ភ្នំពេញ ៖ កីឡាករ ឈុត សេរីវ៉ាន់ថង អ្នកប្រដាល់មកពីក្លិបរ៉ាហ៊ូកីឡាខេត្តបាត់ដំបង កីឡាករថៃភិតប៊ុនមី ប៉.យុទ្ធភូមិ ខណៈកីឡាករឡុង ជិន អ្នកប្រដាល់របស់ខ្លារខិនមានរិទ្ធ ជួបជាមួយកីឡាករភូតាក់វ៉ាន់ បេឡេបុរីរ៉ាំ ក្នុងការប្រកួតជម្រុះពាន ដើម្បីដណ្តើមរក៣ពិន្ទុរៀងខ្លួន នាថ្ងៃអាទិត្យទី២១ ខែតុលា ឆ្នាំ២០១៨ នៅលើសង្វៀនស៊ីអិនស៊ី។
កីឡាករជើងថ្មី ឈុត សេរីវ៉ាន់ថង ត្រូវជួបជាមួយកីឡាករថៃភិតប៊ុនមី ប៉.យុទ្ធភូមិ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេនៅសង្វៀននេះ កីឡាករថៃភាគច្រើនស្នៀតខ្លាំងរបស់គេជើងទាត់កាត់ និងជង្គង់ ហើយក៍មានកម្លាំងស៊ុហ្វខ្លាំងផងដែរ ចំណែកកីឡាករឈុត សេរីវ៉ាន់ថង គេជាកីឡាករស្រករក្រោយទេ តែមានស្នៀតប្រយុត្តិមិនចាញ់កីឡាករជើងចាស់ប៉ុន្មានឡើយ ស្នៀតប្រកួតរបស់គេគឺខ្លាំងទាំងព្រមតែម្តង តែគេអត់ខាងកម្លាំងស៊ុហ្វបន្តិចប៉ុណ្ណោះ។
រវាងកីឡាករទាំង២នាក់នេះមិនមានអ្នកណាហ៊ានទស្សទាយមុនថាកីឡាករមួយណាជាអ្នកឈ្នះនោះទេ ព្រោះកីឡាករកម្ពុជា ជាអ្នកប្រដាល់ជើងថ្មីដែលទើបចូលប្រឡូកលើសង្វៀន មែនតែគេមានស្នៀតប្រយុត្តិល្អហើយមានចិត្តប្រដាល់ធំថែមទៀត រីឯកីឡាករថៃក៍ពុំទាន់ដឹងថា មានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះដែរ។ ចាំមើលរវាងកីឡាករជើងថ្មី ឈុត សេរីវ៉ាន់ថង និងកីឡាករថៃភិតប៊ុនមី ប៉.យុទ្ធភូមិ នរណាជាអ្នកឈ្នះទទួលបាន៣ពិន្ទុ?។
ដោយឡែកកីឡាករឡុង ជិន ត្រូវជួបជាមួយកីឡាករថៃភូតាក់វ៉ាន់ បេឡេបុរីរ៉ាំ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេនៅសង្វៀននេះ ក្នុងការប្រកួតជម្រុះពានកីឡាករគ្រប់រូបមិនហ៊ានប្រហេស ហើយវាយមើលងាយគូរប្រកួតនោះទេ ព្រោះពួកគេខ្លាចបាត់បង់ឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
កីឡាករឡុង ជិន ជាអ្នកប្រដាល់វ័យក្មេងមានស្នៀតប្រដាល់ល្អ វាយចេញចូលលឿន និងរហ័ស និងមានបច្ចេកទេសក្នុងការប្រកួតល្អដែរ។ មួយទៀត គេវាយរហ័ស ដករហ័ស ចេញចូលលឿន និងមានផ្លែល្អថែមទៀត។ គេជាអ្នកប្រដាល់ស្រករក្រោយទេ តែគេមានស្នៀតប្រដាល់ល្អ ហើយធ្លាប់ផ្ដួលអ្នកប្រដាល់រួមជាតិ ដែលជាជើងខ្លាំងៗច្រើននាក់ហើយ ។ចាំមើលរវាងកីឡាករឡុង ជិន និងកីឡាករថៃភូតាក់វ៉ាន់ បេឡេបុរីរ៉ាំ នរណាជាអ្នកឈ្នះទទួលបាន៣ពិន្ទុ៕