កីឡាករកម្ពុជា ជួបកីឡាករកម្ពុជា ខណៈកីឡាករថៃជួបថៃដូចគ្នា ក្នុងវគ្គកណ្តាលផ្តាច់ព្រ័ត្រ

0
1025

ភ្នំពេញ ៖ កីឡាករកម្ពុជា២រូប និងកីឡាករថៃ២រូប ជួបគ្នាក្នុងវគ្គបាក់កណ្តាលផ្តាច់ព្រ័ត្រឆ្ពោះទៅដណ្តើមខ្សែក្រវាត់ មានកីឡាករលន បញ្ញា អ្នកប្រដាល់នៃសមាគមន៍កីឡាប្រដាល់ក្រសួងការពារជាតិ ជួបកីឡាករពុទ្ធ សំបូរ អ្នកប្រដាល់របស់ក្លិបពុទ្ធសេរីវង្សកីឡាពោធិសែនជ័យ ខណៈកីឡាករថៃ២រូបមានកីឡាករលីងលំ ជួបកីឡាករដាវវិសេដ នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី២៤ ខែសីហា ឆ្នាំ២០១៩។

កីឡាករលន បញ្ញា ត្រូវជួបជាមួយកីឡាករពុទ្ធ សំបូរ ក្នុងប្រភេទទម្ងន់៦០គីឡូ​ក្រាម។កីឡាករលន បញ្ញា គេជាកីឡាករស្រករក្រោយទេតែស្នៀតខ្លាំងរបស់គេខ្លាំងទាំងព្រមតែម្តង ក្នុងនោះបើគេទាត់មួយជើងហើយកណ្តាប់ដៃក៍ចេញតាមក្រោយដែរ ហើយស្នៀតកែងបុកកាណូតក៍គ្រោះថ្នាក់ដែរ កីឡាករល្មមៗមិនអាចទប់ជាមួយគេបានប្រាំទឹកនោះទេ ហើ​យ​គេមានកម្ពស់ខ្ពស់ទៀត ដែលអាចបោះជង្គង់ខ្លីក៍បានវែងក៍បាន តែយ៉ាងណាលន បញ្ញា គេមិនសូវខ្លាំងខាងកម្លាំងស៊ុហ្វនោះទេ។

ចំណែកកីឡាករពុទ្ធ សំបូរ ស្នៀតប្រយុត្តិនៅលើសង្វៀនមិនចាញ់កីឡាករលន បញ្ញា ប៉ុន្មានទេ ហើយកន្លង​មក​គេ​មាន​កម្លាំង​ស៊ុ​ហ្វ​ខ្លាំង កលល្បិច​ប្រកួត​ល្អ និង​មាន​ផ្លែ​ល្អ ហើយ​មួយទៀត សំបូរ​មាន​សមត្ថភាព​ប្រដាល់​ខ្ពស់​ថែមទៀតផង។ យ៉ាងណាការប្រកួត​រវាង​អ្នក​ប្រដាល់​ទាំងពីរ ត្រូវបានអ្នកតាមដានប្រដាល់លើកឡើងថា​លន បញ្ញា ជា​អ្នកឈ្នះ​ច្រើនជាងចាញ់។ ចាំមើលកីឡាករពុទ្ធ សំបូរ គេអាច​យក​ឈ្នះលើកីឡាករលន បញ្ញា បានឡើងទៅវគ្គផ្តាច់ព្រ័ត្រដែរឬយ៉ាងណា?។

ដោយឡែកការជួបគ្នារវាងកីឡាករថៃលីងលំ និងកីឡាករដាវវិសេដ វិញមិនទាន់ដឹងថានរណាខ្លាំងជាងនរណានោះទេ តែកីឡាករថៃស្នៀតខ្លាំងរបស់គេគឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួល ស្រដៀងៗគ្នា។ តែទោះជាយ៉ាងនេះក្តីការជួបគ្នារវាងអ្នកទាំង២នាក់នេះត្រូវបានអ្នកតាមដានលើកឡើងថា មិនមែនជាគូប្រកួតដែលជក់ចិត្តនោះទេ ព្រោះពួកគេត្រូវបានអ្នកនាំកីឡាយកមក ហើយជិះឡានជាមួយគ្នាដូចនេះការវាយរបស់ពួកគេគឺមិនអស់ពីសមត្ថភាពនោះទេ។

អ្នកតាមដានកីឡាប្រដាល់លើកឡើងទៀតថា កីឡាករថៃទាំងពីរនាក់នេះបើមកជួបគ្នាក៍ប្រកួតមិនអស់ពីសមត្ថភាព ហើយអាចមានកីឡាករម្នាក់ផ្សេងមកជំនួសផងក៍មិនដឹង ព្រោះពួកគេតម្រូវឲ្យកីឡាករណាម្នាក់ឡើងមកជួបប្រកួតជាមួយកីឡាករកម្ពុជា លន បញ្ញា និងពុទ្ធ សំបូរ បើកីឡាករណាជាអ្នកឈ្នះនោះ។ ចាំមើលរវាងកីឡាករថៃទាំងពីរអ្នកនេះនរណាជាអ្នកឈ្នះឡើងទៅជួបកីឡាករកម្ពុជា វគ្គផ្តាច់ព្រ័ត្រ?៕

Facebook Comments
Loading...