សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបកម្មករ ១៧,៥០៣ នាក់ នៅក្នុងខេត្តកណ្តាល

0
1241

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីចំនួន ១៧,៥០៣នាក់ មកពីរោង ចក្រ សហគ្រាសចំនួន១២ ដែលពិធីសំណេះសំណាលនេះបានធ្វើឡើង នៅភូមិព្រែកត្រែង២ ឃុំ សំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ រោងចក្រ សហគ្រាសទាំង១២នេះ មានទីតាំងស្ថិត នៅស្រុកគៀនស្វាយចំនួន១០ នៅស្រុកលើកដែកចំនួន១ និងស្រុកស្អាងចំនួន១ ។ រោងចក្រ សហគ្រាសទាំងនេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៦, ផលិតស្រោមដៃស្គីទឹកកកចំនួន១, តម្បាញ១, ផុងសម្លៀកបំពាក់ចំនួន១, ផលិតបរិក្ខាពេទ្យធ្មេញចំនួន១, ផលិតជីកសិកម្មចំនួន១ និងបោកគក់ចំនួន១ ដែលវិនិយោគដោយជនជាតិចិនចំនួន១០, វិនិយោគដោយកូរ៉េចំនួន១ និង វិនិយោគដោយជនជាតិ វៀតណាមចំនួន១ ។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីសប្បាយរីករាយក្រៃលែងដែលបានអញ្ជើញចុះជួប សំណេះសំណាលជាមួយកូនក្មួយកម្មករនៅក្នុងខេត្តកណ្តាលនាពេលនេះ។ សម្តេចតេជោនាយករដ្ឋ មន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះកូនក្មួយទាំងអស់ ដែលបានគោរពស្រលាញ់ សម្តេចតេជោរហូតមក។ ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានអរគុណម្ចាស់រោងចក្រទាំងអស់ ដែលបានអនុញ្ញាតឲ្យកូនក្មួយកម្មករបានឈប់សំរាកនៅល្ងាចថ្ងៃនេះដោយមានប្រាក់ឈ្នួលពេញដែលនេះគឺបានបង្ហាញពីក្តីស្រឡាញ់និងយកចិត្តទុកដាក់ព្រមទាំងសាមគ្គីភាពគ្នារវាងកម្មករ និងម្ចាស់រោង ចក្រ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រំលឹកពីគុណតម្លៃនៃការបង្កើត “ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់” ដែលបានផ្តល់ឱកាសឲ្យគណបក្សនយោបាយដែលបានចូលរួមបោះឆ្នោតកាល ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងមកនេះ ដើម្បីរួមគ្នាពិគ្រោះយោបល់រកចំនុចល្អវិជ្ជមាន យកទៅអនុវត្តន៍ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនថែមទៀត។សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានរំលឹកផងដែរពីគុណតម្លៃនៃនយោបាយ ឈ្នះ-ឈ្នះ ដែលសម្តេចតេជោ បានបង្កើតឡើង ក្នុងការធ្វើសមាហរណកម្មរវាងក្រុមអាវក្រហម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ចប់សង្គ្រាមផ្ទៃក្នុង និងបន្តកសាងអភិវឌ្ឍប្រទេសឲ្យរីកម្រើនដល់សព្វថ្ងៃនេះ។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់សារជាថ្មីម្តងទៀតថា កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ធ្វើពិធីបុណ្យធំដើម្បីរំលឹកដល់ខួប ២០ឆ្នាំនៃការបង្កើតនយោបាយ ឈ្នះ-ឈ្នះ ដែលមានចំនួន ៣ថ្ងៃ គឺនៅថ្ងៃទី២៩,៣០,៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ស្របពេលនៃរៀបចំឆ្លងឆ្នាំសកលនៅទីនោះតែម្តង។

នៅថ្ងែនេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅពេលខាងមុខនេះ សម្តេចតេជោ នឹងអាចលើកលែងទោសដល់អ្នកជាប់ពន្ធនាគារកន្លងមក ដែលការលើកលែងទោសនេះអាចនឹងធ្វើ ឡើងនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ បុណ្យអ៊ុំទូក បុណ្យឯករាជ្យជាតិ និងបុណ្យរំលឹកខួប ២០ឆ្នាំនៃនយោបាយ ឈ្នះ-ឈ្នះ ក្នុងពេលខាងមុខនេះជាដើម។ ការលើកលែងទោសនេះ គឺជាគុណធម៍ និងសមាណចិត្តផ្ទាល់របស់សម្តេច គឺមិនមែនដោយសារការគាបសង្កត់ពីបរទេសណាឡើយ។

ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី បន្តអំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវចុះជួយដល់ បងប្អូនប្រជាពលរដ្ឋតាមបណ្តាលខេត្តមួយចំនួនដែលទទួលរងគ្រោះដោយទឹកជំនន់ ក្នុងនោះក្រសួងកសិកម្មត្រូវត្រៀមពូជស្រូវសម្រាប់ជូនប្រជាពលរដ្ឋក្រោយទឹកចុះស្រកផងដែរ។ ចំណែកឯក្រសួង សុខាភិបាលវិញ ត្រូវតែបង្កើនការយកចិត្តទុកដាក់ពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ ក្នុងពេលមានគ្រោះទឹកជំនន់ និងពេលទឹកស្រកដោយត្រូវពង្រឹង និងបន្ថែមសកម្មភាពតាម មណ្ឌលសុខភាព និងមន្ត្រីពេទ្យបង្អែកនានា។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ក៏សូមអំពាវនាវដល់ ធនាគារ ជាតិនៃកម្ពុជា ត្រូវធ្វើការងារជាមួយធនាគារឯកជន ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើម្បី បន្ធូរបន្ថយការ ប្រាក់ ឬ លក្ខខណ្ឌងាយស្រួលក្នុងការទទួលបាននូវប្រាក់កម្ចីផ្សេងៗដើម្បីគាត់មានលទ្ធភាពយកទៅ សង្គ្រោះដំណាំរបស់គាត់ដែលទទួលរងការខូចខាត។ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវក្តី មោទនៈភាពចំពោះក្មួយៗ សិស្សានុសិស្សដែលទើបតែ ប្រឡងបាក់ឌុបហើយ ក្នុងពេលថ្មីៗនេះ។ សម្តេចតេជោ បានជូនពរឲ្យក្មួយៗបានប្រឡងជាប់គ្រប់ៗគ្នា និងទទួលបាននិទ្ទេស (A) ដើម្បីត្រៀម ខ្លួននឹងត្រូវជួបសម្តេចតេជោនាពេលខាងមុខ។

សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់ប្រជាពលរដ្ឋ និងកម្មករទាំងអស់ដែលបានចូលរួម អនុវត្ត លទ្ធិប្រជាធិបតេយ្យ ការរក្សាសន្តិភាព និងការអភិវឌ្ឍជាពិសេសបានទៅបោះឆ្នោតគាំទ្រ គណបក្ស ប្រជាជនកម្ពុជា។

ដើម្បីជំរុញការអនុវត្តការងារអោយមានប្រសិទ្ធភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ ចេញនូវអនុសាសន៍សំខាន់ៗ១០ចំណុចដូចខាងក្រោមៈ
១)ត្រូវអនុវត្តប្រាក់ខែអប្បបរិមា ១៧០ ដុល្លារ ចាប់ពីថ្ងៃ១ ខែមករា ឆ្នាំ២០១៨ តទៅ បើក្រុមហ៊ុនបើកជូនកម្មករលើសនេះគឺរិតតែល្អប្រសើរ។

២)ត្រូវអនុវត្តការចុះពិនិត្យនៅតាមមន្ទីពេទ្យរដ្ឋចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករកម្ម ការិនី រោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តដូចគ្នាជា ពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារត្រូវធ្វើអោយបានម៉ត់ចត់។

៣)ត្រូវអនុវត្តចំពោះស្រ្តីមានផ្ទៃពោះសំរាលកូនគឺនឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈ ពេល៣ខែ ហើយទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០%ដោយបេឡាជាតិ) ក្រសួងពាក់ព័ន្ធត្រូវតាមដានការងារឲ្យបានដិតដល់ចំពោះការអនុវត្តសកម្មភាពនេះ។

៤.ត្រូវអនុវត្តចំពោះកម្មការិនីសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៉ឺនរៀលនិងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបាន កូន(៣)គឺទទួលបានថវិកា១លាន២សែនរៀលហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានជម្រាបផងដែរថា នៅពេលដ៏ខ្លី ខាងមុខនេះ ចំពោះកូនក្មួយកម្មការិនីក្រីក្របំផុតនោះគឺនឹងទទួលបាននូវប្រាក់ឧបត្ថម្ភប្រមាណ ៧៦០,០០០៛ (១៩០ដុល្លារ)។

៥)ត្រូវអនុវត្តចំពោះរបបសន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករកម្មករនី មិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។

៦)អនុវត្តតាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹកតភ្លើងដល់ផ្ទះរបស់កម្មករយើង ដែលនៅ ឆ្ងាយដែលមិនទាន់ទៅដល់ឲ្យបានគ្រប់គ្រាន់ និងតំលៃផ្ទះជួលដល់កម្មករកម្មការិនីកុំ អោយមានការ ឡើងថ្លៃក្នុងឆ្នាំ២០១៨ ពីព្រោះកន្លងមកយើងមានកំណត់រួចរាល់ហើយ។

