កម្មវិធីសប្បុរសធម៌ ក្នុងឱកាសព្រះរាជពិធីរាជាភិសេកឡើងគ្រងរាជសម្បត្តិព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ

0
1335

ភ្នំពេញ ៖ នៅក្នុងឱកាសព្រះរាជពិធីរាជាភិសេក ឡើងគ្រងរាជសម្បត្តិសម្តេច MahaVajiralongkorn Bodindradebayavarangkun លោក ប៉ាន់យ៉ារ៉ាក់ ភូនសាប់ ឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានសហការរួមជាមួយសហគមន៍ជនជាតិថៃនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០១៩ បានរៀបចំកម្មវិធីសប្បុរសធម៌ ដោយការចែកអំណោយ និងបរិច្ចាគទឹកប្រាក់ជូនដល់សមាគមន៍អភិវឌ្ឍន៍គ្រួសារពលី និងកុមារកំព្រា ឬហៅកាត់ថា ស្វូដា(Sacrifice Families andOrphans Development Association: SFODA) ដែលជាអង្គការចិញ្ចឹមថែទាំកុមារ និងយុវជនដែលត្រូវការជំនួយ ឬមានស្ថានភាពរស់នៅទីទាល់លំបាក។

លោកស្រី អ៊ុក មុនីណារុំ នាយិកាប្រតិបត្តិនៃ សមាគនអភិវឌ្ឍន៍គ្រួសារ និងកុមារកំព្រា (SFODA) បានអោយដឹងថា បច្ចុប្បន្ន SFODA ចិញ្ចឹមថែទាំកុមារចំនួន ៥៧នាក់ អាយុចាប់ពី៣ ដល់២០ឆ្នាំ ដោយ SFODA ជាអ្នករៀបចំកន្លែងស្នាក់នៅ ម្ហូបអាហារ និងការសិក្សារៀនសូត្រជូនដល់កុមារទាំងអស់នោះ។

បច្ចុប្បន្ន សមាគម SFODA មានកុមារកំព្រាចំនួន ៥៧នាក់ ក្នុងនោះមានកុមារីចំនួន១៩នាក់។ កុមារទាំងអស់នេះត្រូវបាន បញ្ជូន មកពីគ្រប់ខេត្តក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈអាជ្ញាធរដែនដី អង្គការដៃគូ និងតាមរយៈសាច់ញាតិរបស់កុមារ ជាដើម។ កុមារកំព្រាទាំងអស់ជាប្រភេទកុមារកំព្រា ដែលត្រូវឪពុកម្តាយបោះបង់ចោល ឬ កំព្រាឪពុក កំព្រាម្តាយ ឬឪពុកម្តាយចំណាកស្រុក ទៅធ្វើការនៅប្រទេសក្រៅ ដោយមិនត្រឡប់មកវិញ។

លោកស្រីបន្តថា មានកុមារមួយចំនួនត្រូវឪពុកម្តាយ ស្លាប់ចោលដោយសារមេរោគអេដស៍ និងជំងឺអេដស៍ ហើយក៏មានកុមារមួយ ចំនួនផ្ទុកមេរោគអេដស៍ពីកំណើត និងមានកុមារពិការ កុមារអសមត្ថភាពផងដែរ។ កុមារដែលកំពុងរស់នៅក្នុងមណ្ឌល ត្រូវបានមណ្ឌលមើលថែ យ៉ាយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅ ដូចកុមារនៅតាមផ្ទះផងដែរ។ កុមារទាំងអស់ ត្រូវបានបញ្ជូន ទៅសាលារដ្ឋ និងសាលាឯកជន ដើម្បីទទួលបានចំណេះដឹងទូទៅ និងភាសាអង់គ្លេស។ កុមារមួយចំនួនមានឪពុកម្តាយ ធម៌ នៅក្រៅប្រទេស គឺទទួលបានការឧបត្ថម្ភបន្ថែម។

ចំណែកលោក ប៉ាន់យ៉ារ៉ាក់ ភូនសាប់ ឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ស្ថានឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានសហការជាមួយសហគមន៍ជនជាតិថៃនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាត់កម្មវិធីសប្បុរសធម៌បរិច្ចាគរបស់របរជូនដល់ SFODA កាលពីឆ្នាំ២០១៦ ដើម្បីថ្វាយជាព្រះរាជកុសលជូនដល់ព្រះរាជនី ស៊ីរីគិត នៅក្នុងឱកាសចម្រើនព្រះជន្មគម្រប់ខួបលើកទី៧ ម្តងរួចមកហើយ។

កម្មវិធីនេះ ចាត់ទុកជាការជួយឧបត្ថម្ភ ជ្រោមជ្រែងដល់កុមារ និងយុវជននៅក្នុង SFO​D​A ឱ្យមានជីវភាពរស់នៅ និងអនាគតដ៏ល្អប្រសើរ រួមទាំងជាការបន្តថែរក្សាចំណងសម្ព័ន្ធ​មេត្រីភាពរវាងសហគមន៍ជនជាតិថៃនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយប្រជាជនកម្ពុជា ព្រមទាំងជាការលើកកម្ពស់ចំណងមិត្តភាពរបស់ប្រជាជនទៀតផងដែរ៕

Facebook Comments
Loading...