ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ កិច្ចប្រជុំផ្សព្វផ្សាយប្រកាស សេចក្ដីជូនដំណឹងស្ដីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃ ការវិនិច្ឆ័យ ការចុះបញ្ជីក្បាលដីមានលក្ខណៈជាប្រព័ន្ធ ស្ថិតក្នុងភូមឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
លោកប៊ិន សូឈី អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងភូមិឌួងទាំងអស់ដែលក្រុមការងារបច្ចេក ទេស បានចុះស្រង់ទិន្នន័យវាស់វែង កំណត់ព្រំដី កសាងប្លង់សុរិយោដីនិងបញ្ជីឈ្មោះអ្នកកាន់កាប់ ហើយនោះ សូមរួសរាន់មកពិនិត្យមើលទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យ ដែលបិទផ្សាយជាសាធារណៈដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវឬខុសឆ្គងដែលត្រូវកែតម្រូវ ឬជំទាស់លើទិន្នន័យទាំងនោះ។ ព្រោះការបិទផ្សាយនេះមានរយៈពេលតែ១៥ថ្ងៃប៉ុណ្ណោះ រាប់ទាំងថ្ងៃឈប់សម្រាកផង គិតចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ដល់ថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងបរិវេណអគារដ្ឋបាលជលផល ស្ថិតនៅក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ។
លោក អនុប្រធានមន្ទីរបញ្ជាក់ថា ផុតកំណត់រយៈពេលខាងលើគណៈកម្មការរដ្ឋបាល សន្មត់ថា ទិន្នន័យដែលបានបើកចំហរជូន ពិនិត្យជាសាធារណៈនេះមានភាពត្រឹមត្រូវ ហើយមិនអាចជំទាស់ឬតវ៉ា នៅពេលក្រោយទៀតបានឡើយ។
ចំណែកលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថាដីគឺជាអាយុជីវិតរបស់ប្រជាពលរដ្ឋ ការចុះបញ្ជីរមានសារៈប្រយោជន៍បំផុត ដល់បងប្អូន ព្រោះវាធានាបាននូវភាពកក់ក្តៅ សុវត្ថិភាពដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញ ហើយវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនៈវត្ថុទៀតសោត មានសារៈសំខាន់សំរាប់ធ្វើជាភស្តុតាង នូវការកាន់កាប់ដីធ្លីរបស់ខ្លួន និងចៀសវាងបាននូវការរំលោភបំពានលើដីធ្លី។
លោកបន្តថា ប័ណ្ណនេះ បងប្អូនអាច យកទៅដាក់ធនាគារ ដើម្បីយកថវិកា មកប្រកបរបរអាជីវកម្មផ្សេងៗក៍បានថែមទៀតផងដែរ។ ម្យ៉ាងទៀតវាមានសារៈសំខាន់ដល់ រដ្ឋព្រោះវា ផ្តល់លទ្ធភាពយ៉ាងធំធេងក្នុងការគ្រប់គ្រងដីធ្លី និងរៀបចំឲ្យមានសណ្តាប់ធ្នាប់ល្អប្រសើរ និងសំរួលដល់ការធ្វើផែនការ ប្រើប្រាស់ដីធ្លីបានសមស្របនិងគ្រប់គ្រងដីធ្លីបានល្អប្រសើរ ជាមូលដ្ឋានឲ្យរដ្ឋគឹតគូរប្រមូលចំណូលថវិកាជាតិនិងផ្តល់ លក្ខណៈងាយស្រួលក្នុងការជំរុញ កិច្ចការ វិនិយោគលើកស្ទួយសេដ្ឋជាតិបានកាន់តែប្រសើរ៕