លោកសុខ សម្បត្តិ ចុះពិនិត្យការដ្ឋានដាក់ប្រព័ន្ធលូនៅក្នុងសង្កាត់គោករកា

0
1421

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ នេះលោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងមន្ត្រីក្រោមឱវាទបានចុះពិនិត្យប្រព័ន្ធលូស្ថិតនៅក្នុងភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលជាគម្រោងអនុវត្តដោយមន្ទីរសាធារណៈការរាជធានីភ្នំពេញ បានដំណើរការកសាងយ៉ាងសស្រាក់ស្រាំ ដើម្បីរំដោះទឹកចេញពីមូលដ្ឋាន ដែលតែងតែទទួលរងនូវការការលិចលង់ជារៀងរាល់ឆ្នាំនៅរដូវវស្សានោះ។

ក្នុងឱកាសចុះពិនិត្យ ការដ្ឋានដាក់ប្រព័ន្ធលូនៅក្នុងភូមិអណ្តូង សង្កាត់គោករកា នេះ លោក សុខ សម្បត្តិ បានលើកឡើងថា ប្រព័ន្ធលូគឺជាមធ្យោបាយដែលមិនអាចខ្វះបានសម្រាប់បងប្អូនដែលរស់នៅរាជធានីភ្នំពេញ នៅតំបន់ណាដែលគ្មានប្រព័ន្ធលូ តំបន់នោះនឹងទទួលរងការលិចលង់ជាមិនខាន។

លោកអភិបាលខណ្ឌ បញ្ជាក់ថាលូទាំងនេះ មានសារៈសំខាន់បំផុតក្នុងការរំដោះទឹកចេញពីភូមិភូមិអណ្ដូង ហើយប្រព័ន្ធលូនេះ នឹងនាំទឹកចេញពី តំបន់នេះទៅកាន់ប្រលាយមេ ដែលស្ថិតនៅតាមបណ្ដោយផ្លូវកប់ស្រូវ ដើម្បីហូរធ្លាក់ទៅស្ថានីយបូមទឹកទួលសំពៅ និង១ចំណែកទៀតហូរចាក់ទៅប្រឡាយមេ ឆ្ពោះទៅកាន់បឹងតាមោគតែម្តង។

នេះជាប្រព័ន្ធលូថ្មី ដែលតភ្ជាប់ជាមួយប្រឡាយ១ខ្សែដែលសាលាខណ្ឌព្រែកព្នៅ បានកាយកាលពីឆ្នាំទៅដើម្បីរំដោះទឹក ពីតំបន់លិចលង់ខាងលើ និងតំបន់១ចំនួនទៀតមកពី ភូមិសាស្ដ្រ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យដែលស្ថិតនៅជាប់នឹងសង្កាត់គោករកា នៅពេលដែលប្រព័ន្ធលូនេះបានស្ថាបនារួចរាល់ វានឹងអាចកាត់បន្ថយបានច្រើនមិនឲ្យមានការលិចលង់ដូចពេលមុនៗទៀតឡើយ៕

Facebook Comments
Loading...