សុខ ឥសាន្ត ៖ ជំរុញទូរទស្សន៍ Aljazeera ដាក់​ភស្តុតាង​បន្ថែម​ទៅ​កាន់​សមត្ថកិច្ច​ដើម្បី​បើក​ការ​ស៊ើបអង្កេត​

0
1439

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន កាលពី​ថ្ងៃទី១៣​កក្កដា ឆ្នាំ២០១៨ បាន​ជំរុញ​ឱ្យ​ទូរទស្សន៍ Aljazeera ដាក់​ភស្តុតាង​បន្ថែម​ទៅ​កាន់​សមត្ថកិច្ច​ ដើម្បី​បើក​ការ​ស៊ើបអង្កេត​លើ​ករណី លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ។

ការលើកឡើងរបស់មន្រ្តី​ខាង​លើនេះ គឺ​បន្ទាប់ពី​ទូរទស្សន៍​បរទេស Aljazeera បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​១២ ខែ​កក្កដា​ថា លោក គង់ វិបុល មាន​ក្រុមហ៊ុន​មួយ​ចំនួន​ក្នុង​ទីក្រុង​មែលប៊ន (Melbourne) ប្រទេស​អូស្ត្រាលី ក្នុង​តម្លៃ​រាប់​លាន​ដុល្លារ បើ​ទោះបីជា​លោក គង់ វិបុល មាន​ប្រាក់ខែ​​ ត្រឹមតែ​ប្រមាណ​១ពាន់​ដុល្លារ​​ក៏ដោយ។

ទូរទស្សន៍​បរទេស Aljazeera បាន​រកឃើញ​ថា​ក្រុមហ៊ុន​របស់ លោក គង់ វិបុល ក្នុង​ប្រទេស​អូស្ត្រាលី ដែល​ដាក់​ឈ្មោះថា ផាណារិទ្ធិ ភីធីវ៉ាយ (Phanhariddh PTY) បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១១ កំពុង​រំលោភច្បាប់​ពាណិជ្ជកម្ម​របស់​ប្រទេស​អូស្ត្រាលី ដោយសារតែ​ម្ចាស់​ក្រុមហ៊ុន​នេះ​ មិនបាន​រស់នៅ​ជា​អចិន្ត្រៃយ៍​ក្នុងប្រទេស​អូស្ត្រាលី​តាមច្បាប់​កំណត់។

ប៉ុន្តែ​លោក គង់ វិបុល បាន​ផ្ដល់​បទសម្ភាសន៍​ដល់​ទូរទស្សន៍ Aljazeera ជា​ភាសា​អង់គ្លេស ដោយ​​បដិសេធ​ថា លោក​មិន​មានការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​ណាមួយ​ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ​នេះ​ឡើយ៖ «ខ្ញុំ​បាន​ផ្ទេរ​ក្រុមហ៊ុន​នេះ​ទៅ​ឲ្យ​មនុស្ស​ផ្សេងទៀត​អស់​ទៅ​ហើយ ប្រហែល​ឯកសារ​ដែល​អ្នក​បាន​ទទួល​នោះ មិន​បាន​ធ្វើ​បច្ចុប្បន្នភាព ឬ​ការ​កែ​តម្រូវ​នោះ​ឡើយ។ ក្រុមហ៊ុន​នេះ​ខ្ញុំ​បាន​បិទ​ជា​យូរ​មក​ហើយ ហើយ​ខ្ញុំ​ក៏​គ្មាន​អ្វី​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​នោះ​ដែរ»

ប្រភព ៖ ខ្លីៗ

Facebook Comments
Loading...