រដ្ឋបាលខណ្ឌ និងសង្កាត់ព្រែកព្នៅ ធ្វើអនាម័យសំអាតបរិស្ថាននៅសាលាបឯមសិក្សាព្រែកព្នៅ

0
1008

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ រដ្ឋបាលខណ្ឌ និងសាលាសង្កាត់ព្រែកព្នៅ កម្លាំងសណ្ដាប់ធ្នាប់ និងយុវជន ប្រមាណជាង៥០នាក់ រួមនិងក្រុមហ៊ុនស៊ិនទ្រី បានជួបជុំគ្នានៅបរិវេណសាលាបឯមសិក្សាព្រែកព្នៅ ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ដើម្បីធ្វើអនាម័យប្រមូលសម្រាម សំអាតបរិស្ថាន។

លោកជា វិរៈ អភិបាលរងខណ្ឌព្រែកព្នៅ តំណាងលោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានលើកឡើងថាការធ្វើពលកម្ម ប្រមូលសម្រាម សំអា​ត​បរិស្ថាននៅថ្ងៃនេះធ្វើឡើង នៅក្នុងសាលាបឋមសិក្សាព្រែកព្នៅ ដើម្បីលុបបំបាត់សំបុក និងជម្រកមូសខ្លា និងកែប្រែសោភ័ណភាពសាលា ឲ្យបានល្អប្រសើរ ជាពិសេសបំផុសចលនាអប់រំដល់ ប្រជាជនមហាជន យុវជន សិស្សានុសិស្ស ឲ្យបានយល់ដឹងពីអត្ថប្រ​យោជន៍ នៃបរិស្ថាន ដើម្បីឲ្យមានការចូលរួមទាំងអស់គ្នា ក្នុងកិច្ចការពារបរិស្ថាន។

លោកបន្ថែមថា ការធ្វើអនាម័យប្រមូលសម្រាម សំអាតបរិស្ថានថ្នាក់ដឹកនាំមន្ដ្រីបុគ្គលិក នៃសាលាខណ្ឌព្រែកព្នៅ មន្ដ្រីសាលាសង្កាត់ កម្លាំងសណ្ដាប់ធ្នាប់ និងយុវជន នាពេលនេះមានរើសសម្រាម ជំរះស្មៅ ប្រមូលរបស់ណាដែលអាចដកទឹកយកទៅកប់ចោល កាប់ដើមឈើដែលដុះស៊ប់ទ្រប់ ជុំវិញសាលាផងដែរ។

លោកបញ្ជាក់ថា សកម្មភាពក្នុងការសំអាត បរិស្ថាននេះគឺជាការពញ្ញាក់ស្មារតី ឲ្យប្រជាជន មហាជន យុវជន សិស្សានុសិស្សបានយល់ដឹងពីបញ្ហាបរិស្ថានដើម្បីឲ្យមានការចូលរួម ពីគ្រប់មជ្ឈដ្ឋាន រួមចំណែកធ្វើឲ្យបរិស្ថាន នៅក្នុងមូលដ្ឋាន និងខណ្ឌព្រែកព្នៅរបស់យើង មានភាពល្អប្រសើរ ព្រោះថាបើ បរិស្ថានមិនល្អ បរិដ្ឋានអាក្រក់ ជីវិតនឹងត្រូវបាត់បង់។

ជាមួយគ្នានេះផងដែរ ក៍បានណែនាំផ្សព្វផ្សាយ ជូនដល់ប្រជាពល ដែលរស់នៅតំបន់នេះ ឲ្យចេះសំអាត អនាម័យបរិស្ថាន តាមលំនៅដ្ឋាន និងតំបន់ដែលពួកគាត់រស់នៅ ធ្វើយ៉ាងណាជួយលើកស្ទួយសម្រស់ខណ្ឌព្រែកព្នៅរបស់យើងទាំងអស់គ្នា។

គួរបញ្ជាក់ផងដែរថា ក្រោយបញ្ចប់ការធ្វើអនាម័យប្រមូលសម្រាម សំអាតបរិស្ថាន ក្នុងសាលាបឋមនេះលោកភោគ សុឃឿន ប្រធានការិយាល័យបរិស្ថានខណ្ឌព្រែកព្នៅ បាននែនាំឲ្យលោកនាយកសាលាបឋមសិក្សានេះ ជួយសំអាតបរិស្ថានក្នុងសាលានេះឲ្យបានស្អាតល្អចាប់ពីពេលនេះទៅ បើទោះជាកន្លងមកមិនបានស្អាតតែចាប់ពីពេលនេះទៅបរិវេនសាលានេះបានស្អាត់ហើយ ហើយជួយរក្សាឲ្យបានស្អាតរហូតតទៅ ចំណែកក្រុមហ៊ុនស៊ិនទ្រីក៍ត្រូវចូលមកយកសំរាមឲ្យបានទៀងទាត់ផងដែរ៕

Facebook Comments
Loading...