ភ្នំពេញ ៖ ដើម្បីរកវិធីទប់ស្កាត់ កុំឲ្យមានបទល្មើសផ្សេងៗកើឡើងក្នុងមូលដ្ឋាន និងដើម្បីការពាសុវត្ថិភាព នាពិធីបុណ្យភ្ជុំបិណ្ឌប្រណីខ្មែរដែលចូលមកដល់នាពេលខាងមុខនេះ កម្លាំងសណ្តាប់ធ្នាប់សង្កាត់ ប្រជាការពាភូមិ ត្រូវតែសហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍ ដាក់វេនប្រចាំការរៀងរាល់យប់កុំអោយអាក់ខានអោយសោះ។
លោក យិន អ៊ីម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់សំរោង បានធ្វើការណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ និងប្រធានភូមិទាំង៤ ត្រូវអនុវត្តឲ្យបានជោគជ័យនូវ គោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពទាំង៩ចំណុច ហើយត្រូវចុះពន្យល់ឲ្យប្រជាពលរដ្ឋ ត្រូវតែសហការនិងប្រជាការពា ដើម្បីមានករណីអ្វីអាចរាយការដល់សមត្ថកិច្ចប៉ូលិស ហើយងាយស្រួលធ្វើការស្ទាក់ចាប់នូវជនខិលខូច យកមកផ្តន្ទាទោសទៅតាមច្បាប់ ទាំងនេះគឺជាការលើកឡើងរបស់លោកយិន អ៊ីម ក្នុងខណៈជួបសំណេះសំណាល ជាមួយសណ្តាប់ធ្នាប់ ប្រជាការពារ ទាំងអស់ក្នុងសង្កាត់សំរោង នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩នេះ។
ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់សំរោង បានបញ្ជាក់ថា កម្លាំងសណ្តាប់ធ្នាប់សង្កាត់ ប្រជាការពាភូមិ ត្រូវតែសហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍ ដាក់វេនប្រចាំការរៀងរាល់យប់ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសផ្សេងៗ។ ក្នុងនោះផងដែរលោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់គ្នា មានការប្រុងប្រយ័ត្ន និងភាពម្ចាស់ការខ្ពស់ ចៀសវាងបង្កឲ្យមានអគ្គិភ័យកើតឡើងជាយថាហេតុ ដែលបណ្ដាលឲ្យខូចខាត ដល់ទ្រព្យសម្បត្តិ និងអាយុជីវិតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលនិងចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ហើយយើងរួមគ្នាញ៉ាំងអោយពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃ នាពេលខាងមុខនេះ ប្រកបទៅដោយ សេចក្តីសុខ សប្បាយរីករាយគ្រប់ក្រុមគ្រួសារទាំងអស់គ្នា។
ជាចុងក្រោយលោក យិន អ៊ីម បានផ្តាំផ្ញើរដល់គណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ និងប្រធានភូមិទាំង៤ ធ្វើយ៉ាងណាត្រូវអនុវត្តឲ្យបានជោគជ័យនូវ គោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព ឲ្យបានជាដាច់ខាត ដើម្បីចូលរួមនិងការពារាលសមិត្ថផលទាំងឡាយ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានគិតគូពីប្រទេសជាតិនិងប្រជាពលរដ្ឋ ដោយខិតខំនាំមកនូវសន្តិភាព និងការអភិវឌ្ឍរហូតដល់ទទួលបានជោគជ័យ សម្រាប់ប្រទេសជាតិនិងប្រជា ពលរដ្ឋទាំងមូលនាពេលបច្ចប្បន្ន។
គួរបញ្ជាក់ថា បន្ទាប់ពីការសំណេះសំណាល និងផ្តាំផ្ញើររួចមកលោក យិន អ៊ីម និងក្រុមព្រឹក្សាសង្កាត់សំរោង បានចែកអង្កររបស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ ដល់សណ្តាប់ធ្នាប់ និងប្រជាការពាភូមិ ទាំង៤ភូមិចំនួន៨១នាក់ ក្នុងម្នាក់ទទួលបានអង្ករ២៥គីឡូក្រាម និងចែកខោអាវដល់កម្លាំងសណ្តាបធ្នាប់ និងប្រជាការពារក្នុងម្នាក់១កំផ្លេទៀត ផងដែរ៕