កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកាឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ដែលវាយសម្លាប់មនុស្សដោយឈើជ្រុង

0
1115

ភ្នំពេញ ៖ ជនសង្ស័យចំនួន០១នាក់ ដណ្តើមឈើជ្រុងពីជនរងគ្រោះ រួចវាយពីក្រោយបណ្តាលដួលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ តែត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា សហការណ៍ជាមួយកម្លាំងផ្នែកជំនាញយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ កម្លាំងផ្នែកជំនាញរបស់ការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១៥ និង៥០នាទី ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុច តាមផ្លូវលំ មុខផ្ទះគ្មានលេខ ស្ថិតក្នុងភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យក្នុងករណីនេះឈ្មោះ ហេង ចាន់សុផល ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ(ពិការកជើង) មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ កែម គីរីវុទ្ធ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបររត់រ៉ឺម៉កកង់បី មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សម្ភារៈដកហូត

១.ឈើជ្រុងទំហំ ៤ហ៊ុនx៨ហ៊ុន ប្រវែង ១,៣០ម៉ែត្រ ចំនួន ០១ដើម។ ស្លាកស្នាម១.ស្នាមដាច់រយៈសាច់ស្លឹកត្រចៀកខាងឆ្វេងចំនួន ១កន្លែង។ ២.ស្នាមដាច់រយៈលើក្បាលផ្នែកខាងឆ្វេង និងផុងលលាក្បាលចំនួន ០១កន្លែង។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរចុះពីលើម៉ូតូរ៉ឺម៉កកង់បីចម្ងាយប្រហែល៥០ម៉ែត្រ ដើរចុះមកផ្ទះ ពេលដើរដល់ពាក់កណ្តាលផ្លូវ ជនរងគ្រោះក៏បានរើសឈើជ្រុងទំហំ ៤ហ៊ុនx៨ហ៊ុន ប្រវែង ១,៣០ម៉ែត្រកាន់នឹងដៃ រួមក៏ដើរមកផ្ទះបន្ត ពេលដើរមកដល់ជិតជនសង្ស័យ ស្រាប់តែជនសង្ស័យធ្វើសកម្មភាពឆក់យកឈើជ្រុងពីជនរងគ្រោះ ហើយធ្វើសកម្មភាពវាយទៅលើជនរងគ្រោះត្រូវចំក្បាលផ្នែកខាងឆ្វេង បណ្តាលឲ្យជនរងគ្រោះដួលនៅនឹងដី ហូរឈាមស្លាប់នៅនឹងកន្លែងកើតហេតុ ក្រោយពីធ្វើសកម្មភាពរួមមក ជនសង្ស័យក៏បានយកឈើជ្រុងទៅលាក់ទុកនៅក្រោមគ្រែនិងសម្ងមដេកនៅក្នុងផ្ទះ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយពីកើតហេតុរួមមក ប្រពន្ធជនរងគ្រោះ ក៏បានរាយការណ៍មកសមត្ថកិច្ច បន្ទាប់ពីទទួលបានព័ត៌មានរួមមកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា ក៏បានចុះទៅដល់ទីតាំងកើតហេតុ ធ្វើការហុំព័ទ្ធខ្សែរការពារកន្លែងកើតហេតុ និងរាយការណ៍មកកម្លាំងជំនាញផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ និងកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកទីតាំងត្រួតពិនិត្យ និងឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យ។

សន្និដ្ឋាននិងវាយតម្លៃ តាមការបំភ្លឺជុំវិញកន្លែងកើតហេតុ និងការពិនិត្យជាក់ស្តែងរបស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និងការពិនិត្យរបស់លោកឧកញ៉ាវិជ្ចបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យបច្ចេកទេសវិទ្យាសាស្ត្ររាជធានីភ្នំពេញ និងចម្លើយសារភាពរបស់ជនសង្ស័យ ករណីខាងលើនេះ ពិតជាករណីមនុស្សឃាត(យកឈើជ្រុងវាយឲ្យស្លាប់)ពិតប្រាកដមែន។ បច្ចុប្បន្ន សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕

Facebook Comments
Loading...