នៅពេលនេះស្ថានភាពទឹកជំនន់នៅស្ទឹងសង្កែចាប់ផ្តើមស្រក់ចុះជាបណ្តើរៗហើយ

0
1420

ខេត្តបាត់ដំបង៖ មន្រ្តីធនធានទឹកខេត្តបាត់ដំបង បានអោយដឹងថា ស្ថានភាពទឹកជំនន់នៅតាមបណ្តោយដងស្ទឹងសង្កែ ដែលបានធ្វើអោយលិចលង់តំបន់មួយចំនួនក្នុងក្រុងបាត់ដំបងនោះ មកដល់ពេលនេះបានចាប់ផ្តើមស្រក់ចុះជា បណ្តើរៗហើយ ចាប់ពីល្ងាចថ្ងៃទី១៦ ខែសីហានេះទៅ។

លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាតិនៅល្ងាចថ្ងៃទី ១៦ ខែសីហានេះថា ការស្រក់ចុះនៃជំនន់ទឹកស្ទឹងសង្កែនេះ ដោយសារ មន្រ្តីជំនាញបានបើកទ្វារទឹកនៅភាគខាងក្រោម ដើម្បីអោយទឹកស្ទឹងហូរកាន់តែលឿនទៅតាមបឹង ព្រែក នឹងបឹងទន្លេសាប។

លោកបានបញ្ជាក់ថា ជំនន់ទឹកស្ទឹងសង្កែ មិនទាន់បង្កការលិចលង់ឬគំរាមកំហែងធ្ងន់ធ្ងរ ដល់ការ រស់នៅនិងការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋឡើយ។ យ៉ាងណាក៏ដោយលោកអៈអាងថា ទោះបីជាស្ថានភាពជំនន់ទឹកស្ទឹងសង្កែចាប់ផ្តើមស្រក់ទៅវិញជាបណ្តើរៗក៏ដោយ ប៉ុន្តែ មន្ទីរ នឹងអជ្ញាធរខេត្តនៅតែបន្តតាមដាន អំពីស្ថានភាពទឹកជំនន់នេះបន្ថែមទៀត ដើម្បីកុំអោយ គំរាមគំហែង ដល់ផ្ទះសំបែងប្រជាពលរដ្ឋ នឹងបង្កគ្រោះថ្នាក់ណាមួយដែលកើតមានជាយថាហេតុ។

លោកប្រធានមន្ទីរធនធានទឹកខេត្តបាត់ដំបង ក៏បានអំពានាវដល់ប្រជាពលរដ្ឋទូរទាំងខេត្ត ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្បែរឬជាប់នឹងដងស្ទឹងសង្កែ ត្រូវតែបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀតចំពោះស្រ្តីចាស់ជរា ជាពិសេសក្មេងៗ ត្រូវការពារពួកគាត់អោយនៅឆ្ងាយពីទឹក ហើយ ត្រូវចូលរួមសហការជាមួយអជ្ញាធរ ដើម្បីបង្ការបញ្ហានានាដែលកើតមានផងដែរ។

សូមបញ្ជាក់ថា បញ្ហាទឹកជំនន់នៅក្នុងស្ទឹងសង្កែរដែលបង្កអោយមានការលិចលង់នៅតំបន់មួយចំនួនក្នុង ក្រុងបាត់ដំបងនេះ គឺបណ្តាលមកពីមានភ្ញៀវធ្លាក់ខ្លាំងជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ នៅតំបន់ព្រំដែនកម្ពុជា ថៃ ។ជាមួយគ្នានេះទៀតគឺការហូរធ្លាក់ប្រភពទឹកពីក្បាលស្ទឹងសំឡូត ទើបធ្វើអោយលិចលង់នៅតាមបណ្តាល ស្រុក មួយចំនួន នឹងក្រុងបាត់ដំបង ប៉ុន្តែវាមិនមានជាបញ្ហាចោទអ្វីនោះទេ៕

ប្រភព ៖ AKP

Facebook Comments
Loading...