ប្រជាពលរដ្ឋ រួមនិងក្រុមការងារចុះជួយសង្កាត់សំរោង បានជួបជុំគ្នាហូបនំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិ ក្នុង​បរិយាកាស​សប្បាយ​រីករាយ​

0
913

ភ្នំពេញ ៖ នាព្រឹក​ ​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ២០១៩ លោកហួត ហៃ ប្រធានក្រុមការងារចុះជួយសង្កាត់សំរោង លោកស៊ូ ស៊ីវុត្ថា អនុប្រធានក្រុមការងារ និងមន្ត្រីសាលាសង្កាត់ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាទូទាំងសង្កាត់ ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ទៀត បានជួបជុំគ្នាហូបនំបញ្ចុក សាមគ្គីភាព និងឯកភាពជាតិ ក្នុង​បរិយា​កា​ស​​សប្បាយ​រីករាយ នៅស្នាក់ការគណបក្សសង្កាត់សំរោង​។

ប្រធានក្រុមការងារចុះជួយសង្កាត់សំរោង បាន​មានប្រសាសន៍​បញ្ជាក់​ថា ដោយ​អនុវត្ត​តាម​អនុសាសន៍​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្រកាសអោយមន្ត្រីគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋ ហូបនំបញ្ចុកសាមគ្គី ឯកភាពជាតិដោយ​គ្មានការរើស​អើង​និន្នាការ​នយោបាយ។ក្នុងឱកាសជួបជុំពិសារនំបញ្ចុកសាមគ្គីនេះ ក្នុងនាមប្រធានក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន លោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមកជូនបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់សំរោង និងជូនពរឲ្យបងប្អូនទាំងអស់ជួបតែពុទ្ធិពរទាំង ៤ ប្រការ។

ដោយឡែកទិវាពិសារនំបញ្ចុកសាមគ្គីនាថ្ងៃនេះ លោកបានសង្ខេបជូនបងប្អូនប្រជាពលរដ្ឋជ្រាបនូវអត្ថន័យជារួមថា កម្មវិធីមានបំណងសំខាន់គឺ÷ទី១. យកឱកាសនេះអញ្ជើញបងប្អូនឲ្យមកជួបជុំដើម្បីធ្វើការសន្ទនាគ្នាអំពីសេចក្តីសុខ ចម្រើន និងបញ្ហាជីវភាពគ្រួសារប្រចាំថ្ងៃ។ ទី២. បង្កើត និងពង្រឹងសាមគ្គីភាព ឯកភាពជាតិក្នុងរង្វង់មហាគ្រួសារខ្មែរ ជាពិសេសបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់។ ទី៣. បង្កើន ឬឲ្យតម្លៃទៅលើផលិតផលបន្លែបង្ការក្នុងស្រុក និងទី៤. រួមគ្នាថែរក្សា និងអភិរក្សនំបញ្ចុកដែលជានំរបស់ខ្មែរ ហើយដែលជានំខ្មែរយើងនិយមបរិភោគស្ទើរតែគ្រប់កម្មវិធីបុណ្យទានផ្សេងៗ។

បន្ទាប់ពីជួបជុំគ្នាហូបនំបញ្ចុក សាមគ្គីភាព និងឯកភាពជាតិ រួចហើយលោកហួត ហៃ លោកស៊ូ ស៊ីវុត្ថា និងមន្ត្រីសាលាសង្កាត់ បានចុះពិនិត្យការដាក់ប្រព័ន្ធលូ ប្រវែង១០០ម៉ែត្រ ក្នុងភូមិសំរោងកណ្តាល ដែលកំពុងជនលិចខ្លាំងដោយទឹកភ្លៀងក្នុងរដូវវស្សានេះ។

លោកយិន អ៊ីម មានប្រសាសន៍ថា អនុវត្តតាមគោលការណ៍ណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជម្រុញឲ្យក្រុមការងារ បន្តរួមចំណែក កសាងនិងស្តារហេដ្ឋារចនាសម្ព័ន្ធ នៅតាមមូលដ្ឋាន ជូនប្រជាពលរដ្ឋ។ ជាក់ស្ដែង ក្រុមការងារចុះជួយសង្កាត់សំរោង រួមជាមួយ អាជ្ញាធរ សង្កាត់ ព្រះសង្ឃ និងសប្បុរសជន បានមូលមតិគ្នាដំណើរការ ដាក់ប្រព័ន្ធលូ និងពង្រីកផ្លូវ១ខ្សែ ប្រវែងជាង៥០០ម៉ែត្រ នៅភូមិសំរោងជើង ភូមិសំរោងកណ្ដាល និងភូមិសំរោងត្បូង ដើម្បីបញ្ជៀសការដក់ទឹក នៅក្នុងតំបន់នេះ ដែលជាហេតុនាំឱ្យឆាប់ខូចផ្លូវបេតុងដែលមានស្រាប់ ក៏ដូចជាពង្រីកបន្ថែមនូវកំណាត់ផ្លូវមួយខ្សែនេះឱ្យបានធំទូលាយ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយសរុបមកដល់ពេលនេះការដាក់ប្រព័ន្ធលូបានប្រវែង១០០០ម៉ែត្រហើយ។ លោកបន្តថា មូលដ្ឋានសង្កាត់សំរោងនៅតែបន្តធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បំរើផលប្រយោជន៍ប្រជាពលរដ្ឋជាបន្តបន្ទាប់ មិនឱ្យមានការថ្នាក់ថ្នាំងចិត្តទេ ពោលគឺផ្លូវ តូច ធំ ទឹក ភ្លើង និងការពារសន្តិសុខ សណ្តាប់ធ្នាប់ បានយ៉ាងល្អប្រសើរ៕

Facebook Comments
Loading...