ភ្នំពេញ ៖ កីឡាករបាង កាយាក អ្នកប្រដាល់នៃសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម និងកីឡាករតាញ់ មករា អ្នកប្រដាល់នៃសមាគមន៍កីឡាប្រដាល់ក្រសួងការពារជាតិ ជួបកីឡាករថៃវិតថៈយ៉ាយុទ្ធ និងកីឡាករភិតដាំ ស៊ីតចាថង ដើម្បីដណ្តើមប្រាក់លាន នាថ្ងៃសៅរ៍ទី១៤ ខែកញ្ញា ឆ្នាំ២០១៩នេះ។
កីឡាករបាង កាយាក ត្រូវជួបជាមួយកីឡាករទួនប៉េ នេះក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេពីមុនមក តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅប្រទេសកម្ពុជា ជាច្រើនលើកមកហើយ មានឈ្នះមានចាញ់ជាមួយកីឡាករជើងខ្លាំងកម្ពុជា ស្នៀតខ្លាំងរបស់គេគឺជង្គង់ ជើងទាត់កាត់ និងស្នៀតកាច់ផ្តួលគូប្រកួតឲ្យដួលទាំងជំហ៊។
ចំណែកកីឡាករកម្ពុជាបាង កាយាក គេហាត់ប្រដាល់នៅកម្ពុជា តែគេទៅប្រកួតនៅប្រទេសថៃហើយល្បីល្បាញមកដល់សព្វថ្ងៃ ស្នៀតខ្លាំងរបស់គេគឺជើងទាត់ កណ្តាប់ដៃ និងកែងដែលអាចវាយប្រយោលក៍បានចូលកៀកក៍បាន។ កាលដែលបាង កាយាក ប្រកួតនៅប្រទេសថៃស្នៀតកែងរបស់គេ ដែលធ្វើឲ្យគេផ្តួលគូប្រកួតជាបន្ទាប់។ ការប្រកួតនេះត្រូវបានអ្នកតាមដានប្រដាល់អះអាងថា មានភាគរយឈ្នះហាសិបភាគរយម្នាក់ប៉ុណ្ណោះ បើទោះជាគេមិនធ្លាប់ជួបគ្នាក៍ដោយ។ ចាំមើលរវាងកីឡាករបាង កាយាក និងកីឡាករថៃវិតថៈយ៉ាយុទ្ធ នរណាជាអ្នកឈ្នះ?។
ដោយឡែកកីឡាករស្រករក្រោយតាញ់ មករា គេនឹងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះភិតដាំ ស៊ីតចាថង ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។ តាញ់ មករា គេក៏ជាអ្នកប្រដាល់ជើងខ្លាំងមួយរូប ក្នុងចំណោមអ្នកប្រដាល់ស្រករក្រោយដូចគ្នា ដែលអ្នកតាមដានកីឡាប្រដាល់កម្ពុជាកំពុងតែចាប់អារម្មណ៍ចំពោះស្នៀតគុនរបស់កីឡាកររូបនេះ ដែលឡើងប្រកួតម្តងៗធ្វើឲ្យអ្នកទស្សនាជក់ចិត្តជាខ្លាំងនោះ។
តាញ់ មករា ជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃ និងកម្លាំងជើងទាត់ខ្លាំង តែមិនសូវសំបូរច្ចេកទេសនិងល្បិចកលប្រកួតប៉ុន្មានឡើយ ក៍ប៉ុន្តែគេមានកម្លាំងស៊ុហ្វខ្លាំង។ ពីមុនមករាគេវ៉ៃអាងតែលើកម្លាំងបាយតែប៉ុណ្ណោះ តែមួយរយះមកគេវាយចេញដោយកណ្តាប់ដៃដាល់ត្រូវចំគោលដៅបានច្រើន មួយៗតែធ្ងន់ចំណែក ឯការពាររបស់គេ ក៏បានល្អនិងរឹងមាំផងដែរ។ ចាំមើលរវាងតាញ់ មករា ជាអ្នកឈ្នះឫកីឡាករថៃភិតដាំ ស៊ីតចាថង?៕