បរទេស ៖ តាមការស្នើសុំរបស់អ្នកចាត់ការក្រុម ពេលនេះថ្នាក់ដឹកនាំក្លឹប Spurs បានយល់ព្រម បញ្ចេញទឹកប្រាក់ប្រមាណ៨០លានផោន ដើម្បីទិញយកខ្សែប្រយុទ្ធវ័យ២៥ឆ្នាំ Dybala មករួមក្រុមហើយ។
ក្លឹបមាន់ខ្នាយមាស បានបញ្ជាក់ថាពួកគេចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធអាហ្សង់ទីនខាងលើនេះ ហើយចង់សួរនាំតម្លៃឱ្យបានម៉ត់ចត់ដើម្បីនាំយករូបគេមករួមក្រុមនារដូវក្ដៅនេះ។ ពួកគេនឹងបំបែកកំណត់ត្រាទិញចូលតម្លៃខ្លួនរបស់ក្លឹប ប្រសិនបើជាយក Dybala មកមែន ព្រោះកីឡាករវ័យ២៥ឆ្នាំរូបនេះ មានតម្លៃផ្ដាច់កុងត្រាដល់ទៅ៨០លានផោនឯណោះ។
លោក Daniel Levy ដែលជា Chairman របស់ក្រុម Spurs បានបញ្ជាក់ដែរថាក្រុមបច្ចុប្បន្ននេះអាចចំណាយប្រាក់ទិញកីឡាករដែលខ្លួនចង់បានហើយ មិនដូចរដូវកាលមុនទេ។ ពេលមុន ក្រុមបានចំណាយអស់ជាង១ពាន់លានផោនដើម្បីកសាងកីឡដ្ឋានថ្មី ហើយពេលនេះវាបានបញ្ចប់ហើយ ដូច្នេះដល់ពេលក្លឹបត្រូវកសាងក្រុមមួយដែលមានសមត្ថភាពគ្រប់គ្រាន់ប្រជែងជាមួយក្រុមដទៃនៅក្នុងក្របខ័ន្ធបាល់ទាត់អង្លេស៕