ប្រធានាធិបតីវេណេស៊ុយអេឡា រងការប៉ងធ្វើឃាតដោយឧបករណ៍ដ្រូនបំពាក់គ្រឿងផ្ទុះ នៅក្នុងពីធីដង្ហែរក្បួនព្យុហយាត្រាយោធា (វីដេអូ)

0
1448

(ការ៉ាកាស់)៖ មន្រ្តីរដ្ឋាភិបាលវេណេស៊ុយអេឡា បានឲ្យដឹងថា ប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ បានទទួលរងការប៉ុនប៉ងវាយប្រហារ តាមរយៈឧបករណ៍ដ្រូន ដែលបំពាក់គ្រឿងផ្ទុះ នាអំឡុងពេលកំពុងថ្លែងសារ នៅក្នុងពិធីដង្ហែរក្បួនព្យុហយាត្រាមួយ នៅឯរដ្ឋធានីការ៉ាកាស់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី០៥ ខែសីហា ឆ្នាំ២០១៨។

យ៉ាងណាមិញ ប្រភពដដែលបានបញ្ជាក់ថា ការប៉ុនប៉ងលើអាយុជីវិតរបស់លោកប្រធានាធិបតីវេណេស៊ុយអេឡា ពុំទទួលបានជោគជ័យឡើយ ហើយលោក ម៉ាឌូរ៉ូ ផ្ទាល់មិនបានរងគ្រោះថ្នាក់នោះទេ និងត្រូវបានកងការពារជម្លៀសខ្លួនចេញពីវេទិកាថ្លែងសារជាបន្ទាន់ខណៈកងទ័ពមួយចំនួន ត្រូវគេរាយការណ៍ថាបានរងរបួស។

មានការអះអាងមួយចំនួនបានអះអាងថា ផែនការខាងលើបានទទួលបរាជ័យ គឺដោយសារប៉ូលិសការពារក្នុងតំបន់ បានបាញ់ទម្លាក់ឧបករណ៍ដ្រូនមួយគ្រឿង ដែលបានព្យាយាមវាយប្រហារមកលើកន្លែងកើតហេតុ ជាទីដែលមន្រ្តីរដ្ឋាភិបាលវេណេស៊ុយអេឡា រួមមានទាំងលោក នីកូឡាស់ ម៉ាឌូរ៉ូ មានវត្តមាន។ ជុំវិញរឿងនេះ លោក ម៉ាឌូរ៉ូ បានទម្លាក់កំហុសទៅលើក្រុមស្តាំនិយមថា ជាអ្នកនៅពីក្រោយខ្នង។

គួរជម្រាបថា បើតាមសកម្មភាពក្នុងវីដេអូនៃព្រឹត្តិការណ៍ព្យុហយាត្រាខាងលើ បានបង្ហាញឲ្យឃើញថា លោកប្រធានាធិបតីវេណេស៊ុយអេឡា កំពុងតែថ្លែងសុន្ទរកថាសុខៗ ស្រាប់តែលោកនិងមន្រ្តីឯទៀតដែលឈរនៅក្បែរនោះ បានងើយមើលទៅលើ ស្របពេលដែលអ្នកចូលរួមក្នុងពិធីព្យុហយាត្រា បានរត់យ៉ាងប្រសាចចេញពីកន្លែងកើតហេតុ៕

អត្ថបទ ៖ Freshnews

Facebook Comments
Loading...