លោកថោង ខុន ដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសច រណ៍អាស៊ានបូកបី(ចិន ជប៉ុន និងកូរ៉េ)លើកទី១៨ នៅទីក្រុងហាឡុង ប្រទេសវៀតណាម

0
1095

ភ្នំពេញ ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េ) លើកទី១៨ នៅទីក្រុងហាឡុង ប្រទេសវៀតណាមថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នាឱកាសនៃវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០១៩ (ASEAN Tourism Forum 2019 ) ក្រោមប្រធានបទ អាស៊ាន៖ អានុភាពតែមួយ (ASEAN: The Power of One)។

ប្រភពពត៍មានពីក្រសួងទេសចរណ៍បានឲ្យដឹងថា ក្នុងការចូលរួមវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០១៩នេះ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា ក៏បាន​ឆ្លៀតឱកាស​ថ្លែងអំណរគុណដល់​ប្រទេសបូកបី រួមមាន ចិន ជប៉ុន និងកូរ៉េ សម្រាប់​កិច្ច​សហប្រតិបត្តិការ និងការគាំទ្រដ៏ល្អកន្លងមកចំពោះកម្ពុជា ព្រមទាំងបានស្នើសុំឲ្យបន្តកិច្ចសហប្រតិបត្តិការនេះតទៅមុខទៀត។

លោករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណ​ដល់ប្រទេសចិន ដែលបានគាំទ្រ​គម្រោងអភិវឌ្ឍ​ទេសចរណ៍​នៅ​កម្ពុជា​ ជាពិសេសការជួយគាំទ្រការអនុវត្តសៀវភៅស ស្តីពី China Ready និងគំរោងអភិវឌ្ឍទេសចរណ៍ផ្សេងៗទៀត ក្រោម​កិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង​។

ក្នុងនោះផងដែរ លោកបណ្ឌិតរដ្ឋមន្ត្រី​ ថោង ខុន ក៏បានជម្រាប​ជូន​អង្គប្រជុំ​ផងដែរអំពី​ការ​អញ្ជើញ លោក​ ឡ ស៊ូកាង រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​ទេសចរណ៍នៃ​សាធារណៈរដ្ឋប្រជាមានិតចិន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់​ពីថ្ងៃ​ទី២៧ ដល់ ៣១ ខែមករា ឆ្នាំ២០១៩ខាងមុខនេះ ហើយ​ក្រសួង​ទេសចរណ៍​កម្ពុជា​នឹងសហការជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រមទាំងភាគីចិន​ រៀបចំទិវាឆ្នាំ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា-ចិន នៅថ្ងៃ​ទី៣០ ខែ​មករា ឆ្នាំ​២០១៩ រាជធានីភ្នំពេញ ជាលើកដំបូង បន្ទាប់ពីចិនបានបង្កើតក្រសួងវប្បធម៌ និងទេសចរណ៍របស់ខ្លួន។

លោករដ្ឋមន្រ្តី ថោង​ ខុន ក៏បានអញ្ជើញប្រទេសបូកបី ចូលរួមនិងសហការរៀបចំសន្និសីទអន្តរជាតិអាស៊ានបូកបី ស្តីអំពីការសម្រួលការធ្វើដំណើរ និងទិដ្ឋាការ ដោយគ្រោងនឹងរៀបចំឡើងនៅកម្ពុជា អំឡុងខែមិថុនា ឆ្នាំ២០១៩។

