្នៀតកែង និងជង្គង់ ដែលធ្វើឲ្យគូរប្រកួតរបស់ខ្លួន ពិបាកទប់ទល់ និងជាស្នៀតសម្រាប់ផ្ដួលគូរប្រកួតដ៍អស្ចារទៀតផង។ ការវាយចេញរបស់សុខហ៊ុច ធ្ងន់ហើយរហ័ស ជាពិសេសស្នៀតជើងទាត់ និងជង្គង់ របស់គេខ្លាំងណាស់អាចបញ្ចេញបានភ្លាមៗស្របជាមួយដៃតែម្តង។ ប៉ុន្តែយ៉ាងណា មឿង សុខហ៊ុច ក៏មានចំណុចខ្សោយខ្លះដែរ គឺត្រង់វាយចេញហើយមិនសូវការពាវិញនោះទេដែលធ្វើឲ្យដៃគូប្រកួតឆាប់ដឹងពីចំណុចខ្សោយទាំងនេះ។ ការប្រកួតមួយរយៈចុងក្រោយនេះមឿង សុខហ៊ុច គេធ្វើមិនសូវបានល្អនោះទេ ភាគច្រើនចាញ់គូប្រកួត។ ចាំមើលលើកនេះមឿង សុខហ៊ុច អាចយកឈ្នះ កីឡាករថៃក្រៀងក្រៃ ស្តារមុខមាត់បានដែរឬយ៉ាងណា?។
ដោយឡែកកីឡាករសេក គឹមសាន្ត ត្រូវជួបជាមួយកីឡាករថៃខាវហម ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ព្រោះកីឡាករទាំងពីរនាក់នេះជាកីឡាករជើងថ្មីដូចគ្នា ដោយសេក គឹមសាន្ត ជើងថ្មីឡើងមកប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ ចំណែកកីឡាករថៃហ៊្វើនហ្វា ស៊ីតណាយុកថៃ ជាជើងថ្មីមកប្រកួតនៅសង្វៀននេះ ហើយមិនទាន់ដឹងថាកីឡាករជើងថ្មីថៃម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះទេ។
ចំណែកកីឡាករសេក គឹមសាន្ត គេមានស្នៀតកណ្តាប់ដៃ និងកែងវាយចេញបានល្អ វាយមួយៗមែនតែចំគោលដៅ កីឡាកររូបនេះវ័យក្មេងមែនតែវាយមិនងាយច្រឡោតជាមួយគូប្រកួតនោះទេ ហើយវាយមិនមើលស្រាលដៃគូឡើយ តែយ៉ាងណាការប្រកួតដែលគេមើលថាអាចផ្តួលបានគឺគេមិនប្រោសនោះទេ។ ចាំមើលរវាងកីឡាករសេក គឹមសាន្ត និងកីឡាករថៃខាវហម នរណាជាអ្នកឈ្នះ?។
រីឯកីឡាករវ៉ាន់ វឿន ដែលត្រូវជួបជាមួយកីឡាករថៃដាំងកានវ៉ាន ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ដោយកីឡាករថៃម្នាក់នេះជាកីឡាករចំណូលថ្មីទើបមកប្រកួតនៅស្រុកខ្មែរ ហើយមិនទាន់ដឹងថាវិជ្ជាគុនរបស់គេខ្លាំងប៉ុណ្ណានោះទេ តែយ៉ាងណាកីឡាករថៃភាគច្រើនពូកែខាងស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។ ចំណែកកីឡាករ វ៉ាន់ វឿន គេមានផ្លែល្អ ពិសេសគឺផ្លែកែង និងជង្គង់ ប៉ុន្តែអ្វីដែលគេបារម្ភជំនួស វ៉ាន់ វឿន នោះគឺខ្លាចតែចាញ់កម្លាំងស៊ុហ្វថៃមួយមុខប៉ុណ្ណោះ។ ក្នុងការប្រកួតនេះគេមិនហ៊ានអះអាងមុនថា វ៉ាន់ វឿន អាចយកឈ្នះលើកីឡាករថៃ បានឬអត់នោះទេ?។ ចាំមើលតើ វ៉ាន់ វឿន ឈ្នះឬមួយក៏ដាំងកានវ៉ាន ជាអ្នកឈ្នះ?៕