ក្រសួងទេសចរណ៍កម្ពុជា ចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ជាមួយរដ្ឋាភិបាលម៉ាឡេស៊ី

0
1228

ភ្នំពេញ ៖ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ រវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោក សៃហ្វូឌីន អាប់ឌុលឡា រដ្ឋមន្រ្តីក្រសួងការបរទេសម៉ាឡេស៊ី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមបណ្ឌិត មហាធា មហាម៉ាត់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី កាលពីព្រឹកថ្ងៃអង្គារទី៣ ខែកញ្ញា ឆ្នាំ២០១៩ នៅវិមានសន្តិភាព។

ប្រភពពីក្រសួងទេសចរបានឲ្យដឹងថា ខ្លឹមសារនៃអនុស្សរណៈយោគយល់គ្នាបានផ្តោតទៅលើ៖ • ការស្រាវជ្រាវ និងអភិវឌ្ឍន៍ • ការបណ្ដុះបណ្ដាលធនធានមនុស្ស
• ការផ្សព្វផ្សាយ និងការឃោសនា • សិក្ខាសាលា កិច្ចប្រជុំ សន្និសីទ និងពិព័រណ៍ទេសចរណ៍ ពិព័រណ៍ពាណិជ្ជកម្ម • ការផ្លាស់ប្ដូរទស្សនកិច្ចកិច្ចស្វែងយល់ និងផ្លូវការរវាងមន្ត្រីជំនាញ និង• ការជំរុញសកម្មភាពសេដ្ឋកិច្ចផ្សេងៗទៀតតាមរយៈវិស័យទេសចរណ៍

គួរឲ្យកត់សំគាល់ នៅឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៦,២លាននាក់ កើន ១០,៧% ក្នុងនោះទេសចរជាតិម៉ាឡេស៊ីមានចំនួនជាង ២០ម៉ឺននាក់ កើន ១២,២%។ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៩នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៣,៣លាននាក់ កើនឡើង ១១.២% ក្នុងនោះទេសចរជាតិម៉ាឡេស៊ីមានចំនួនជាង ៩ម៉ឺននាក់ កើន ៧%។ ដោយឡែក ប្រជាជនកម្ពុជាបានទៅទស្សនាប្រទេសម៉ាឡេស៊ីជាច្រើនម៉ឺននាក់ផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្នមានការហោះហើរត្រង់ចំនួន ៥៨ជើងក្នុងមួយសប្តាហ៌ ពីប្រទេសម៉ាឡេស៊ី មកព្រលានយន្តហោះអន្តរជាតិទាំង៣របស់កម្ពុជា ក្នុងនោះរួមមាន ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុមានចំនួ ៧ជើង ក្នុងមួយសប្តាហ៍ ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបមានចំនួន១១ជើង ក្នុងសប្តាហ៍ និងព្រលានយន្តហោះអន្តរជាតិភ្នំពេញមានចំនួន៤០ជើង ក្នុងមួយសប្តាហ៍៕

Facebook Comments
Loading...