កីឡាបរទេស ៖ របាយការណ៍ចុងក្រោយបង្អស់បានចុះផ្សាយថាក្លឹបយក្ស Juventus បានផ្តល់ពេលវេលាពិចារណាក្នុងការចរចាសម្រាប់ភាគីខាងក្លឹប Man Utd ត្រឹមរយៈពេល១សប្តាហ៍តែប៉ុណ្ណោះ ជុំវិញការចង់បានខ្សែប្រយុទ្ធឆ្នើម Paulo Dybala។
កីឡាករអាហ្សង់ទីនកន្លងមករងដំណឹងល្ហិចល្ហៀងថា United ចង់ជះលុយធំនាំរូបគេមកប្រលូកនៅ Premier League រដូវកាលថ្មី ក្រោយពីវត្តមាននៃ Romelu Lukaku ហាក់កាន់តែកៀកជិតក្នុងការផ្លាស់ចេញទៅ Inter Milan។Tuttosport បានសង្កត់ធ្ងន់ថាបិសាចក្រហមនឹងបាត់បង់ឱកាសចរចាអ្វីទាំងអស់ ហើយត្រូវបង្វែរទៅគោលដៅថ្មីប្រសិនក្នុងថេរវេលាកំណត់ មិនអាចចរចាត្រូវរ៉ូវជាមួយភាគីខាងក្លឹប Juventus។
រំឭកថាសម្រាប់ Inter ដែលចង់បាន Lukaku ក៏កំពុងរកាំរកូសលើតម្លៃខ្លួន ៨០ លានផោនដែលបិសាចចង់បាន រុញច្រានឲ្យការប្រកាសកិច្ចព្រមព្រៀងផ្លូវការត្រូវពន្យារពេល៕