ភ្នំពេញ ៖ កីឡាករបឹង កាយាក អ្នកប្រដាល់នៃសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ជួបជាមួយកីឡាករថៃទួនប៉េ ខណៈកីឡាករពុយ វណ្ណៈ អ្នកប្រដាល់មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ ជួបជាមួយកីឡាករភិថៃតសង្ហា ក្នុងការដណ្តើមប្រាក់លាន នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី០៣ ខែសីហា ឆ្នាំ២០១៩នេះ។
កីឡាករបឹង កាយាក ត្រូវជួបជាមួយកីឡាករទួនប៉េ នេះក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេពីមុនមក តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅប្រទេសកម្ពុជា ជាច្រើនលើកមកហើយ មានឈ្នះមានចាញ់ជាមួយកីឡាករជើងខ្លាំងកម្ពុជា ជាងនេះទៅទៀតគេធ្លាប់ឈ្នះបានខ្សែក្រវាត់ពីសង្វៀនកម្ពុជា នាឆ្នាំ២០១៩នេះទៀតផង។
ចំណែកកីឡាករកម្ពុជាបឹង កាយាក គេហាត់ប្រដាល់នៅកម្ពុជា តែគេទៅប្រកួតនៅប្រទេសថៃហើយល្បីល្បាញមកដល់សព្វថ្ងៃ ស្នៀតខ្លាំងរបស់គេគឺជើងទាត់ កណ្តាប់ដៃ និងកែងដែលអាចវាយប្រយោលក៍បានចូលកៀកក៍បាន។ កាលដែលបឹង កាយាក ប្រកួតនៅប្រទេសថៃស្នៀតកែងរបស់គេ ដែលធ្វើឲ្យគេផ្តួលគូប្រកួតជាបន្ទាប់។ ការប្រកួតនេះត្រូវបានអ្នកតាមដានប្រដាល់អះអាងថា មានភាគរយឈ្នះហាសិបភាគរយម្នាក់ប៉ុណ្ណោះ បើទោះជាគេមិនធ្លាប់ជួបគ្នាក៍ដោយ។ ចាំមើលរវាងកីឡាករបឹង កាយាក និងកីឡាករថៃទួនប៉េ នរណាជាអ្នកឈ្នះ?។
ដោយឡែកកីឡាករពុយ វណ្ណៈ ជួបជាមួយកីឡាករថៃ ភិតសង្ហា ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម កីឡាករថៃម្នាក់នេះក៍ធ្លាប់មកប្រកួតនៅស្រុកខ្មែរច្រើនលើកមកហើយ មានឈ្នះមានចាញ់ គេរឹងមាំដោយមានកម្លាំងស៊ុហ្វខ្លាំង និងស្នៀតជើងទាត់ ជង្គង់របស់គេវាយចេញរហ័សនិងខ្លាំងទៀតផង។
រីឯកីឡាករពុយ វណ្ណៈ គេជាកីឡាករជើងចាស់តែស្នៀតប្រយុត្តរបស់គេនៅតែល្អ ពិសេសគឺស្នៀតកណ្តាប់ដៃ និងជើងទាត់តែម្តង ដែលអាចវាយប្រយោលក៍បានចូលគៀកក៍បាន ដោយវាយមួយៗតែធ្ងន់។ កីឡាករបរទេសជាច្រើនអ្នកដែលជួបប្រកួតជាមួយកីឡាករពុយ វណ្ណៈ តែងតែនិយាយថាពិបាកយកឈ្នះណាស់ ហើយពុយ វណ្ណៈ ពូកែទាត់ជើងក្រោយដែលធ្វើអោយពួកគេឈឺមិនតិចថ្ងៃទេ ក្នុងការជួបគ្នាមួយលើកៗនោះ។ ចាំមើលក្នុងការប្រកួតនេះកីឡាករពុយ វណ្នៈ ជាអ្នកឈ្នះឬកីឡាករថៃភិត សង្ហា?៕