ភ្នំពេញ ៖ កីឡាករសេក គឹមរួន អ្នកប្រដាល់នៃអង្គរមានជ័យសៀមរាប កៀកស្មារនិងកីឡាករឡុង ជិន អ្នកប្រដាល់របស់ក្លិបខ្លារខិនមានរិទ្ធ ឡើងសាកកណ្តាប់ដៃជាមួយកីឡាករថៃណងអូ និងកីឡាករឌែនភិឈិត រីឯកីឡាករចិត្រ សុភី អ្នកប្រដាល់មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ឡើងសាកស្នៀតគុនជាមួយកីឡាករជប៉ុនNakamura shinnusoke ក្នុងការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ នាថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៧នេះ នៅលើសង្វៀនស៊ីអិនស៊ី។
កីឡាករសេក គឺមរួន ត្រូវជួបជាមួយកីឡាករថៃណងអូ នេះក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេនៅលើសង្វៀននេះ ហើយមិនទាន់ដឹងថា កីឡាករថៃណងអូ មានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះដែរ តែកីឡាករថៃភាគច្រើនពួកគេពូកែស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។
រីឯកីឡាករសេក គឹមរួន ជាកីឡាករគុនចម្រុះ តែគេបានឡើងបានឡើងប្រកួតប្រដាល់គុនខ្មែរទាំងលក្ខណៈមិត្តភាពជាតិ និងអន្តរជាតិញញឹកញាប់ដូចកីឡាករដទៃទៀតដែរ ដោយកីឡាកររូបនេះ ការប្រកួតរបស់គេកន្លងមក បើជួបគូប្រកួតខ្លាំងគេក៍ខ្លាំង តែជួបគូប្រកួតខ្សោយគេក៍ខ្សោយទៅតាមនោះដែរ តែគេប្រកួតឈ្នះច្រើនជាងចាញ់ ដែលបានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ពីមួយប្រកួតទៅមួយប្រកួតចង់ទស្សនានៃការឡើងរេញរបស់គេ។
ស្នៀតខ្លាំងរបស់កីឡាករសេក គឹមរួន គឺកណ្តាប់ដៃនិងស្នៀតជើងទាត់ ហើយគេជាកីឡាករមានចិត្តប្រដាល់ធំ ព្រមទាំងកម្លាំងស៊ុហ្វខ្លាំងថែមទៀត។ បើតាមក្រុមអ្នកវិភាគប្រដាល់អះអាងថា សម្រាប់ការប្រកួតនេះកីឡាករសេក គឹមរួន គឺសង្ឃឹមឈ្នះលើគូប្រកួតហាសិបភាគរយប៉ុណ្ណោះបើទោះជាពួកគេមិនដែលជួបគ្នាក៍ដោយ។ ចាំមើលរវាងកីឡាករសេក គឹមរួន និងកីឡាករណងអូ នណាជាអ្នកឈ្នះបាន៣ពិន្ទុដំបូងនោះ?។
ចំណែកកីឡាករឡុង ជិន ត្រូវជួបជាមួយកីឡាករថៃឌែនភិឈិត ក្នុងប្រភឹទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរក៍មិនធ្លាប់ជួបគ្នាដែរនៅសង្វៀននេះ តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅស្រុកខ្មែរជាច្រើនលើកមានឈ្នះមានចាញ់ជាមួយកីឡាករលំដាប់ៗរបស់កម្ពុជា ស្នៀតខ្លាំងរបស់គេគឺជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួលឲ្យគូប្រកួតដួលទាំងជំហ៊។
រីឯកីឡាករឡុង ជិន គេទើបឈ្នះបានខ្សែក្រវាត់ថ្មីៗកន្លងមកនេះ ហើយគេជាអ្នកប្រដាល់វ័យក្មេងមានស្នៀតប្រដាល់ល្អ វាយចេញចូលលឿន និងរហ័ស និងមានបច្ចេកទេសក្នុងការប្រកួតល្អដែរ។ មួយទៀត គេវាយរហ័ស ដករហ័ស ចេញចូលលឿន និងមានផ្លែល្អថែមទៀត។ គេជាអ្នកប្រដាល់ស្រករក្រោយទេ តែគេមានស្នៀតប្រដាល់ល្អ ហើយធ្លាប់ផ្ដួលអ្នកប្រដាល់រួមជាតិ ដែលជាជើងខ្លាំងៗច្រើននាក់ទៀតផង។ ក្នុងការប្រកួតនេះត្រូវបានអ្នកតាមដានលើកឡើងថា មានភាគរយឈ្នះច្រើនជាងចាញ់។
ដោយឡែកកីឡាករជើងថ្មី ចិត្រ សុភី ជួបជាមួយកីឡាករជប៉ុនNakamura shinnusoke ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ហើយរវាងកីឡាករទាំង២នាក់នេះមិនមានអ្នកណាហ៊ានទស្សទាយមុនថាកីឡាករមួយណាជាអ្នកឈ្នះនោះទេ ព្រោះកីឡាករកម្ពុជា ជាអ្នកប្រដាល់ជើងថ្មីដែលទើបចូលប្រឡូកលើសង្វៀន ហើយកីឡាករជប៉ុនក៍ពុំទាន់ដឹងថា មានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះដែរ។ ចាំមើលរវាងកីឡាករជើងថ្មី ចិត្រ សុភី និងកីឡាករជប៉ុនNakamura shinnusoke នណាជាអ្នកឈ្នះ?៕