ក្រុមការងារជំនាញដើម្បីជួយពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរ ណ៍ខេត្តព្រះសីហនុ» មានចំនួន៥ក្រុម

0
1090

ភ្នំពេញ ៖ ក្រុមការងារជំនាញដើម្បីជួយពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរ ណ៍ខេត្តព្រះសីហនុ» មានចំនួន៥ក្រុម ដើម្បីជួយពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍ទេស ចរណ៍នៅក្នុងខេត្តព្រះសីហនុ ពិសេសនៅក្រុងព្រះសីហនុ កោះរ៉ុង និងកោះរ៉ុងសន្លឹម។

ប្រភពពីក្រសួងទេសចរណ៍បានឲ្យដឹងថា ក្រុមការងារជំនាញដើម្បីជួយពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ មានចំនួន៥ក្រុម ក្នុងនោះរួមមាន ១ក្រុមការងារជំរុញចលនាទីក្រុងស្អាត ២ក្រុមការងារពង្រឹងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ៣ ក្រុមការងារពង្រឹងការគ្រប់គ្រងឆ្នេរ ៤. ក្រុមការងារជំរុញបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ ៥ ក្រុមការងារពិនិត្យ និងរៀបចំកែសម្រួលរចនាសម្ពន្ធគ្រប់គ្រងរបស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ដែលត្រូវបានបង្កើតឡើងតាមរយៈប្រកាសរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីជួយពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍នៅក្នុងខេត្តព្រះសីហនុ ពិសេសនៅក្រុងព្រះសីហនុ កោះរ៉ុង និងកោះរ៉ុងសន្លឹម។

បន្ទាប់សេចក្ដីរាយការណ៍របស់មន្ត្រីជំនាញរួចមក លោករដ្ឋមន្ត្រី ថោង ខុន បានណែនាំនូវអនុសាសន៍មួយចំនួនរួមមាន៖ ត្រូវពន្លឿនការងាររៀបចំស្លាកសញ្ញានៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍នានា ក្នុងខេត្តព្រះសីហនុ ឱ្យបានចប់សព្វគ្រប់ក្នុងឆ្នាំ២០១៩នេះ ពោលគ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវសរសេរឈ្មោះជាអក្សរខ្មែរឱ្យធំៗ ហើយត្រូវដាក់នៅជួរលើគេបង្អស់ បន្ទាប់មកនៅជួរកណ្ដាលត្រូវសរសេរជាអក្សរអង់គ្លេស ដែលមានទំហំពាក់កណ្ដាលអក្សរខ្មែរ ហើយជួរក្រោមបង្អស់ម្ចាស់អាជីវកម្មអាចសរសេរជាអក្សរចិនក៏បាន បារាំង ថៃ ជប៉ុន ឬអក្សរកូរ៉េក៏បាន ទៅតាមចំណង់ចំណូលចិត្តរបស់ម្ចាស់មូលដ្ឋានអាជីវកម្ម។

លោកបន្តថា ត្រូវពន្លឿនការរៀបចំឱ្យមាន «ការទូទាត់ការចំណាយសម្រាប់ភ្ញៀវទេសចរ តាមរយៈប្រព័ន្ធបង់ប្រាក់នៅលើទូរស័ព្ទដៃទំនើប ឬហៅថា Mobile App» ឱ្យបាននៅក្នុងឆ្នាំ២០១៩នេះ ដើម្បីផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ ដែលមកទស្សនានៅប្រទេសកម្ពុជា។
ត្រូវបន្តពង្រឹងការយកចិត្តទុកដាក់ទៅលើបញ្ហាអនាម័យ សំរាម បរិស្ថាន សន្តិសុខ សណ្ដាប់នៅក្នុងខេត្តព្រះសីហនុឱ្យបានល្អប្រសើរ ពិសេសគឺការទប់ស្កាត់ទឹកកខ្វក់ហូរចូលទឹកសមុទ្រ ការសម្អាតឆ្នេរទាំងឡាយឱ្យបានស្អាតជាប់ប្រចាំថ្ងៃ។ ត្រូវពន្លឿនការរៀបចំឱ្យមានការចុះបញ្ជី ការសុំអាជ្ញាបណ្ណ ការបន្តអាជ្ញាបណ្ណអាជីវកម្មទេសចរណ៍ នៅលើប្រព័ន្ធអនឡាញឱ្យលឿនបំផុត ដើម្បីសម្រួលដល់ការចុះបញ្ជីរបស់អាជីវករ ក៏ដូចជាការសុំ និងបន្តអាជ្ញាបណ្ណទេសចរណ៍ជាដើម។ ត្រូវរៀបចំការិយាល័យគ្រប់គ្រងឆ្នេរនៅលើកោះរ៉ុង និងបញ្ជរព័ត៌មានទេសចរណ៍ឱ្យបានច្រើននៅក្នុងខេត្តព្រះសីហនុ។ ខិតខំធ្វើការបន្តទៀតជាមួយអាជ្ញាធរខេត្ត មន្ទីរទេសចរណ៍ខេត្ត ត្រូវបន្ថែមបុគ្គលិកធ្វើការងារបន្ថែមទៀត នៅក្នុងមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។ ត្រូវរៀបចំឱ្យមានបង្គន់អនាម័យសាធារណៈ ដោយភ្ជាប់ជាមួយបញ្ជរព័ត៌មានទេសចរណ៍ឱ្យបានគ្រប់គ្រាន់ និងត្រូវយកចិត្តទុកដាក់ចំពោះការសម្អាតអនាម័យ ក្នុងបង្គន់សាធារណៈឱ្យបានស្អាតជាប្រចាំ។

ក្រោយពីណែនាំការងារទាំងឡាយខាងលើហើយ លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា គ្រប់សកម្មភាពការងារទាំងអស់ ត្រូវរៀបចំឱ្យមានជាយុទ្ធសាស្ត្រ ឬផែនការការងារឱ្យបានច្បាស់លាស់ និងត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព ដើម្បីចូលរួមជំរុញការអភិវឌ្ឍខេត្តព្រះសីហនុនេះ ឱ្យក្លាយជាតំបន់ទេសចរណ៍ទំនើបមួយ នាពេលអនាគត។

មួយវិញទៀត លោករដ្ឋមន្ត្រីក៏បានដាស់តឿនជំរុញឱ្យអាជ្ញាធរខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ និងក្រុមការងារទាំង៥ខាងលើ ត្រូវខិតខំបំពេញការងារតាមផ្នែករៀងៗខ្លួនឱ្យបានត្រឹមត្រូវ ដើម្បីត្រៀមទទួលរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅឆ្នាំ២០២០ ឱ្យបានអធិកអធ័មជាងឆ្នាំមុនៗ៕

Facebook Comments
Loading...