ភ្នំពេញ ៖ កីឡាករវេង សុភ័ក្រ អ្នកប្រដាល់នៃក្លិបកងពលតូចឆ័ត្រយោង៩១១ និងកីឡាករទេស ជីវ៉ា អ្នកប្រដាល់របស់ក្លិបកងពលតូចលេខ៧០ ស្វាគមន៍កីឡាករថៃ ទួនប៉េ ស៊ីតសាមផាយ៉ាក់ និងកីឡាករប្រទេសអ៊ីរ៉ង់Shirkhani Shahap ដើម្បីសាកស្នៀតគុនលើសង្វៀនស៊ីអ៊ិនស៊ី នាថ្ងៃសៅរ៍ទី២០ ខែតុលា ឆ្នាំ២០១៨នេះ។
កីឡាករវេង សុភ័ក្រ ជួបជាមួយកីឡាករថៃ ទួនប៉េ ស៊ីតសាមផាយ៉ាក់ ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម កីឡាករថៃម្នាក់នេះពូកែស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាចផ្តួលគូប្រកួតអោយដួលទាំងជំហ៊។ ចំណែកកីឡាករពូកែខាងប្រើកណ្តាប់ដៃនិងជង្គង់ វេង សុភ័ក្រ ត្រូវបានអ្នកវិភាគប្រដាល់អះអាងថា មានភាគរយឈ្នះច្រើនជាងចាញ់ ពេលជួបជាមួយកីឡាករជនជាតិថៃឈ្មោះទួនប៉េ ស៊ីតសាមផាយ៉ាក់ ព្រោះបច្ចប្បន្ននេះវេង សុភ័ក្រ គេជាអ្នកប្រដាល់ជើងខ្លាំងវ័យក្មេងម្នាក់ដែរ ដែលឡើងប្រកួតកម្រចាញ់គូរប្រកួតណាស់ព្រោះរូបគេ ប្រកួតមិនចេះលាក់ កម្លាំងនិងមានស្នៀតពិសេសដើម្បីផ្តួលដៃគូឲ្យសន្លប់ថែមទៀតផង។
កីឡាករវេង សុភ័ក្រ មានបទពិសោធន៍និងតិចនិកក្នុងការប្រកួតច្រើន ដូចជាកីឡាករជើងចាស់ផងដែរ បើទោះជាគេទើបចូលប្រឡូកវិស័យកីឡាប្រដាល់ក្បាច់ខ្មែរបុរាណក៍ដោយ ការប្រកួតរបស់វេង សុភ័ក្រ កន្លងមកគេមានកណ្តាប់ដៃធ្ងន់ និងរហ័ស ឯកម្លាំងស៊ុហ្វក៏រឹងមាំផងដែរ។ អញ្ចឹងហើយទើបអ្នកស្នេហាកីឡាប្រដាល់ភាគច្រើននៅតែគាំទ្រកីឡាករវេង សុភ័ក្រ ថាគេជាកីឡាករដែលមានសក្តានុពល ហើយមានសមត្ថភាពគួរឱ្យសរសើរ ដោយម្នាក់ៗហាក់សម្តែងនូវទំនុកចិត្តចង់ទស្សនាយ៉ាងខ្លាំងនៅគ្រប់ពេលកីឡាកររូបនេះឡើងរេញប្រកួតម្តងៗនោះ។ ចាំមើលកីឡាករវេង សុភ័ក្រ និងកីឡាករជនជាតិថៃទួនប៉េ ស៊ីតសាមផាយ៉ាក់ នណាជាអ្នកឈ្នះ?។
ដោយឡែកកីឡាករទេស ជីវ៉ា ត្រូវជួបជាមួយកីឡាករប្រទេសអ៊ីរ៉ង់Shirkhani Shahap ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំង២មិនធ្លាប់ជួបគ្នាទេកន្លងមក ហើយមិនទាន់ដឹងថា កីឡាករអ៊ីរ៉ង់ម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះដែរ តែយ៉ាងណាកីឡាករអ៊ីរ៉ង់ម្នាក់នេះគេហាត់ប្រដាល់សេរីនៅប្រទេសថៃ ដូចនេះស្នៀតប្រយុត្តរបស់គេមិនខុសពីកីឡាករថៃប៉ុន្មានឡើយ។
ចំណែកកីឡាករទេស ជីវ៉ា គេពូកែស្នៀតជើងទាត់និងជង្គង់ រីឯកណ្តាប់ដៃនិងកែង វាយចេញមួយក៍ខ្លាំងផងដែរ ហើយអាចវាយប្រយោងក៍បានចូលគៀកក៍បាន ព្រមទាំងមានកម្លាំងស៊ុហ្វខ្លាំងថែមទៀតផង តែយ៉ាងណាទេស ជីវ៉ា គេមានចិត្តប្រដាល់តូចមិនសូវហ៊ានប្តូរជាមួយគូប្រកួតដែលចូលវាយកំញើញខ្លួនឡើយ។ បើទោះជាយ៉ាងនេះក្តីក្នុងជុំនួបគ្នារវាងកីឡាករទាំង២នាក់នេះ បើកីឡាកររូបណាវាយរាងមើលងាយគូប្រកួតនោះ ច្បាស់ជាចាញ់មិនខាន។ ចាំមើលការប្រកួតរវាងកីឡាករទេស ជីវ៉ា កីឡាករប្រទេសអ៊ីរ៉ង់Shirkhani Shahap នរណាជាអ្នកទទួលបានជ័យជំនះ?៕