ទូកចែវនារីឈ្មោះព្រះពៃស្រពណ៌ បានការឧបត្ថម្ភពីសហភាពអឺរ៉ុប នៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ឆ្នាំ២០១៨

0
1848

ភ្នំពេញ ៖ សហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភទូកចែវនារីមួយគ្រឿងដើម្បីចូលរួមនៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និង សំពះព្រះខែ ដែលប្រារព្ធធ្វើឡើងក្នុងរាជធានីភ្នំពេញ ចាប់ថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការឧបត្ថម្ភនេះផ្តល់ជាសម្ភារៈ និងអាហារសម្រាប់ក្រុមកីឡាករទូកចែវនារីឈ្មោះព្រះពៃស្រពណ៌ ដោយមានកីឡាករនារីចំនួន៤២ នាក់ មកពីភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ សហភាពអឺរ៉ុប ក៏ឧបត្ថម្ភការស្នាក់នៅ និងការហាត់សមរបស់ទូកចែវនារី ព្រះពៃស្រពណ៌មុនពេលចូលប្រកួតផងដែរនៅក្នុងព្រឹត្តិការណ៍ដែលមានរយៈពេលបីថ្ងៃនេះ។

ឯកអគ្គរដ្ឋទូត George Edgar ប្រធានប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា “ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា សហភាពអឺរ៉ុប មានសេចក្តីរីករាយយ៉ាងខ្លាំងដែលបានគាំទ្រប្រពៃណីវប្បធម៌ដ៏សំខាន់នេះរបស់ប្រទេសកម្ពុជា ព្រមទាំងកិច្ចខិតខំប្រឹងប្រែងនានាដើម្បីឲ្យស្ត្រីនៅមូលដ្ឋានក្នុងប្រទេសកម្ពុជាបានចូលរួមការអភិវឌ្ឍដើម្បីភាពស្មើគ្នាក្នុងសង្គម”។

ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និង សំពះព្រះខែ ក៏ជាផ្នែកមួយយ៉ាងសំខាន់ផងដែរនៅក្នុងវប្បធម៌របស់ប្រទេសកម្ពុជា ហេតុនេះ ព្រះរាជពិធីនេះមានសារៈសំខាន់ជាពិសេសសម្រាប់យើងនៅឆ្នាំនេះ ពីព្រោះថា ឆ្នាំនេះត្រូវបានជ្រើសរើសជាឆ្នាំនៃកេរដំណែលវប្បធម៌អឺរ៉ុប។

ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និង សំពះព្រះខែ គឺជាព្រឹត្តិការណ៍វប្បធម៌ប្រចាំឆ្នាំធំបំផុតរបស់ប្រទេសកម្ពុជា ដោយទាក់ទាញមនុស្សរាប់លាននាក់មករាជធានីភ្នំពេញ។ ជាផ្នែកមួយនៃការឧបត្ថម្ភរបស់យើង សហភាពអឺរ៉ុប ក៏ឆ្លៀតយកឳកាសដ៏ពិសេសនេះដើម្បីជួយផ្សព្វផ្សាយសារអំពីអំពើហិង្សាលើស្ត្រី និងកុមារី។ អាវយឺតដែលពាក់ដោយកីឡាករនារី មានសារសរសេរថា “និយាយថា ទេ ចំពោះអំពើហិង្សាលើស្ត្រី”។

សហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា មានមោទនភាពគាំទ្រគម្រោងនានាដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា។ គម្រោងនានាដែលឧបត្ថម្ភដោយសហភាពអឺរ៉ុប ចាប់ពីវិស័យនេសាទ អប់រំ កសិកម្ម ការប្រែប្រួលអាកាសធាតុ ជំនួយពាក់ព័ន្ធនឹងពាណិជ្ជកម្ម រហូតដល់ការលើកកម្ពស់អភិបាលកិច្ចល្អ និងសិទ្ធិមនុស្ស កំពុងតែផ្តល់ប្រយោជន៍ដល់ប្រជាជនកម្ពុជារាប់លាននាក់។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ មន្ត្រីព័ត៌មាន៖ អ្នកស្រី ពូន ប៉ុក  ទូរសព្ទ៖ +៨៥៥២៣ ២១៦៩៩៧ អ៊ីមែល៖ [email protected] អ្នកប្រឹក្សាសហភាពអឺរ៉ុប៖ លោក ហោ ភាហុង ទូរសព្ទ៖ +៨៥៥ ៧០  ៥១១ ៥១១ អ៊ីមែល[email protected]

Facebook Comments
Loading...