ភ្នំពេញ ៖ កីឡាករពុយ វណ្ណៈ អ្នកប្រដាល់មកពីក្លិបឃ្លាំងមឿងកីឡាករខេត្តពោធិសាត់ ដឹកដៃកីឡាករសេក គឹមសាន្ត អ្នកប្រដាល់របស់ក្លិបអង្គរមានជ័យខេត្តសៀមរាប ឡើងសាកស្នៀតគុនជាមួយកីឡាករថៃភិតសាយហ្វា និងកីឡាករកៅផូដាំ ខណៈកីឡាករតាញ់ មករា អ្នកប្រដាល់នៃសមាគមកីឡាប្រដាល់ក្រសួងការពារជតិ ត្រូវជួបជាមួយកីឡាករអ៊ីរ៉ង់MOSTAFA នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩នេះ។
កីឡាករពុយ វណ្ណៈ ជួបជាមួយកីឡាករថៃភិតសាយហ្វា នេះក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម ដែលកីឡាករថៃម្នាក់ធ្លាប់មកប្រកួតនៅសង្វៀនក្នុងស្រុកខ្មែរ ច្រើនលើកមកហើយ មានឈ្នះមានចាញ់ ព្រោះគេមានកម្លាំងស៊ុហ្វខ្លាំង និងស្នៀតជើងទាត់ ជង្គង់របស់គេវាយចេញរហ័សនិងខ្លាំងទៀតផង។ រីឯកីឡាករពុយ វណ្ណៈ គេជាកីឡាករដែលពិបាកស្មានបានណាស់ ពេលខ្លះស្នៀតប្រយុត្តរបស់គេល្អ ពិសេសគឺស្នៀតកណ្តាប់ដៃ និងជង្គង់តែម្តង ដែលអាចវាយប្រយោលក៍បានចូលគៀកក៍បាន ដោយប្រើបានលឿន ហើយធ្ងន់ថែមទៀត ពេលខ្លះវាយអន់ស្ទើរពុំគួរអោយជឿនោះឡើយ។ ចាំមើលក្នុងការប្រកួតនេះកីឡាករពុយ វណ្នៈ ជាអ្នកឈ្នះឬកីឡាករថៃភិតសាយហ្វា?។
ចំណែកកីឡាករសេក គឹមសាន្ត ត្រូវជួបជាមួយកីឡាករថៃកៅផាដាំ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ព្រោះកីឡាករទាំងពីរនាក់នេះជាកីឡាករជើងថ្មីដូចគ្នា ដោយសេក គឹមសាន្ត ជើងថ្មីឡើងមកប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ ចំណែកកីឡាករថៃហ៊្វើនហ្វា ស៊ីតណាយុកថៃ ជាជើងថ្មីមកប្រកួតនៅសង្វៀននេះ ហើយមិនទាន់ដឹងថាកីឡាករជើងថ្មីថៃម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះទេ។ រីឯកីឡាករសេក គឹមសាន្ត គេមានស្នៀតកណ្តាប់ដៃ និងកែងវាយចេញបានល្អ វាយមួយៗមែនតែចំគោលដៅ កីឡាកររូបនេះវ័យក្មេងមែនតែវាយមិនងាយច្រឡោតជាមួយគូប្រកួតនោះទេ ហើយវាយមិនមើលស្រាលដៃគូឡើយ តែយ៉ាងណាការប្រកួតដែលគេមើលថាអាចផ្តួលបានគឺគេមិនប្រោសនោះទេ។ ចាំមើលរវាងកីឡាករសេក គឹមសាន្ត និងកីឡាករថៃកៅផាដាំ នរណាជាអ្នកឈ្នះ?។
ដោយឡែកកីឡាករស្រករក្រោយតាញ់ មករា គេនឹងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់កីឡាករអ៊ីរ៉ង់MOSTAFA ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ហើយមិនទាន់ដឹងថាកីឡាករអ៊ីរ៉ង់ម្នាក់នេះខ្លាំងប៉ុណ្ណានោះដែរ។ ចំណែកកីឡាករតាញ់ មករា គេជាអ្នកប្រដាល់ជើងខ្លាំងមួយរូប ក្នុងចំណោមអ្នកប្រដាល់ស្រករក្រោយដូចគ្នា ដែលអ្នកតាមដានកីឡាប្រដាល់កម្ពុជាកំពុងតែចាប់អារម្មណ៍ចំពោះស្នៀតគុនរបស់កីឡាកររូបនេះ ដែលឡើងប្រកួតម្តងៗធ្វើឲ្យអ្នកទស្សនាជក់ចិត្តជាខ្លាំងនោះ។
កីឡាករតាញ់ មករា ជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃ និងកម្លាំងជើងទាត់ខ្លាំង តែមិនសូវសំបូរច្ចេកទេសនិងល្បិចកលប្រកួតប៉ុន្មានឡើយ ក៍ប៉ុន្តែគេមានកម្លាំងស៊ុហ្វខ្លាំង។ ពីមុនមករាគេវ៉ៃអាងតែលើកម្លាំងបាយតែប៉ុណ្ណោះ តែមួយរយៈចុងក្រោយនេះគេវាយចេញដោយកណ្តាប់ដៃដាល់ត្រូវចំគោលដៅបានច្រើន ទាត់មួយៗតែធ្ងន់ចំណែក ឯការពាររបស់គេ ក៏បានល្អនិងរឹងមាំផងដែរ។ ចាំមើលរវាងធន់ មករា ជាអ្នកឈ្នះឬកីឡាករអ៊ីរ៉ង់MOSTAFA ៕