បន្ទាប់ពីពិព័រណ៍ទេសចរណ៍អន្តរជាតិនៅប្រទេសវៀតណាម កម្ពុជាមានការជឿជាក់ថា គោលដៅទេសចរណ៍ជាច្រើនរបស់ខ្លួន កាន់តែត្រូវបានអន្តរជាតិចាប់អារម្មណ៍ខ្លាំងឡើងៗបន្ថែមទៀត

0
1063

ភ្នំពេញ ៖ កម្ពុជាមានការជឿជាក់ថា គោលដៅទេសចរណ៍ជាច្រើនរបស់ខ្លួន កាន់តែត្រូវបានអន្តរជាតិចាប់អារម្មណ៍ខ្លាំងឡើងៗបន្ថែមទៀត នាឱកាសពិព័រណ៍ទេសចរណ៍អន្តរជាតិ (TRAVEX) ក្រោយពីបានចូលរួមផ្សព្វផ្សាយកាន់តែទូលំទូលាយ អំពីគោលដៅទេសចរណ៍ជាច្រើន នៅក្នុងព្រឹត្តិការណ៍ជាតិ-អន្តរជាតិតូចធំនានា ដែលទើបធ្វើឡើងនៅប្រទេសវៀតណាម។

ប្រភពពីក្រសួងទេសចរណ៍បានឲ្យដឹងថា ការចូលរួមផ្សព្វផ្សាយពីផលិតផលទេស​ចរណ៍ នៅក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិខាងលើនេះ ត្រូវបានធ្វើឡើងនាឱកាសលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ក្រុមសិល្បៈរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមហ៊ុនឯកជន ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីទេសចរណ៍អាស៊ានលើកទី២២ ដែលធ្វើឡើងស្របពេលជាមួយគ្នានឹងវេទិកាទេសចរណ៍អាស៊ាន លើកទី៣៨ ចាប់ពីថ្ងៃទី១៦-១៨ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងហាឡុង ខេត្តក្វាងនីង ប្រទេសវៀតណាម។

ក្រសួងទេសចរណ៍ បានឱ្យដឹងទៀតថា «ពិព័រណ៍ទេសចរណ៍អន្តរជាតិ» គឺជាពិព័រណ៍ទេសចរណ៍អន្តរជាតិដ៏ធំមួយនៅអាស៊ាន ដែលបានបង្កើតឡើងដើម្បីទិញ-លក់កញ្ចប់ទស្សនកិច្ច និងសេវាកម្មទេសចរណ៍ ផ្លាស់ប្ដូរ ចែករំលែកបទពិសោធន៍ និងបង្កើតភាពជាដៃគូក្នុងធុរកិច្ចទេសចរណ៍ជាមួយគ្នា សំដៅអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងតំបន់អាស៊ាន ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ នាឆ្នាំ២០១៩ នេះផងដែរ គេសង្កេតឃើញមានស្ដង់ជាង ៣០០ស្ដង់ មានអ្នកចូលរួមជិត ១,៥០០នាក់ មកពី ៥២ប្រទេស ក្នុងនោះមានអ្នកលក់ចំនួន ៦៤០នាក់ អ្នកទិញ (Buyers) ៣៦២នាក់ អ្នកសារព័ត៌មាន (Media) ១៤៥នាក់ ប្រតិភូចូលរួមប្រជុំ ៣៤០នាក់ និងប្រតិភូផ្សេងៗទៀតចំនួន ១៦២នាក់។

ក្រសួងទេសចរណ៍បានចូលរួមតាំងបង្ហាញផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ដ៏ទាក់ទាញមានវប្បធម៌ និងធម្មជាតិ ដោយមានក្រុមហ៊ុនទេសចរណ៍ចូលរួមចំនួន ១២ក្រុមហ៊ុន ក្នុងនោះមានសណ្ឋាគារចំនួន៨ ទីភ្នាក់ងារទេសចរណ៍ចំនួន៣ និងក្រុមហ៊ុនទូកទេសចរណ៍ចំនួន១ រួមជាមួយសិល្បការិនីបុរាណ ៣រូប មកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីធ្វើការផ្សព្វផ្សាយវប្បធម៌ ប្រពៃណីដ៏ផូរផង់របស់កម្ពុជា។

​ក្នុងរយៈពេល៣ថ្ងៃ នៃព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ TRAVEX ប្រតិភូក្រសួងទេសចរណ៍បាននជួបពិភាក្សាការងារ ផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានជាមួយនឹងធុរជន វិនិយោគិន សារព័ត៌មាន និងអ្នកជំនាញទេសចរណ៍ជាច្រើន សំដៅជំរុញទេសចរ និងវិនិយោគិនមកទស្សនា និងបណ្ដាក់ទុននៅកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត ក្នុងនោះពន្លាក្រសួងទេសចរណ៍បានទទួលស្វាគមន៍ភ្ញៀវចូលទស្សនាជាង ១០០០នាក់។

លោក ប្រាក់ វុទ្ធី ប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ក៏បានធ្វើបទបង្ហាញទៅដល់អ្នកសារព័ត៌មានអន្តរជាតិ នៅក្នុងកម្មវិធី Media Briefing អំពីវឌ្ឍនភាពនៃគោលដៅទេសចរណ៍ ផលិតផលទេសចរណ៍ថ្មីៗ ស្ថិតិទេសចរឆ្នាំ២០១៨ និងព្រឹត្តិការណ៍ទេសចរណ៍អន្តរជាតិថ្មីៗ ដែលកម្ពុជាគ្រោងនឹងរៀបចំនៅឆ្នាំ២០១៩ ឆ្នាំ២០២០ និងឆ្នាំ២០២១ ក្នុងនោះកម្ពុជាក៏មានការផ្សព្វផ្សាយអំពីកម្ពុជា គឺជាម្ចាស់ផ្ទះនៃការរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២១ និងពិព័រណ៍ទេសចរណ៍អន្តរជាតិ TRAVEX ផងដែរ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់រៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២១ ឲ្យកាន់តែជោគជ័យ និងប្រសើឡើងបន្ថែមទៀត៕

Facebook Comments
Loading...