ប្រភពដដែលបានឲ្យដឹងទៀតថា រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបីបានអបអរសាទរ ចំពោះកំណើនទេសចរមកទស្សនាតំបន់អាស៊ានបូកបី ឆ្នាំ២០១៨ មានចំនួន ១៩១.៥លាននាក់ (តាមទិន្នន័យបឋម)។ កិច្ចប្រជុំក៏បានពិនិត្យអំពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ានបូកបី ជាពិសេសការអនុវត្តផែនការសកម្មភាព​សហប្រតិបត្តិការទេសចរណ៍អាស៊ានបូកបី ២០១៨ -២០២០ ដោយសម្រេចបានលទ្ធផលចម្បងដូចខាងក្រោម១៖ អបអរសាទរចំពោះលទ្ធផល នៃសន្និសីទអាស៊ានបូកបី ស្ដីអំពីការបកស្រាយ​បេតិភណ្ឌធម្មជាតិ និងវប្បធម៌ សំដៅពង្រឹងគុណភាពសេវានាំភ្ញៀវ និង​សេចក្ដីពេញចិត្តរបស់​ទេសចរ ដែលបានរៀបចំឡើង កាល​ពីថ្ងៃ​ទី៦-៨ ខែមីនា ឆ្នាំ២០១៨ នៅសៀមរាបអង្គរ ប្រទេសកម្ពុជា។ ២៖ អបអរសាទរសិក្ខាសាលាវិនិយោគទេសចរណ៍អាស៊ាន-កូរ៉េ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ នៅប្រទេសកូរ៉េ។ ៣៖ កិច្ចប្រជុំកំពូល​យុវជន​ទេស​ចរណ៍​អាស៊ានបូកបី កាលពីថ្ងៃទី១៨-២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសហ្វីលីពីន។

ជាងនេះទៅទៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានថ្លែងអំណរគុណដល់ប្រទេសចិន ដែលបានគាំទ្រដល់សមាជិកអាស៊ាន តាមរយៈសកម្មភាពកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ានចិននានាជាច្រើន ក្នុងអំឡុងឆ្នាំ២០១៨កន្លងមក​ ជាពិសេសការរៀបចំតាំងពិព័ណ៌អាស៊ាន-ចិន នាថ្ងៃទី១២-១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងណាននីង ព្រមទាំងបានគាំទ្រដល់ប្រទេសសមាជិកអាស៊ាន ក្នុងការចូលរួមវាពិព័ណ៌ទេសចរណ៍អន្តរជាតិចិន (CITM) ឆ្នាំ២០១៨។

រដ្ឋមន្ត្រីទេសចរណ៍អាស៊ានក៏បានសំដែងការអរគុណផងដែរ ដល់ប្រទេសជប៉ុនចំពោះសកម្មភាពជាច្រើនក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន នាឆ្នាំ២០១៨កន្លងមក ក្នុងនោះរួមមាន ការរៀបចំសិក្ខាសាលា និងសន្និសីទនានា ការជួយផ្សព្វផ្សាយទេសចរណ៍តាមនាវាសមុទ្រ (Cruise Tourism) ព្រមទាំងការតាំងពិព័ណ៌ទេសចរណ៍អាស៊ាន-ជប៉ុនផ្សេងៗ។
រដ្ឋមន្ត្រីទេសចរណ៍អាស៊ានក៏បានសំដែងអំណរគុណដល់ប្រទេសកូរ៉េ ចំពោះការគាំទ្រផ្សព្វផ្សាយ ពិធីបុណ្យទេសចរណ៍វប្បធម៌ក្នុងប្រទេសអាស៊ាន និងជម្រុញគាំំទ្រទេសចរណ៍សហគមន៍ តាមរយៈកម្មវិធីអភិវឌ្ឍធនធានមនុស្ស និងការរៀបចំសិក្ខាសាលានានា។ សូមជម្រាបជូនផងដែរថា​ ឆ្នាំ២០១៨ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ៦.២លាននាក់ កើនឡើង១១% ក្នុងនោះទេសចរចិនមានចំនួនប្រមាណ ១.៩លាននាក់ កើនឡើង ៧០%, ទេសចរកូរ៉េមានចំនួន៣០ម៉ឺននាក់ និងទេសចរជប៉ុនចំនួន២១ម៉ឺននាក់៕

Facebook Comments
Loading...