ឯកឧត្តមរដ្ឋមន្ត្រី វង សូត ៖ ទឹកចិត្តស្រឡាញ់ និងគាំទ្ររបស់ប្រជាពលរដ្ឋ ជាកម្លាំងចលករដ៏សំខាន់បំផុត សម្រាប់រាជរដ្ឋាភិបាលកម្ពុជា

0
1269

ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា (ការចូលរួមបោះឆ្នោតរបស់ប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់នាពេលនេះ បានសរបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋពិតជាស្រលាញ់និងគាំទ្រលទ្ធិប្រជាធិតេយ្យដែលរាជរដ្ឋាភិបាលកម្ពុជាមាននាពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា)។

ថ្លែងលើកឡើងបែបនេះ ខណៈដែលឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញសំណេះសំណាល ជាមួយប្រជាពលរដ្ឋជាង៣០០នាក់ និងនាំយកថវិការ ២០លានរៀល ដើម្បីសាងសង់សាលាឆាន់ នៅវត្តតាអាំ ក្នុងភូមិតាអាំ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨។

ឯកឧត្តមរដ្ឋមន្ត្រី វង សូត បានបន្ថែមទៀតថា ៖ឆន្ទៈស្រឡាញ់និងគាំទ្ររបស់បងប្អូននាពេលនេះ នឹងក្លាយជាចលករដ៏សំខាន់បំផុត សម្រាប់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដឹកនាំប្រទេសមួយនេះ កាន់តែរីកចម្រើនខ្លាំងឡើងៗ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី វង សូត បានថ្លែងអំណរអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលផ្តល់សេចក្តីទុកចិត្តមកលើរាជរដ្ឋាភិបាល និងបោះឆ្នោតជូនសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីអាណត្តិទី៦បន្តទៀត ដើម្បីធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ ពិសេសស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ក្នុងនោះប្រទេសកម្ពុជា សម្រេចបាននូវគ្រឹះលទ្ធិប្រជាធិតេយ្យ និងការគោរពសិទ្ធិមនុស្សបានយ៉ាងពេញលេញផ្ទុយពីក្រុមមនុស្សមួយចំនួនដែល បានដើរនិយាយរិះគន់មួលបង្កាច់ តែប្រជាជននិងប្រទេសជាតិខ្លួនឯង។

នៅក្នុងឱកានោះ ឯកឧត្តម លី ឡេង អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា៖ ជោគជ័យរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីនាពេលនេះ កើតចេញពីការគាំទ្ររបស់ប្រជាពលរដ្ឋ និងការចូលរួមគ្រប់សកម្មភាព ដោយមិនគិតនឿយហត់ពីសំណាក់មន្ត្រីគ្រប់ថ្នាក់នៅមូលដ្ឋាន បានធ្វើឲ្យលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ក្នុងស្រុកពញាក្រែក ក៏ដូចជាទូទាំងខេត្តត្បូងឃ្មុំ ទទួលបានជោគជ័យយ៉ាងត្រជះត្រចង់ផងដែរ៕

Facebook Comments
Loading...