ក្រោមកិច្ចសហការរវាងក្រសួងទេស​ចរណ៍ជាមួយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន អ្នកជំនាញទេសចរណ៍កម្ពុជា៧០នាក់ ទទួលបានការពង្រឹងសមត្ថភាពភាសាជប៉ុនបន្ថែម

0
941

ភ្នំពេញ ៖ អ្នកជំនាញទេសចរណ៍កម្ពុជាប្រមាណ ៧០នាក់ បាននិងកំពុងទទួលបានការបណ្តុះបណ្តាលពង្រឹងសមត្ថភាពភាសាជប៉ុន ដើម្បីលើកកម្ពស់សមត្ថភាពជំនាញភាសាជប៉ុន ឱ្យកាន់តែមានលក្ខណៈស្ទាត់ជំនាញ ក្រោមកិច្ចសហការរវាងក្រសួងទេស​ចរណ៍ជាមួយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។

ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងនារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងមានការចូលរួមពីសំណាក់កញ្ញា Mizuho Kanda ប្រធានផ្នែកទទួលបន្ទុកទេសចរណ៍ និងជាតំណាងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន សាស្រ្តាចារ្យនៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន មន្រ្តីជំនាញ អ្នកជំនាញទេសចរណ៍ សិស្ស និស្សិត ដែលចូលរួមសរុបប្រមាណ ៧០នាក់។

នៅក្នុងពិធីបើកសិក្ខាសាលានេះ លោករដ្ឋលេខាធិការបានគូសបញ្ជាក់ពីភាពរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលកើតចេញពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សិក្ខាសាលាបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងចំពេលវេលា និងស្របតាមសំណូមពររបស់អ្នកជំនាញទេសចរណ៍ នៅក្នុងការចូលរួមកសាងធនធានមនុស្សក្នុងវិស័យទេសចរណ៍បន្ថែម ជាពិសេសលើកកម្ពស់សមត្ថភាពជំនាញភាសាជប៉ុន ឱ្យកាន់តែមានលក្ខណៈស្ទាត់ជំនាញ ក្នុងការចូលរួមផ្តល់សេវាកម្មទេសចរណ៍ឱ្យកាន់តែល្អប្រសើរ និងពេញចិត្តពីសំណាក់ភ្ញៀវទេសចរ ជាពិសេសទេសចរជប៉ុន ដែលបាននិងកំពុងមានការកើនឡើងជាលំដាប់ក្នុងការមកទស្សនានៅកម្ពុជា។

គួរកត់សម្គាល់ថា សម្រាប់រយៈពេល៧ខែ ដើមឆ្នាំ២០១៩នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៣.៨លាននាក់ កើនឡើង ១១.១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ដោយក្នុងនោះកម្ពុជាបានទទួលទេសចរជនជាតិជប៉ុនចំនួន ១១៣,១៥៩នាក់ កើនឡើងប្រមាណ ២.៦%។ តាមការព្យាករណ៍នៅឆ្នាំ២០២០ កម្ពុជានឹងអាចទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ និងបង្កើតការងារដោយផ្ទាល់ប្រមាណជិត ១លាននាក់៕

Facebook Comments
Loading...