នៅម៉ោង១៩ និង ៤០នាទី ម៉ោងនៅប្រទេសចិន យន្តហោះ China Airline ជើងហោះហើរលេខ CA១៨២៣ បានធ្វើការចុះចតដោយសុវត្ថិភាពនៅព្រលានយន្តហោះ Three Gorges Airport ដោយបាន នាំយើងមកដល់ទឹកដី យីឆាង ទីក្រុងដ៏ស្រស់ត្រកាល ហ៊ុមព័ទ្ធទៅដោយធម្មជាតិខៀវស្រងាត់ ស្រស់ប្រណិត ផ្តិតជាប់នៅឯជើងមេឃ ។
ទឹកដីជ្រលង៣ និងជ្រោះភ្នំ៣ :
យីឆាង ជាទីក្រុងមួយក្នុងចំណោមក្រុងទាំង ១៧ របស់ខេត្តហ៊ូប៉ី ប៉ុន្តែស្ទើតែស្ថិតនៅចំទីតាំងកណ្តាលនៅប្រទេសចិន ជាទីប្រសព្វនៃតំបន់ខាងលើ និងតំបន់កណ្តាលនៃទន្លេយ៉ាងសេ ។ ទន្លេយ៉ាងសេបានហូរកាត់ទឹកដី យីឆាង ហើយក៏ហូរកាត់ទឹកដីនៃខេត្តហ៊ូប៉ី ដែលធ្វើឲ្យទីនេះសម្បូរណ៍ទៅដោយប្រភពធនធានទឹកដ៏អស្ចារ្យសម្រាប់ផលិតថាមពល អគ្គិសនី និងបង្កបង្កើនផល ។ ទីក្រុង យីឆាង មានកិត្តិនាមល្បីល្បាញ ដោយសារតែទឹកដីនេះ គឺជាមាត់ទ្វារឆ្ពោះទៅកាន់តំបន់ជ្រោះបី (Three Gorges) ដ៏ធំធេងអស្ចារ្យគួរឲ្យស្ញប់ស្ញែង បង្កប់ដោយភាពអាថ៌កំបាំង ដែលធម្មជាតិបានឧប្បតិ្តកឡើងនៅលើទឹកដីចិន ។ ក្រុងនេះក៏ជាទីតាំងដ៏សំខាន់ចាំបាច់សម្រាប់ខេត្ត ស៊ីឈួន និង ខេត្តហ៊ូប៉ី ។
អតីតកាលរបស់យីឆាង :
ពីដើមដ៏យូរលង់មកហើយគេតែងហៅទីនេះថា ”ទឹកជ្រោះដ៏ស្ងាត់ជ្រងំ ភ្នំខ្ពស់ដ៏ចោទសន្លឹម“ ។ ពាក្យថា យីឆាង នេះត្រូវបានប្រសិទ្ធិនាមឡើងនៅក្នុងរាជវង្សមហាឈីង ។ ពាក្យថា យ៉ីងឆាង គឺចង់បានបញ្ជាក់នូវភាពអាថ៌កំបាំងនៃទីក្រុងមួយកាលពីពេលនោះ ដែលក្រោយមក គឺជាតំបន់ដែលរីកចម្រើន និងពោរពេញដោយវិបុលភាព ។ នៅក្នុងប្រវត្តិសាស្រ្ត ២៤០០ឆ្នាំ របស់ខ្លួនទីនេះ គឺជាដើមកំណើតនៃវប្បធម៌ Bachu ហើយដែលវាបានក្លាយទៅជាសមាសភាគនៃវប្បធម៌ចិនទាំងមូល ។ លោក Zhou Ji លេខាបក្សទីក្រុង យីឆាង បាននិយាយថា យីឆាង មានប្រវត្តិអតីតកាលដ៏យូរលង់មកហើយ ។ អ្នកនិពន្ធជនជាតិចិនដ៏ល្បីល្បាញបំផុតពីជំនាន់មុនៗភាគច្រើន