ភ្នំពេញ: ការបណ្ដុះបណ្ដាលគ្រូបង្វឹកបាល់ទឹក (Water Polo)កម្រិតមូលដ្ឋានជាលើកដំបូងដែលមានរយៈពេល៣ថ្ងៃគឺពីថ្ងៃទី១១ដល់១៣កក្កដាមានសិក្ខាកាមចំនួន៧៦ភាគរយមានកម្រិតយល់ដឹងខ្ពស់ ។
នេះបើតាមការអះអាងពីលោកអាឡិច សាន់ឌ័រ (Alexander) ដែលជាគ្រូឧទ្ទេសជនជាតិគុយបានោះថាក្នុងចំណោម៧៦ភាគរយដែលមានការយល់ដឹងខ្ពស់នោះគឺមានចំនួន៥៦ភាគរយទៀតជាអ្នកខ្លាំងជាងគេគឺជាអ្នកខ្លាំងក្នុងចំណោមអ្នកខ្លាំង ។
គ្រូឧទ្ទេសរូបនេះបន្តថាបន្ទាប់ពីបញ្ចប់វគ្គនេះលោកសង្កេតឃើញថាមានសិក្ខាកាមចំនួន៤រូបមានសមត្ថភាពអាចធ្វើជាគ្រូបង្វឹកបានព្រោះគេយល់ដឹងបានច្បាស់ពីច្បាប់ប្រកួតពីការ យល់ដឹងពីទ្រឹស្ដី ការធ្វើរូបមន្តប្រកួតជាដើម។
បើតាមការអះអាងពីលោកហែម គីរីដែលជាអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកនោះថាដោយសារនេះជាវគ្គសម្រាប់គ្រូបង្វឹកកម្រិតមូលដ្ឋាននោះការសិក្សាគឺសង្កត់ធ្ងន់ទៅលើច្បាប់ប្រកួត ។ ជាគ្រូបង្វឹកដាច់ខាតត្រូវតែចេះច្បាស់លាស់ពីច្បាប់ប្រកួត ។លោកអះអាងថានៅចុងឆ្នាំ២៩០១៨ខាងមុខនេះសហព័ន្ធនឹងបើកវគ្គបែបនេះឲ្យបានមួយវគ្គទៀត ។
ចំពោះគ្រូបង្វឹកដែលទើបតែបញ្ចប់ការសិក្សាទៅត្រូវតែបើកក្លិបរកកីឡាករ-កីឡាការិនីមកបង្វឹកហើយនៅចុង
ឆ្នាំនេះនឹងមានការប្រកួតជាលើកដំបូង ។កីឡាបាល់ទឹក(Water Polo)កាលពីទសវត្សរ៍ឆ្នាំ១៩៦០កម្ពុជាក៏ធ្លាប់មានដែរតែអ្វីៗត្រូវបានបាត់បង់ក្នុងសម័យប៉ុល ពតទើបតែពេលនេះទេដែលកម្ពុជាចាប់ផ្ដើមរៀបចំឲ្យមានឡើងវិញនោះ ។
វិញ្ញាសាបាល់ទឹកជាប្រភេទកីឡាអូឡាំពិកដែលមួយក្រុមៗមាន១៣នាក់ហើយនៅពេលប្រកួតគឺមាន៤នាក់ក្នុងទីលានប្រកួត ។ការប្រកួតចែកចេញជា ៤វគ្គដែលមួយវគ្គៗមានរយៈពេល៨នាទី ។នៅពេលសម្រាកកីឡាករត្រូវតែចេញពីទីលាន ។
សិក្ខាកាមដែលចូលរួមមានចំនួន២២នាក់ដែលមកពីក្លិបនានាក្នុងរាជធានីភ្នំពេញដូចជាមហាផ្ទៃ វិទ្យាស្ថាន
ជាតិអប់រំកាយ និង កីឡា មន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ ក្លិបព្រឹទ្ធាចារ្យហែម ថុន ក្លិបជ្រោយចង្វារ ក្លិបក្រសួងពត៌មាន និងខេត្តកំពង់ចាម ។ ពួកគេជាកីឡាករហែលទឹក និងអតីតកីឡាហែលទឹក ។