៧)អនុវត្តប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ទៅក្មួយកម្មករ និងទទួលបានប្រាក់ ចូលនិវត្តន៍(ប្រាក់រឺត្រែត)ដូចច្នេះក្នុងរយៈពេល១ឆ្នាំ(២០១៨)ត្រូវត្រៀមរៀបចំអោយហើយដើម្បីឲ្យដំណើរការបានល្អនៅក្នុងឆ្នាំ២០១៩នូវរបបសោធននិវត្តន៍នេះ។

៨)អនុវត្តចូលរួមបន្តយកចិត្តទុកដាក់និងដោះស្រាយបញ្ហាផ្សេងៗដែលបងប្អូនពលករទៅក្រៅប្រទេសជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានា និងដើម្បីទទួលបាននូវល័ក្ខខ័ណ្ឌការងារល្អ ប្រសើរ។

៩)ក្រសួងការងារត្រូវចុះអនុវត្តតាមដានភ្លាមៗឲ្យបានដិតដល់ និងចូលរួមដោះស្រាយបញ្ហាប្រឈម នានាចំពោះកម្មករនៅពេលដែលម្ចាស់រោងចក្ររត់ចោល។ ក្នុងនោះគឺត្រូវដោះស្រាយផ្តល់ប្រាក់ឈ្នួល ជាបន្ទាន់ដល់កម្មករដែលបានធ្វើការក្នុងពេលដែលថៅកែរោងចក្របានរត់ចោល ហើយត្រូវបន្តដោះ ស្រាយបញ្ហានានាជាមួយម្ចាស់រោងចក្រដោយផ្ទាល់។ ទន្ទឹមនឹងនោះដែរ គឺត្រូវជួយរកការងារធ្វើដល់ក ម្មករ កម្មការិនីអោយបានឆាប់បំផុត។ ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យ បង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខសុវត្ថិភាពកម្មកក្នុងពេលធ្វើដំណើរតាមរថយន្តម៉ៅការដឹកកម្មករ។ រថយន្តស៊ីឈ្នួល ដឹកកម្មករ ទាំងអស់ត្រូវតែមានការប្រុង ប្រយ័ត្នខ្ពស់ក្នុងការធានាដល់ សុវត្ថិភាព កម្មកររួមដំណើរក្នុងពេលបើកបរ។

១០)ត្រូវបន្តដោះស្រាយជួយពលករដែលកំពុងធ្វើការនៅក្រៅប្រទេសធ្វើយ៉ាងណាអោយកម្មករធ្វើការបានស្របច្បាប់។ សូមបងប្អូនកុំយល់ច្រឡំឬគិតថាខុស ក្នុងពេលដែលបងប្អូនកូនក្មួយទៅធ្វើការ នៅប្រទេសគេ។ សូម្បីប្រទេសថៃក៏គេបញ្ជូនកម្មករទៅធធ្វើការនៅបរទេសដូចជានៅប្រទេសកូរ៉េ ជប៉ុន រីឯប្រទេសហ្វីលីពីនក៏បានបញ្ជូនពលរដ្ឋអោយទៅធ្វើការនៅបរទេសដូចជានៅកម្ពុជា និងនៅ សហរដ្ឋអាមេរិកជាដើម។ ពលរដ្ឋគេបាននាំមកវិញនូវប្រាក់ចំណូលជាច្រើនសម្រាប់ប្រទេសគេ គឺមិនមែនជា ការខ្មាសអៀនឬអាក្រក់អ្វីទេ។

បច្ចុប្បនេះរាជរដ្ឋាភិបាលកម្ពុជាកំពុងបានខិតខំស្វែករកទីផ្សាការងារក្រៅប្រទេសផងដែរដូចជាកូរ៉េ ជប៉ុន និងប្រទេសមជ្ឍឹមបូពា ដូចជាប្រទេសអារ៉ាប់ជាដើម ដើម្បីផ្តល់ការងារដល់បងប្អូនខ្មែរឥស្លាម បានទៅធ្វើការនៅទីនោះ។កន្លងរាជរដ្ឋាភិបាលក៏បានជួយដោះស្រាយនឹងនាំយកកាន់ប្រទេសវិញចំពោះបងប្អូនកម្មករមួយវចំនួនដែលចាញ់បោកមេខ្យល់បោកយកទៅធ្វើការងារដោយខុសច្បាប់។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរបងប្អូនកូនក្មួយកម្មករ កម្មការិនី និយោជកទាំងអស់ ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួនដល់កូនក្មួយកម្មការិនីមានផ្ទៃពោះចំនួន (៧៨៣) នាក់ផងដែរ៕

Facebook Comments
Loading...