ភ្នំពេញ ៖ ជនសង្ស័យចំនួន០១នាក់ ត្រូវបានកម្លាំងប៉ុស្តុ៍នគរបាលរដ្ឋបាលព្រែកព្នៅ ធ្វើការឃាត់ខ្លួន ក្នុងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវលំ ស្ថិតក្នុងភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនសង្ស័យក្នុងករណីនេះឈ្មោះ ង្វៀង យ៉ាំងជ័រ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សម្ភារៈដកហូត ១.សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ២.ដាវដែកកែច្នៃ ដងដែករុំស្កុតពណ៌ខ្មៅ ប្រវែងប្រាំតឹក ចំនួន ០១ដើម។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១៥ និង៣០នាទី កម្លាំងប៉ុស្តុ៍នគរបាលរដ្ឋបាលព្រែកព្នៅ បានចេញល្បាតក្នុងភូមិសាស្ត្រ លុះដល់ត្រង់ចំណុចកើតហេតុ មានប្រជាពលរដ្ឋមករាយការណ៍ថា មានជនសង្ស័យចំនួន ០១នាក់ កំពុងប្រើប្រាស់គ្រឿងញៀន និងមានអាវុធកែច្នៃនៅក្នុងដៃ ភ្លាមនោះកម្លាំងសមត្ថកិច្ចយើងក៏ចុះទៅដល់ត្រង់ចំណុចកើតហេតុ ឃើញជនសង្ស័យកំពុងប្រើប្រាស់គ្រឿងញៀន និងមានដាវកែច្នៃនៅក្បែរ ពេលនោះកម្លាំងយើងក៏ធ្វើការឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាង យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅ ធ្វើការសាកសួរ និងបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់៕