ភ្នំពេញ ៖ ដោយមើលឃើញ ភាពរញ៉េរញ៉ៃនិងអត់មានសណ្ដាប់ធ្នាប់យកផ្លូវនិង ចិញ្ចើម ផ្លូវធ្វើជាកន្លែង លក់ដូរនិងការចតយានជំនិះផ្សេងៗគ្មានសណ្តាប់ធ្នាប់ ស្ថិតនៅមុខផ្សារព្រែកព្នៅ តាមបណ្តោយផ្លូវលេខ១៥១ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅនោះ កាលពីព្រឹក ថ្ងៃទី០៣ ខែសីហា អាជ្ញាធរខណ្ឌព្រែកព្នៅ បានចុះទៅចែកសេចក្តីជូនដំណឹង និងប្រាប់តាមផ្ទះអមសងខាងផ្លូវដែលយកផ្លូវ និងចិញ្ចើមផ្លូវលក់ដូ និងជួលបន្ត បញ្ឈប់ធ្វើសកម្មភាព ចាប់ពីថ្ងៃទី០៥ ខែសីហា នេះតទៅ។
ក្នុងការចុះទៅចែកសេចក្តីជូនដំណឹង នៅមុខផ្សារព្រែកព្នៅ នេះបានធ្វើឡើង ក្រោយពីមានការរិះគន់ របស់ប្រជាពលរដ្ឋជាច្រើនថា ប្រធានផ្សារ អនុញ្ញាតឱ្យមានការលក់ដូរ នៅលើផ្លូវ និងលើចិញ្ចើមផ្លូវ ហើយរ៉ឺម៉កម៉ូតូចតគ្មានសណ្តាប់ធ្នាប់ដែលបណ្តាលឱ្យខូចសណ្ដាប់ធ្នាប់ ក៏ដូចជាការកកស្ទះចរាចរណ៍ជាបន្ដបន្ទាប់រាល់ថ្ងៃ។
ដោយឃើញស្ថានភាពបែបនេះ លោកហួត លាភពិសិដ្ឋ អភិបាលរងខណ្ឌព្រែកព្នៅ បានដឹកនាំកម្លាំងខណ្ឌ និងសង្កាត់ចុះណែនាំឱ្យ បងប្អូនអាជីវករលក់ដូរនៅក្រៅផ្សារកុំយក ផ្លូវនិងចិញ្ចើមផ្លូវធ្វើជាកន្លែងលក់ដូរ និងកន្លែងចតរថយន្ដយានជំនិះផ្សេងៗ បើពុំនោះទេនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩នេះ រដ្ឋបាលខណ្ឌនិងចុះរៀបចំសណ្តាប់ធ្នាប់ នៅលើផ្លូវ១៥១នេះបើប៉ះពាល់របស់របរ និងទ្រព្យសម្បត្តិ ដែលដាក់តាំងលក់លើផ្លូវ និងចិញ្ចើមផ្លូវ រដ្ឋបាលខណ្ឌមិនទទួលខុសត្រូវនោះឡើយ។
ក្នុងការចុះទៅចែកសេចក្តីជូនដំណឹង រដ្ឋបាលខណ្ឌក៏បានណែនាំឱ្យ ប្រជាពលរដ្ឋ ដែលមានផ្ទះអមសងខាងផ្លូវដែលយកផ្លូវ និងចិញ្ចើមផ្លូវលក់ដូ និងជួលបន្ត ហើយចតយានយន្ដផ្សេងៗនៅតាមបណ្តោយផ្លូវលេខ១៥១ រហូតហួសផ្សារព្រែកព្នៅនេះ ត្រូវគោរពតាមការណែនាំទាំងនេះ ដើម្បីកុំឱ្យ មានការកកស្ទះចរាចរណ៍ជាបន្តទៀត សម្រាប់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ទីនេះ។
ជាមួយគ្នានោះ សមត្ថកិច្ចក៍បានសុំណូមពរឲ្យប្រជាពលរដ្ឋចូលរួមសហការ ទាំងអស់គ្នាដើម្បី ធ្វើយ៉ាងណា បង្កើនសោភណ្ឌភាព ក៏ដូចជា ការជួយសម្រួល ការកកស្ទះចរាចរ ដែលបណ្ដាល មកពីយកផ្លូវ និងចិញ្ចើមផ្លូវលក់ដូ និងជួលបន្ត ហើយចតយានយន្ដផ្សេងៗ គ្មានសណ្ដាប់ធ្នាប់ជាដើម។ ជាងនេះទៅទៀតវាងាយស្រួលដល់សមត្ថកិច្ចគ្រប់ គ្រងបញ្ហា សន្ដិសុខនិងទប់ស្កាត់ បទល្មើសផ្សេងៗផងដែរ៕