ភ្នំពេញ ៖ រដ្ឋបាលខណ្ឌព្រែកព្នៅ និងសង្កាត់ពញាពន់ នៅថ្ងៃទី១១ ខែកញ្ញានេះ បានចាប់ផ្តើម អនុវត្តគម្រោងអភិវឌ្ឍខណ្ឌ សង្កាត់ សម្រាប់ឆ្នាំ២០១៩ ដោយប្រារពពិធីបើកការដ្ឋាន ជួសជុល ផ្លូវសំបុកមាន់ ឌីប៊ីអេសធី តាមបណ្តោយផ្លូវលេខ១៥១ ដោយអ៊ុតបេទីមីណឺ ចាប់ពីផ្លូវ បេតុងភូមិធំជើងរហូតដល់ ភូមិព្រៃពង្រ ព្រំប្រទល់ស្រុកអង្គស្នួលខេត្តកណ្តាល ជួសជុលផ្លូវដោយចាក់បេតុងឆ្អឹងដែក និងដាក់ប្រព័ន្ធលូដោះទឹកក្នុងភូមិសំរោងជើង។
ក្នុងឱកាសនោះលោក នូ អឿន ចៅសង្កាត់ពញាពន់ បានរាយការណ៍អំពីសភាពការណ៍ សន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានៈក៏ដូចជាសកម្មភាភការងារនិងវឌ្ឍនភាពនានាដែលសង្កាត់បាននិងកំពុងអនុវត្តនៅក្នុងមូលដ្ឋាន បានយ៉ាងល្អប្រសើរ និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ក្នុងការងារកសាង ស្តារហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានក៏បាននិងកំពុងអនុវត្តគម្រោងអភិវឌ្ឍសង្កាត់សម្រាប់ឆ្នាំ២០១៩ផងដែរ។
លោកចៅសង្កាត់ក៏បានបង្ហាញពីទិសដៅបន្ត ដោយគ្រោងនឹងស្ថាបនាផ្លូវដីសរ គ្រួសក្រហម និងបេតុងក្នុងភូមិធំត្បូងនិងភូមិផ្សេងៗទៀត ហើយក៏ខិតខំគៀងគររកប្រភពថវិកា និងពីសប្បុរសជន ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍មូលដ្ឋានឱ្យបានកាន់តែល្អប្រសើរថែមទៀត។
ដោយឡែកលោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ បានថ្លែងឱ្យដឹងថា គម្រោងអភិវឌ្ឍ ខណ្ឌ សង្កាត់ ឆ្នាំ២០១៩ បានចាប់ផ្តើម ក្នុងនោះ គម្រោងរបស់ខណ្ឌ គឺ ជួសជុល ផ្លូវសំបុកមាន់ តាមបណ្តោយផ្លូវលេខ១៥១ ដោយអ៊ុតបេទីមីណឺ ចាប់ពីផ្លូវ បេតុងភូមិធំជើង រហូតដល់ភូមិព្រៃពង្រ ព្រំប្រទល់ស្រុកអង្គស្នួលខេត្តកណ្តាល មានទំហំ ៣.០០០ម២ និងជួសជុលផ្លូវដោយចាក់បេតុងឆ្អឹងដែក ប្រវែង ២៣០មក្នុងភូមិសំរោងជើង ដាក់ប្រព័ន្ធលូដោះទឹកប្រវែង២៣០មក្នុងភូមិសំរោងជើង។
ចំណែកគម្រោងសង្កាត់វិញ គ្រោងស្ថានា នឹងជួសជុលផ្លូវ បេតុងឆ្អឹងដែក បេតុងគ្មានសរសៃដែក ដាក់លូរំដោះទឹក ក្នុងភូមិ និងតាមសង្កាត់នានា ក្នុងខណ្ឌព្រែកព្នៅ ឆ្លើយតបនឹងសេចក្តីត្រូវការចាំបាច់ ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានោះ លោក សុខ សម្បត្តិ ក៏បានរំលឹកនូវមគ្គទេសភាពជាអ្នកដឹកនាំរដ្ឋប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ប្រមុខដឹកនាំ ដែលបន្តបេសកកម្មមិនត្រឹមតែធ្វើឲ្យកម្ពុជា អាចរំដោះខ្លួនចេញពីសង្គ្រាម ហើយកសាងបាននូវសុខសន្តិភាពទូទាំងប្រទេសមិនតែប៉ុណ្ណោះ ថែមទាំងអាចកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងសន្ទុះលឿនយ៉ាងឆាប់រហ័សក្នុងរយៈដ៏ខ្លីថែមទៀតផង ជាពិសេស គឺជាការសម្រេចបាននូវការអភិវឌ្ឍន៍សង្គម ការផ្តល់សេចក្តីសុខក្សេមក្សាន្ត និងសុវត្ថិភាពជូនប្រជាជនកម្ពុជា។ ដូច្នេះពលរដ្ឋកម្ពុជា មិនត្រូវចាញ់ឧបាយកល ឬ ជឿតាមការញ៉ុះញ៉ង់របស់អ្នកនយោបាយ ជ្រុលនិយមមួយចំនួនតូច ដែលមានចេតនាធ្វើឱ្យប្រទេសធ្លាក់ក្នុងគ្រោះមហន្តរាយជាថ្មីនោះឡើយ ពោល គឺរួកមគ្នាការពារសន្តិភាពដែលយើងមានដូចសព្វថ្ងៃនេះឱ្យបានគង់វង្សយូអង្វែង៕