ភ្នំពេញ ៖ ក្រុមយុវជនកម្ពុជាដែលត្រៀមចូលរួមក្នុងកម្មវិធី «នាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន» ត្រូវជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍ជាតិឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ទៅដល់បណ្ដាយុវជននៃប្រទេសដទៃទៀត ដូចជាគោលដៅទេសចរណ៍នៅរាជធានីភ្នំពេញ សៀមរាប-អង្គរ ឆ្នេរសមុទ្រ តំបន់ភូមិភាគឦសាន និងសហគមន៍អេកូទេសចរណ៍ជាដើម។
ប្រភពពីក្រសួងទេសចរបានឲ្យដឹងថា ការជំរុញយ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងកិច្ចជំនួបជាមួយក្រុមយុវជនកម្ពុជា ដែលត្រៀមចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ក្រោមអធិបតីភាពលោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសរណ៍ នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីផ្ដល់អនុសាសន៍មួយចំនួនពាក់ព័ន្ធនឹងវិស័យទេសចរណ៍។
នាឱកាសនោះលោក ទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន បានបង្ហាញពីកំណើនទេសចរអន្តរជាតិសម្រាប់ឆ្នាំ២០១៨ ដែលមានចំនួន ៦.២លាននាក់ កើនឡើង ១០.៧% និងរយៈពេល ០៦ខែ ឆ្នាំ២០១៩ មានចំនួនប្រមាណជាង ៣.៣លាននាក់ ហើយត្រូវបានព្យាករណ៍ថានឹងកើនឡើងប្រមាណ ៦.៧លាននាក់ នៅក្នុងឆ្នាំ២០១៩នេះ។
លោក ទ្រី ឈីវ បានបង្ហាញពីមុំយុទ្ធសាស្រ្តសំខាន់ៗទាំង៤ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ រួមមាន៖ ទី១.ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ បង្កើតឱ្យមានស្ដង់ដារលើគ្រប់សេវាកម្មទេសចរណ៍ «សេវាមួយ ស្ដង់ដារមួយ», ទី២.ការបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាព ជំនាញវិជ្ជាជីវៈ «បុគ្គលិកម្នាក់ ជំនាញមួយ», ទី៣.ការផ្សព្វផ្សាយ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ ប្រកបដោយភាពច្នៃប្រឌិតថ្មី និងនវានុវត្ត, និងទី៤.ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក្នុងវិស័យទេសចរណ៍ (E-Torism)។
ចំណែកលោក ទិត ចន្ថា បានណែនាំជាពិសេសដល់ក្រុមយុវជន ត្រូវជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍ជាតិឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ទៅដល់បណ្ដាយុវជននៃប្រទេសដទៃទៀត ដូចជាគោលដៅទេសចរណ៍នៅរាជធានីភ្នំពេញ សៀមរាប-អង្គរ ឆ្នេរសមុទ្រ តំបន់ភូមិភាគឦសាន និងសហគមន៍អេកូទេសចរណ៍ជាដើម។
អតីតយុវជនដែលធ្លាប់ចូលរួមក្នុងកម្មវិធីនាវាសន្តិភាពរូបនេះ (កម្មវិធីដូចគ្នា គ្រាន់តែប្ដូរឈ្មោះ) បានផ្ដល់អនុសាសន៍ដល់យុវជនកម្ពុជាដូចខាងក្រោម៖ យុវជនកម្ពុជាត្រូវចេះគោរពប្រពៃណី និងទំនៀមទម្លាប់ខ្មែរ ចេះជួយគ្នាទៅវិញទៅមក ស្រឡាញ់គ្នា នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ។* ត្រូវខិតខំសិក្សាស្រាវជ្រាវពីប្រទេសគេ ដើម្បីយកមកអភិវឌ្ឍន៍ប្រទេសខ្លួន។* យុវជនកម្ពុជាត្រូវបង្ហាញនូវបទពិសោធន៍ និងផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងវិស័យទេសចរណ៍នៅកម្ពុជា ហើយផ្សព្វផ្សាយអំពីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅប្រទេសកម្ពុជា ព្រមទាំងចែករំលែកព័ត៌មានបន្តឱ្យបានទូលំទូលាយ ជាមួយក្រុមយុវជនប្រទេសដទៃដែលចូលរួមជាមួយគ្នា ដែលអាចទាក់ទាញយុវជនជប៉ុន និងយុវជនអាស៊ាន ព្រមទាំងគ្រួសារបស់ពួកគេមកទស្សនាកម្ពុជាឲ្យបានច្រើនថែមទៀត។
* ត្រូវពន្យល់ដល់យុវជនប្រទេសដ៏ទៃអំពីកត្តាសុខ សន្តិភាព សេរីភាព និងភាពរីកចម្រើននៅកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។* កម្ពុជាជាប្រទេសដែលពុំមានប្រទេសណាដូច។ រយៈពេលជាង ៥០០ឆ្នាំ ទើបទទួលបានសន្តិភាពសម័យតេជោ។ មជ្ឈដ្ឋានអន្តរជាតិមួយចំនួន មិនបានផ្ដល់នូវសច្ចធម៌ជូនប្រជាជនកម្ពុជាទេ នៅតែបន្តមហិច្ចតារបស់ខ្លួន បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ។
* កម្ពុជាចូលជាសមាជិកអាស៊ាន ដោយមើលឃើញគោលការណ៍ដ៏ល្អរបស់អាស៊ានគឺ ស្មើភាព ស្មើសិទ្ធិ មិនជ្រៀតជ្រែកការងារផ្ទៃក្នុង។* ទេសចរណ៍គឺជាវិស័យដែលជំរុញការតភ្ជាប់គ្នារវាងប្រជាជាតិនានា ជំរុញការយោគយល់អំពីគ្នា ជំរុញសន្តិភាព និងវិបុលសុខរបស់ប្រជាពលរដ្ឋ បន្ថែមលើសារៈប្រយោជន៍សេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថានផ្សេងៗទៀត។
សូមជម្រាបថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ (The Ship for Southeast Asian Youths Program- SSEAYP) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៤ ដោយរដ្ឋាភិបាលជប៉ុន និងសមាជិកអាស៊ាន ៥ប្រទេស៖ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងប្រទេសថៃ។ លើកនេះជាលើកទី៤៦ហើយ ដោយធ្វើដំណើរលើនាវា Nippon Maru ចូលចតទៅកាន់ប្រទេស៥៖ ជប៉ុន វៀតណាម សិង្ហបុរី មីយ៉ាន់ម៉ា និងប្រទេសម៉ាឡេស៊ី រយៈពេល៥១ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។
គោលបំណងនៃកម្មវិធីនេះ គឺដើម្បីរឹតចំណងមិត្តភាព និងការយល់ដឹងរវាងយុវជនជប៉ុន និងយុវជនអាស៊ានទាំងដប់ប្រទេស។ ពង្រីកចំណេះដឹង និងទស្សនវិស័យរបស់យុវជន ស្ដីពីចំណេះដឹងសកល។ បង្កើនស្មារតី និងជំនាញច្បាស់លាស់របស់យុវជនក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបណ្តុះភាពជាអ្នកដឹកនាំសម្រាប់ប្រតិភូយុវជនក្នុងវិស័យផ្សេងៗរបស់ពួកគេ ដែលចូលរួមដលើការអភិវឌ្ឍន៍យុវជន និងសង្គមជាតិ៕