(ភ្នំពេញ)៖ នគបាលព្រហ្មទណ្ឌខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី៧ ខែសីហានេះ បានបញ្ជូនជនដៃដល់០២នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី រំលោភបូកដើម្បីចាត់ការតាមនីតិវិធីច្បាប់។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទី១មានឈ្មោះ ទូច ឡុងឃុន អាយុ១៨ឆ្នាំ មុខរបរសិស្ស និងទី២ឈ្មោះ ប៊ូ សំណាង អាយុ១៨ឆ្នាំ មុខរបរសិស្ស មានលំនៅដូចគ្នាក្នុងភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណែកនារីរងគ្រោះមានវ័យ១៥ឆ្នាំ (សុំមិនបញ្ចេញឈ្មោះ)។
ជនសង្ស័យទាំង២នាក់នេះ ត្រូវបានសមត្ថកិច្ចខណ្ឌច្បារអំពៅឃាត់ខ្លួន កាលពីរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
គួររំលឹកដែតថា ករណីរំលោភបូកនេះបានបែកការ នៅពេលនារីរងគ្រោះ (សុំមិនបញ្ចេញអត្តសញ្ញាណ) បានលេបថ្នាំប៉ុនប៉ងសម្លាប់ខ្លួន ប៉ុន្តែត្រូវគ្រួសារជួយទាន់ពេល និងសាកសួរទើបដឹងរឿង។
នារីរងគ្រោះ វ័យ១៥ឆ្នាំ បានអះអាងប្រាប់សមត្ថកិច្ច និងគ្រួសារនាងថា នៅយប់កើតហេតុថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ រូបនាង និងក្រុមជនសង្ស័យទាំង២នាក់ខាងលើ បាននាំគ្នាផឹកស្រានៅផ្ទះមិត្តភក្តិនៅភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
លុះក្រោយមក ដោយសារនាងស្រវឹងខ្លាំង ក្រុមជនសង្ស័យ បានដឹកនាងទៅផ្ទះសំណាក់យីហោ «ដាលីន» បន្ទប់លេខ៦ បានសម្រេចជាច្រើនលើក ទើបនាងខ្មាសគេចង់សម្លាប់ខ្លួន តែត្រូវសាច់ញាតិជួយទាន់ និងដាក់ពាក្យប្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍៕