ភ្នំពេញ ៖ កីឡាករប៉ោ ភារិទ្ធ អ្នកប្រដាល់នៃក្លិបសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម កៀកស្មានិងកីឡាករហ៊ីម សេរី អ្នកប្រដាល់របស់ក្លិបតាព្រហ្មមានជ័យ ត្រូវឡើងជួបជាមួយកីឡាករថៃរុងណាផា និងកីឡាករឃីវបា នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី៣១ ខែសីហា ឆ្នាំ២០១៩នេះ។
កីឡាករប៉ោ ភារិទ្ធ បន្ទាប់ពីគេធ្វើបានល្អដោយប្រមាណជា១០ប្រកួតចុងក្រោយវាយមិនដែលចាញ់កីឡាករបរទេសមក ពេលនេះត្រូវគេផ្គូផ្គងឲ្យឡើងសងសឹកលើកីឡាកររុងណាផា ត្រូវអ្នកស្នេហាវិស័យកីឡាប្រដាល់ សន្និដ្ឋានមុនថា ភាគរយក្នុងការឈ្នះអ្នកប្រដាល់ថៃម្នាក់នេះមានភាគរយឈ្នះត្រឹមហាសិបប៉ុណ្ណោះ បើទោះជាពួកគេខានជួបគ្នាយូក៍ដោយ។
កីឡាករប៉ោ ភារិទ្ធ បើទោះជាគេ មានកណ្ដាប់ដៃល្អ វាយចេញចូលរហ័ស ហើយស្នៀតទាត់ និងជង្គង់ និងមានកាយសម្បទារឹងមាំ ចិត្តប្រដាល់ធំ និងមានកលល្បិចខ្ពស់ក្នុងការប្រកួត ហើយធ្លាប់ជួបប្រកួតជាមួយថៃច្រើននាក់កន្លងមកក៍ដោយ ក៍ប្រហែលជាពិបាកមិនខាន។ ព្រោះកីឡាករថៃរុងណាផានេះ ធ្លាប់មកប្រកួតនៅសង្វៀននាប្រទេសកម្ពុជា ជាច្រើនលើក មកហើយ ដោយមានឈ្នះចាញ់ជាមួយកីឡាករជើងខ្លាំងកម្ពុជាទៀតផង។ ចាំមើលកីឡាករប៉ោ ភារិទ្ធ អាចសងសឹកបានវិញដែរឬយ៉ាងណា?។
ដោយឡែកកីឡាករកម្ពុជាហ៊ឹម សេរី ជួបកីឡាករថៃ ឃីវបា វិញត្រូវបានអ្នកតាមដានលើកឡើងថា កីឡាករកម្ពុជាមានសង្ឃឹមឈ្នះច្រើនព្រោះកីឡាករហឹម សេរី នាពេលបច្ចប្បន្ននេះនណាក៍ទទួលស្គាល់ថា ជាកីឡាករជើងខ្លាំងវ័យក្មេង១រូប ដែលកំពុងទទួល បានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន រួមផ្សំជាមួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ ធ្វើឲ្យកីឡាករក្នុងស្រុក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។
ការអះអាងបែបនេះក៍ដោយសាហ៊ឹម សេរី មួយរយៈពេលចុងក្រោយនេះ មានការរីកចំរើនជាងមុនច្រើនទាំងស្នៀតគុនទាំងកម្លាំងស៊ុហ្វ ពោលគឺគេហ្វឹកហាត់បានជាប់លាប់ ធានាបានក្នុងការប្រកួតប្រាំទឹកដោយគ្មានបញ្ហាអ្វីឡើយ។ ជាងនេះទៅទៀតនោះហ៊ឹម សេរី ជាអ្នកប្រដាល់ដែលឡើងប្រកួតកម្រចាញ់គូរប្រកួតណាស់ព្រោះរូបគេ ប្រកួតមិនចេះលាក់កម្លាំងនិងមានស្នៀតពិសេសដើម្បីផ្តួលដៃគូឲ្យសន្លប់ថែមទៀតផង ហើយមានបទពិសោធន៍និងតិចនិកក្នុងការប្រកួតច្រើន ជាមួយកីឡាករក្នុងស្រុកនិងកីឡាករបរទេសថែមទៀត។ ចាំមើលហ៊ឹម សេរី អាចយកឈ្នះលើកីឡាករថៃឃីវបា ដូចការអះអាងរបស់អ្នកតាមដានកីឡាប្រដាល់កម្ពុជាដែរឬយ៉ាងណ?៕