ព្រំ សំណាង និងវៀត ប៊ុនឌឿន ឡើងសាកវិជ្ជាគុនជាមួយកីឡាករមកពីប្រទេសម៉ារ៉ុក និងកីឡា​ករ​ឡាវ

0
1880

ភ្នំពេញ ៖ កីឡាករព្រំ សំណាង អ្នកប្រដាល់កងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ ឡើងសាកវិជ្ជាគុនជាមួយ​កីឡាករមកពីប្រទេសម៉ារ៉ុកឈ្មោះOuach Nabil ខណៈកីឡាករវៀត ប៊ុនឌឿន អ្នកប្រដាល់នៃសមាគន៍កីឡាប្រដាល់ក្រសួងការពារជាតិ ត្រូវជួបប្រកួតជាមួយ​កីឡា​ករ​ឡាវចៅសងមឿង ស៊ីត.គ្រូលែ នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី២៣ ខែមីនា ឆ្នាំ២០១៩នេះ។

កីឡាករព្រំ សំណាង ជួបជាមួយកីឡាករមកពីប្រទេសម៉ារ៉ុកឈ្មោះOuach Nabil ក្នុងប្រភេទទម្ងន់ធ្ងន់គឺ​៧៥​គី​ឡូ​ក្រាម រវាងអ្នកទាំងពីរមិនទាន់មានប្រភពណាបញ្ជាក់ថាពួកគេធ្លាប់ជួបគ្នាទេកន្លងមក ហើយ​មិនទាន់ដឹងថាកីឡាករមកពីប្រទេសម៉ារ៉ុកឈ្មោះOuach Nabil ម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុនណានោះដែរ តែកីឡាករម្នាក់នេះហាត់នៅប្រទេសថៃដូចនេះពួក​គេខ្លាំង​ខាងស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។

ចំណែកព្រំ សំណាង បច្ចប្បន្នគេជាកីឡាករដែលមាន​ស្នៀត​ប្រយុត្តិល្អ គឺពេលវាយសំ​ណាងគ្រាន់តែលើកជើងធាក់ ក៏គូប្រកួតពិបាកទប់ដែរពិសេសស្នៀត​ដាល់ត្រង់ៗ និងស្នៀតកែង​វាយទៅលើ គូប្រកួតដែលប្រកបដោយគ្រោះថ្នាក់បំផុត។ ការ​ប្រ​កួតកន្លងមកបើទោះ​បីព្រំ សំណាង ការដាល់​របស់គេមិន​អស្ចារ្យ​ក៏ពិតមែន ប៉ុន្តែ សំ​ណាង​មាន​កាយសម្បទាល្អ ខ្ពស់ ដៃជើងវែង ដែល​ជា​ការអំ​ណោ​យ​ផលដល់ការប្រកួតណាស់។ ចាំមើលព្រំ សំណាង និងកីឡាករOuach Nabil នេះនរណាជាអ្នកឈ្នះ?។

ដោយឡែកកីឡាករ​ ប៊ុនឌឿន ត្រូវជួបជាមួយកីឡាករ​ឡាវចៅសងមឿង ស៊ីត.គ្រូលែ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម កីឡាករទាំងពីរនាក់នេះមិនធ្លាប់ជួបគ្នាទេកាលកន្លងមក តែកីឡាករឡាវម្នាក់នេះធ្លាប់មកប្រកួតនៅស្រុកខ្មែរច្រើនលើកមកហើយមានឈ្នះមានចាញ់ជាមួយកីឡាករកម្ពុជា ស្នៀតខ្លាំងរបស់គេទាត់កាត់ និងជង្គង់ ដែលអាចប្រើប្រយោលក៍បានចូលគៀកក៍បាន។

ចំណែកកីឡាករវៀត ប៊ុនឌឿន គេជាកីឡាករមិនខ្លាំងណាស់ណាទេតែក៍មិនខ្សោយណាស់ណាដែរ គេជាអ្នកប្រដាល់មួយរូបលំបាកបង្ក្រាបហើយក៏ មិនព្រមចុះចាញ់គូប្រកួតដោយងាយស្រួលៗនោះដែរ ព្រោះគេមានចិត្តប្រដាល់ធំ ហើយចេះប្រើបានគ្រប់ស្នៀត បើទោះ​បីជាគេមិនខ្លាំងស្នៀតណាដោយពិតប្រាកដក៍ដោយ ការប្រកួតរវាងវៀត ប៊ុនឌឿន និងកីឡាករ​ឡាវចៅសងមឿង ស៊ីត.គ្រូលែ ត្រូវអ្នកតាមដានប្រដាល់លើកឡើងថា គូនេះសង្ឃឹ​មហាសិបភាគរយម្នាក់ប៉ុណ្ណោះ។ ចាំមើលវៀត ប៊ុនឌឿន ជាអ្នកឈ្នះឬកីឡាករ​ឡាវចៅសង​មឿង ស៊ីត.គ្រូលែ?៕

Facebook Comments
Loading...