ភ្នំពេញ ៖ ខេត្តកំពត ខេត្តបាត់ដំបង និងខេត្តក្រចេះ ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញទី២ (secondary urban tourism destination) បន្ទាប់ពីគោលដៅទេសចរណ៍ធំៗរបស់កម្ពុជា ដូចជា សៀមរាប-អង្គរ រាជធានីភ្នំពេញ និងតំបន់ឆ្នេរសមុទ្រ ត្រូវបានក្រសួងទេសចរណ៍ និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានប្ដេជ្ញាជំរុញការអនុវត្តគម្រោង «ទីក្រុងប្រកបដោយបរិយាប័ន្ន»។
ប្រភពពីក្រសួងទេសចរណ៍បានឲ្យដឹងថា ចំណុចនេះត្រូវបានលើកឡើងនាឱកាសលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឲ្យលោក Philippe Sternmetz នាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារនៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីទទួលអនុសាសន៍នានាពីក្រសួងទេសចរណ៍ លើការសិក្សាលទ្ធភាពនៃគម្រោងខាងលើនេះ។
លោកមរដ្ឋមន្ត្រី ថោង ខុន បានផ្តល់ការគាំទ្រលើគម្រោងខាងលើ ដែលកន្លងមកក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អង្គការ UNESCO បានសហការគ្នារៀបចំអភិវឌ្ឍន៍ទីក្រងទាំង៣ខាងលើ ជាទីក្រុងទេសចរណ៍ វប្បធម៌បេតិកភណ្ឌ និងជាគោលដៅទេសចរណ៍ទី២ផងដែរ។ ដើម្បីធានាបាននូវការស្នាក់នៅរយៈពេលយូរ របស់ភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជា ចាំចាច់ត្រូវមានការអភិវឌ្ឍមួយប្រកបដោយចីរភាព និងបរិយាប័ន្ន។
លោករដ្ឋមន្ត្រីបានផ្តល់ជាទស្សនវិស័យគន្លឹះសំខាន់ៗ ដល់ក្រុមជំនាញការរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ក្នុងដំណើរកិច្ចសហប្រតិបត្តិការជំរុញរៀបចំក្រុងនៃខេត្តទាំងបីខាងលើនេះ។
លោករដ្ឋមន្រ្តី ថោង ខុន និងប្រធានគណៈប្រតិភូ បានវាយតម្លៃចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង នាពេលកន្លងមក និងបានប្តេជ្ញារួមគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នាឲ្យរឹតតែខ្លាំងថែមទៀត ដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍ឲ្យកាន់តែល្អប្រសើរ និងដើម្បីបន្តដើរតួនាទីកាន់តែសំខាន់ ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព និងបរិយាប័ន្ន ពិសេសដើម្បីជំរុញកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិកាន់តែច្រើនឡើង និងបន្តការស្នាក់នៅយូរបន្ថែមទៀត៕