ប័ត្រសំគាល់ម្ចាស់អចលនៈវត្ថុមានសារៈសំខាន់សំរាប់ធ្វើជាភស្តុតាង នូវការកាន់កាប់ដីធ្លី និងចៀសវាងបាននូវការរំលោភបំពានលើដីធ្លី

0
1378

ភ្នំពេញ ៖ ដីគឺជាអាយុជីវិតរបស់ប្រជាពលរដ្ឋ ការចុះបញ្ជីរមានសារៈប្រយោជន៍បំផុត ដល់បងប្អូន ព្រោះវាធានាបាននូវភាពកក់ក្តៅ សុវត្ថិភាពដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញ ហើយវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនៈវត្ថុទៀតសោត មានសារៈសំខាន់សំរាប់ធ្វើជាភស្តុតាង នូវការកាន់កាប់ដីធ្លីរបស់ខ្លួន និងចៀសវាងបាននូវការរំលោភបំពានលើដីធ្លី។

ទាំងនេះគឺជាការលើកឡើងរបស់លោកសុខ​ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ ក្នុងពិធីចែកវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនៈវត្ថុ​ នាព្រឹកថ្ងៃទី២២ ខែសីហ ឆ្នាំ២០១៩នេះ ដែលចែកនេះមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃនេះតទៅ ស្ថិតក្នុងភូមឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះផងដែរលោកប៊ិន សូឈី អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិ​យោដី រាជធានីភ្នំពេញ បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋនៅក្នុងភូមិឌួងទាំងអស់ដែលមានក្បាកដីចំនួន៧៨០ក្បាលដី ហើយវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនៈវត្ថុដែលសម្រេចរួចរាល់ដែលត្រូវចែកក្នុងថ្ងៃនេះមានចំនួន៧១៥ប័ណ្ណ ដែលចែកនេះមានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ នៅក្នុងបរិវេណអគារដ្ឋបាលជលផល ស្ថិតនៅក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ។ លោកអនុប្រធានមន្ទីរបញ្ជាក់ថា ការមកទទួលយកប័ណ្ណនេះគឺមកយកទាំង២នាក់ប្តីប្រពន្ធ ហើយតម្រូវអោយបង់ប្រាក់ក្នុងមួយម៉ែត្រការ៉េចំនួន៥០០រៀល ហើយពេលយក​វិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនៈវត្ថុនេះទៅទុក កុំយកទៅអ៊ុតបន្ថែម និងកុំដាក់ក្នុងសឺម៉ីហើយដាក់របស់ធ្ងន់ពីលើ វាអាចប្រែប្រួលខុសពីច្បាប់ដើម។

ដោយឡែកលោកសុខ​ សម្បត្តិ បានមានប្រសាសន៍បន្ថែមថាដីគឺជាអាយុជីវិតរបស់ប្រជាពលរដ្ឋ ការចុះបញ្ជីរមានសារៈប្រយោជន៍បំផុត ដល់បងប្អូន ព្រោះវាធានាបាននូវភាពកក់ក្តៅ សុវត្ថិភាពដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញ ហើយវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនៈវត្ថុទៀតសោត មានសារៈសំខាន់សំរាប់ធ្វើជាភស្តុតាង នូវការកាន់កាប់ដីធ្លីរបស់ខ្លួន និងចៀសវាងបាននូវការរំលោភបំពានលើដីធ្លី។

លោកបន្តថា ប័ណ្ណនេះ បងប្អូនអាច យកទៅដាក់ធនាគារ ដើម្បីយកថវិកា មកប្រកបរបរអាជីវកម្មផ្សេងៗក៍បានថែមទៀតផងដែរ។ ម្យ៉ាងទៀតវាមានសារៈសំខាន់ដល់ រដ្ឋព្រោះវា ផ្តល់លទ្ធភាពយ៉ាងធំធេងក្នុងការគ្រប់គ្រងដីធ្លី និងរៀបចំឲ្យមានសណ្តាប់ធ្នាប់ល្អប្រសើរ និងសំរួលដល់ការធ្វើផែនការ ប្រើប្រាស់ដីធ្លីបានសមស្របនិងគ្រប់គ្រងដីធ្លីបានល្អប្រសើរ ជាមូលដ្ឋានឲ្យរដ្ឋគិតគូរប្រមូលចំណូលថវិកាជាតិនិងផ្តល់ លក្ខណៈងាយស្រួលក្នុងការជំរុញ កិច្ចការ វិនិយោគលើកស្ទួយសេដ្ឋជាតិបានកាន់តែប្រសើរ៕

Facebook Comments
Loading...