គណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅជម្រុញការទប់ស្កាត់ បង្ក្រាបគ្រឿងញៀននិងល្បែងស៊ីសង អោយដូចភ្លៀងរលឹម

0
915

ភ្នំពេញ ៖ លោកសុខ សម្បត្តិ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បានជម្រុញឲ្យគណៈបញ្ជាការសង្កាត់ទាំង៥ កងកំលាំងមានសមត្ថកិច្ច បង្កើនការយកចិត្តទុកដាក់ បន្ថែមទៀត លើបញ្ហាសន្ដិសុខសុវត្ថិភាព ក្នុងមូលដ្ឋាន ដោយផ្តោតជាសំខាន់លើការទប់ស្កាត់និងបង្ក្រាបគ្រឿងញៀន និងល្បែងស៊ីសង អោយដូចភ្លៀងរលឹម នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព នាព្រឹកថ្ងៃទី០៥ ខែ មិថុនា ឆ្នាំ២០១៩នេះ ។

លោក សុខ សម្បត្តិ បានលើកឡើងថា ការបង្ក្រាបគ្រឿងញៀន បច្ចុប្បន្ននេះបានធ្វើឡើងយ៉ាងក្ដៅគគុក តាមរយៈ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់អាជ្ញាធរគ្រឿងញៀន រាជរដ្ឋាភិបាល មិនមែនធ្វើតែថ្នាក់លើនោះទេ គឺធ្វើតាំងពីថ្នាក់លើ រហូតដល់ថ្នាក់ក្រោមធ្វើជាចង្កោម ជាប្រព័ន្ធដែលទាមទារឲ្យមានការចូលរួមពីគ្រប់ មជ្ឈដ្ឋានទើបសម្រេចបានជោគជ័យ។

តែទោះជាមានយុទ្ធនាការបែបនេះក្ដីក៏ជនប្រព្រឹត្តិបទល្មើសគ្រឿងញៀន នៅតែបន្ដសកម្ម​ភាពរបស់ពួកវាយ៉ាងសកម្ម ជ្រៀតចូលក្នុងប្រទេសកម្ពុជា តាមដែនទឹកដែនគោកនិងដែនអាកាស និងចរាចរចែកចាយក្នុងមូលដ្ឋានរបស់យើងផងដែរ ​ដែលត្រូវបានសមត្ថកិច្ចយើងបានធ្វើការបង្ក្រាប និងឃាត់ខ្លួនជាបន្ដបន្ទាប់។

លោកប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានណែនាំឲ្យសង្កាត់និមួយៗបង្កើតគណៈកម្មការប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ចំណែកថ្នាក់ខណ្ឌ ត្រូវកែសម្រួលឲ្យបានល្អប្រសើរថែមទៀត។ សម្រាប់គណៈកម្មការថ្នាក់ខណ្ឌ ប៉ុស្ដិ៍ ត្រូវរៀបចំកសាងផែនទី ព៌ណបញ្ជាក់ពីចំណុចអវិជ្ជមានក្នុងមូលដ្ឋាននិងបញ្ជូនផែនទីនេះមកគណៈបញ្ជាការឯកភាពខណ្ឌ ដើម្បីងាយស្រួល ក្នុងការពិនិត្យ តាមដានវាយតម្លៃ និងចាត់វិធានការ ទប់ស្កាត់និងបង្ក្រាបឈានទៅកាត់បន្ថយជាបណ្ដើរៗនិងឈានទៅលប់ បំបាត់ទាំងស្រុងតែម្តងទៅថ្ងៃអានាគត។

លោកសុខ សម្បត្តិ បានសង្កត់ធ្ងន់ដល់មន្រ្ដីភូមិ ត្រូវបង្កើនការប្រឹងប្រែង ស្រាវជ្រាវ មិនត្រូវលាក់លាម ព៌តមាន​ពាក់ព័ន្ធនិងការសេពគ្រឿងញៀន និងល្បែងស៊ីសងឡើយ។ សង្កាត់ ប៉ុស្ដិ៍ត្រូវធ្វើការទប់ស្កាត់ និងបង្ក្រាបបើ មិនអាចបង្ក្រាបបាន ត្រូវរាយការណ៍មក ខណ្ឌ ដើម្បីខណ្ឌមានវិធានការ។ កម្លាំងសរុបរបស់ខណ្ឌត្រូវបង្កើន កិច្ចសហការឲ្យបានល្អ បង្កើនការចុះបង្ក្រាប ត្រូវកំណត់១សង្កាត់ ១គោលដៅ ភូមិនិមួយៗត្រូវផ្ដល់ទីតាំងដល់ថ្នាក់ខណ្ឌក្នុងការចុះបង្ក្រាប និងចងក្រងជាសៀវភៅ ដោយបែងចែកតាមប្រភេទ មុខសញ្ញាប្រើប្រាស់គ្រឿងញៀន មុខសញ្ញាចែកចាយ និងមុខសញ្ញាប្រើប្រាស់និងចែកចាយ ឲ្យបានច្បាស់លាស់។

គួរបញ្ជាក់ថា យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀន គឺចាប់ធ្វើឡើងតាំងពី ខែមករាឆ្នាំ២០១៧មកម្លេះ។ដោយឡែកសម្រាប់ អាជ្ញាធរខណ្ឌព្រែកព្នៅបានចូលរួមអនុវត្តយ៉ាងសកម្ម ដោយបានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន បានជាច្រើនករណី និងបានឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការផងដែរ៕

Facebook Comments
Loading...