អាជ្ញាធរជាតិអប្សរាសាងសង់ទ្វារទឹកសម្រាប់ផ្គត់ផ្គង់ស្រែជិត១០០ហិកតាជូនអ្នកភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប

0
1402

សៀមរាប ៖ ឆ្លើយតបទៅនឹងសំណូមពរនិងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប អាជ្ញាធរជាតិអប្សរា កំពុងសាងសង់ទ្វារទឹកមួយកន្លែងដើម្បីគ្រប់គ្រងនិងស្ដុកទឹកទុកប្រើប្រាស់ក្នុងរដូវប្រាំង។ អ្នកជំនាញពន្យល់ថា ទ្វារទឹកថ្មីនេះមានទីតាំងក្នុងអូរខ្លូត នៅលើទំនប់ចាស់ដែលអ្នកភូមិហៅថាទំនប់លោកតាស៊ត់ នឹងអាចគ្រប់គ្រងទឹកសម្រាប់ស្រោចស្រពស្រែចម្ការនិងដំណាំផ្សេងៗរបស់ពលរដ្ឋជិត១០០ ហិកតា។

អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា លោក ភឿន សុឃីម បានឱ្យដឹងថា ទ្វារទឹកដែលសង់ថ្មីនេះ គឺធ្វើតាមសំណូមពររបស់ប្រជាពលរដ្ឋដែលត្រូវការស្ដុកទឹកប្រើប្រាស់ពេលគ្មានទឹកភ្លៀង ឬក្នុងរដូវប្រាំង។ មួយវិញទៀត លោក សុឃីម បានបន្ថែមថា នេះជាគម្រោងរបស់នាយកដ្ឋានគ្រប់គ្រងទឹកផងដែរ ដើម្បីរំដោះជំនន់ទឹកភ្លៀងក្នុងក្រុងអង្គរ និងក្រុងសៀមរាប ព្រមទាំងដើម្បីរក្សាទឹកក្រោមដីក្នុងតំបន់អង្គរ។

ទ្វារទឹកនេះមានបណ្តោយជាង ២០ម៉ែត្រ និងទទឹងប្រមាណ ១៨ម៉ែត្រ ហូរកាត់អូរខ្លូត ដែលរំដោះទឹកភ្លៀងទៅស្ទឹងពួក និងស្ទឹងព្រះស្រុក។ កន្លងមកអ្នកភូមិមានទំនប់មួយឈ្មោះ ទំនប់លោកតា ស៊ត់ ដែលគ្មានបច្ចេកទេសទ្វារទឹកត្រឹមត្រូវ ហើយអាចត្រឹមតែទប់ទឹក តែមិនមានប្រព័ន្ធបង្ហូរចេញឡើយ ដូច្នេះពេលខ្លះធ្វើឱ្យជន់លិចភូមិក្បែរ ពេលទឹកជន់ឡើងខ្លាំង។

ទ្វារទឹកដែលកំពុងសាងសង់នេះ ត្រូវបានដាក់ឈ្មោះថា ទ្វារទឹកលោកតា ស៊ត់ សាងសង់ចាប់ពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ដោយគ្រោងនឹងបញ្ចប់នៅរយៈពេល៣ខែបន្ទាប់ និងមានប្រជាពលរដ្ឋចំនួន ជាង៥០០គ្រួសារ ទទួលផលប្រើប្រាស់ទឹកពីសំណង់ទ្វារទឹកនេះ។

គួរបញ្ជាក់ថា តាមការលើកឡើងរបស់លោក សុឃីម ទឹកភ្លៀងនៅឆ្នាំនេះក្នុងតំបន់អង្គរ មានភាពយឺតយ៉ាវជាងឆ្នាំមុនបន្ដិច ប៉ុន្តែការគ្រប់គ្រងទឹកគ្មានបញ្ហាចោទឡើយ។ ក្នុងនោះដែរអ្នកជំនាញទឹកបញ្ជាក់ថា ក្រោយមានការស្ដារប្រព័ន្ធបង្ហូរនានាចាប់ពីឆ្នាំ២០១២មក ក្រុងអង្គរ និងក្រុងសៀមរាប មិនមានជំនន់ទឹកភ្លៀងកើតឡើងឡើយ គឺជន់នៅតំបន់ជាយក្រុង ឬនៅផ្នែកខាងក្រោមបន្ដិចបន្ដួចតែប៉ុណ្ណោះ៕

Facebook Comments
Loading...