ភ្នំពេញ ៖ កីឡាករទម្ងន់ធ្ងន់ ព្រំ សំណាង អ្នកប្រដាល់នៃក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ និងកីឡាករឃុន ឌីម៉ា អ្នកប្រដាល់របស់ក្លិបកងរាជអាវុធហត្តរាជធានីភ្នំពេញបន្ទាប់ពីបាត់មុខពីសង្វៀននេះមួយរយៈដូចគ្នាមក ត្រូវបានគេផ្គូរផ្គងឲ្យជួបជាមួយកីឡាករថៃភិតសាណាន់ ប្រានសងហុក និងកីឡាករថៃក្រៀងក្រៃ ត.សិលាឆ័យ ដើម្បីសាកវិជ្ជាគុន នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨នេះ នៅលើសង្វៀនស៊ីអិនស៊ី។
កីឡាករព្រំ សំណាង បន្ទាប់ពីបាត់មុខពីសង្វៀននេះមួយរយៈមក ពេលនេះត្រូវឡើងជួបជាមួយកីឡាករថៃភិតសាណាន់ ប្រានសងហុក ក្នុងប្រភេទទម្ងន់៧៨គីឡូក្រាម។ កីឡាករថៃម្នាក់នេះគេអ្នកប្រដាល់ជោគជាំនៅសង្វៀនប្រទេសថៃ ទោះជាយ៉ាងនេះក្តីកីឡាករថៃកម្រមានគីឡូធ្ងន់ហើយនៅមានវិជ្ជាគុនខ្លាំងដូចមុនណាស់ កីឡាករថៃភាគច្រើនពួកគេពូកែស្នៀតជើងទាត់កាត់ ជង្គង់។
ចំណែកកីឡាករព្រំ សំណាង បោះទោះជាគេបាត់មុខពីសង្វៀនមួយរយៈ ហើយស្នៀតប្រដាល់របស់គេមិនអស្ចារ្យក៏ពិតមែន ប៉ុន្តែ សំណាងមានកាយសម្បទាល្អ ខ្ពស់ ដៃជើងវែង ដែលជាការអំណោយផលដល់ការប្រកួត។ ការប្រកួតរាល់លើករបស់ព្រំ សំណាង គ្រាន់តែលើកជើងធាក់ ក៏គូប្រកួតពិបាកទប់ដែរពិសេសស្នៀតដាល់ត្រង់ៗ និងស្នៀតកែងវាយទៅលើគូប្រកួតតែម្តង។ ចាំមើលព្រំ សំណាង ជាអ្នកឈ្នះឬកីឡាករថៃភិតសាណាន់ ប្រានសងហុក?។
ដោយឡែកការជួបគ្នារវាងឃុន ឌីម៉ា និងកីឡាករថៃក្រៀងក្រៃ ត.សិលាឆ័យ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣.៥កីឡូក្រាម កីឡាករឃុន ឌីម៉ា ក៍បាត់មុខមួយរយៈផងដែរដោយសាររបួស កាលដែលគេកំពុងតែឡើងកូដខ្លាំង សម្រាប់ការប្រកួតក្បាច់ខ្មែរបុរាណក្នុងស្រុក ឌីម៉ាគេមិនសូវបានឡើងប្រកួតឡើយ ដោយសារគ្មានដៃគូប្រកួតជាមួយ។
បើទោះជាខានប្រកួតយូរក៍ពិតមែនតែឃុន ឌីម៉ា ជើងខ្លាំងរបស់កម្ពុជាម្នាក់នេះមិនជាងាយស្រួលឲ្យគូរប្រកួតយកឈ្នះដោយងាយៗនោះឡើយ។ ការប្រកួតកន្លងមកស្នៀតខ្លាំងរបស់ឃុន ឌីម៉ា គែពូកែគ្រប់ស្នៀតតែម្តង ស្នៀតជើងទាត់ ជង្គង់ កណ្តាប់ដៃ និងកែង ដែលអាចវាយប្រយោលចូលកៀកក៍បាន។ តែទោះជាយ៉ាងណា ឃុន ឌីម៉ា មិនអាចមើលស្រាលអ្នកប្រដាល់ថៃរូបនេះបានឡើយព្រោះគេ ក៏ជាជើងឯកម្នាក់ដែរនៅប្រទេសថៃផងដែរ។ដូច្នេះមិនមានអ្នកណាហ៊ានទស្សន៍ទាយពីលត្ថផលមុនឡើយ គ្រាន់តែថាកីឡាករម្ចាស់ស្រុកច្រើនតែមានព្រៀប ជាងកីឡាករជាភ្ញៀវបន្តិចប៉ុណ្ណោះ។ ចាំមើលតើឃុន ឌីម៉ាអាចយកឈ្នះលើកីឡាករថៃក្រៀងក្រៃ ត.សិលាឆ័យ បានដែរឫយ៉ាងណា?៕