ក្រសួងការបរទេសកម្ពុជា ព្រលះអ្នកស្រី រ៉ូណា ស្មីត យ៉ាងចាស់ដៃ

0
1088

ភ្នំពេញ – ថ្ងៃទី២៣ ខែកក្កដា ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ បានចេញសេចក្ដីថ្លែងការណ៍ ដោយសម្ដែងការខកចិត្តយ៉ាងខ្លាំង ចំពោះការអធិប្បាយកាលពីពេលថ្មីៗនេះ របស់លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលបានសរសេរតាមបណ្ដាញសង្គម Facebook ពាក់ព័ន្ធការព្រួយបារម្ភពីភាពស្របច្បាប់ នៃការមិនចូលរួមបោះឆ្នោត និងការចោទប្រកាន់ ស្ដីពីការផ្អាកសេវាសាធារណៈចំពោះជនទាំងឡាយណា ដែលមិនបោះឆ្នោតឲ្យគណបក្ស កាន់អំណាចនៅពេលខាងមុខ។

ក្រសួងការបរទេសបានចាត់ទុកថា «ការអំពាវនាវរបស់គាត់ហាក់ដូចជា បានបង្ហាញឲ្យឃើញពីការគាំទ្រដល់យុទ្ធនាការដែលមានការសម្របសម្រួលដោយ សម រង្ស៊ី និងសមាជិក នៃគណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយដោយស្របច្បាប់រួចទៅហើយនោះ ហើយដែលកំពុងព្យាយាមធ្វើឲ្យអន្តរាយដល់ការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការលើកទឹកចិត្តអ្នកបោះឆ្នោតឲ្យធ្វើពហិការការបោះឆ្នោត និងបង្រៀនធ្វើឲ្យខូចសន្លឹកឆ្នោត នៅថ្ងៃបោះឆ្នោត។ មិនដូចប្រទេសខ្លះនោះទេ កម្ពុជាមិនមានច្បាប់ណាមួយដាក់ទោស ដល់អ្នកដែលមិនបានទៅបោះឆ្នោតនោះទេ។ ទោះជាយ៉ាងណា ច្បាប់បោះឆ្នោតរបស់កម្ពុជា ដាក់ទោសតែអ្នកដែលទប់ស្កាត់អ្នកដ៏ទៃមិនឲ្យបោះឆ្នោត ដូចដែលមានចែងនៅក្នុងមាត្រា១៤២ នៃច្បាប់បោះឆ្នោត តែប៉ុណ្ណោះ»។

អ្នករាយការណ៍ពិសេស ហាក់ដូចជា មើលមិនឃើញពីទង្វើប្រជានិយមដ៏គ្រោះថ្នាក់របស់ សម រង្ស៊ី និងក្រុមរបស់គាត់ ដែលបានអំពាវនាវឲ្យយោធាបះបោរប្រឆាំងនឹងរដ្ឋាភិបាល អុចអាលឲ្យមានការស្អប់ខ្ពើមពូជសាសន៍ និងជនបរទេស ព្រមទាំងបង្កគំនិតជាតិនិយមជ្រុល ដែលធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងសន្តិភាពជាមួយ ប្រទេសជិតខាងមួយរបស់កម្ពុជា។ ការប្រព្រឹត្តបែបនេះ ពុំមានជាលក្ខណៈលទ្ធិប្រជាធិបតេយ្យទាល់តែសោះ ហើយដែលត្រូវទទួលបានការថ្កោលទោសយ៉ាងខ្លាំងនៅក្នុងសង្គមប្រជាធិបតេយ្យ។ ក្រសួងការបរទេសបញ្ជាក់បន្ថែម។

Facebook Comments
Loading...