គឺចេញពី យីឆាង ។ រឿងរ៉ាវពីអតីតកាលមួយដែលមិនគួរបំភ្លេចនោះ គឺស្រ្តីចិនស្អាតៗ មាននៅ យីឆាង ហើយពេលមួយនោះក្នុងចំណោមជម្រើសស្រីចិនដែលស្អាតបំផុងក្នុងប្រវត្តិសាស្រ្តចិន ដែលមានបួននាក់ គឺមានម្នាក់ចេញពីស្រុកយីឆាងនេះឯង ។
យីឆាង ក៏ជាទឹកដីនៃសំបុកចម្ការតែ ។ សហករណ៍អ៊ូហ្វុងដាំតែបានជាង ១០ម៉ឺនហិកតា ទទួលបានផលប្រមាណ ៣ម៉ឺនតោន ក្នុងមួយឆ្នាំ ។ តែក្រហមយៀកហ៊ូមានប្រវត្តិជាងមួយរយឆ្នាំមកហើយ ។ បើនិយាយពីរសជាតិ គឺវាឆ្ងាញ់ដាច់គេ បើនិយាយពីហេតុផលសុខភាព គឺវាមានកម្រិតបំប៉នខ្ពស់ និងមិនបង្ករឲ្យមានភាពមិនងងុយគេងនោះទេ ។ មានពាក្យមួយឃ្លាថា បើនឹកទៅដល់ហ៊ូប៉ី គេត្រូវតែនិយាយអំពី យីឆាង ។ កាលបើទៅដល់យីឆាងកុំភ្លេចឲ្យសោះ ការភ្លក្សរសជាតិតែអ៊ូហ្វុងដ៏ឈ្ងុយឆ្ងាញ់ ។
យីឆាង បច្ចុប្បន្នៈ
យីឆាង មានដងទន្លេយ៉ាងសេហូរកាត់នាំឲ្យតំបន់នេះ គឺជាប្រភពធនធានទឹកសម្រាប់ផលិតថាមពលអគ្គិសនី និងបង្កបង្កើនផល ។ លោក Zhou Ji បាននិងកំពុងយកគំនិតរបស់លោកប្រធានបក្ស ស៊ី ជីនពីង មកពង្រីកឲ្យទៅជាការជាក់ស្តែង ដើម្បីប្រែក្លាយទឹកដី យីឆាង ឲ្យមានការអភិវឌ្ឍ ។ នៅពេលខាងមុខទីក្រុងយីឆាងនេះនឹងក្លាយទៅជាតំបន់បើកចំហរ ។ យីឆាង ស្ថិតនៅក្នុងខេត្តហ៊ូប៉ី គឺជាឃ្លាំងស្បៀងដ៏ធំនៅក្នុងប្រទេសចិន ដែលសមត្ថភាពផលិតស្បៀងបានជាប់លំដាប់លេខ ២ ក្នុងចំណោម ៣១ខេត្ត នៅទូទាំងសាធារណរដ្ឋប្រជាមានិតចិន ។ ហ៊ូប៉ីមានក្រុងចំនួន ១៧ ក្នុងនោះទីក្រុង យីឆាង ជាប់លំដាប់លេខ ២ ខាងទំហំសេដ្ឋកិច្ច ។ ទីក្រុងមានផ្ទៃដី ២១៣.០០០គីឡូម៉ែត្រក្រឡា មានប្រជាជន ៤,២លាននាក់ ។
ពេលនេះទីក្រុង យីឆាង មានទំនប់វារីអគ្គិសនីធំៗ ២កន្លែង លំដាប់ពិភពលោក ហើយត្រូវបានចាត់ទុកជាថាមពលនៃបេះដូងសម្រាប់ប្រទេសចិនមានសមត្ថភាពផលិតអគ្គិសនី ខ្ពស់ជាងគេបំផុតក្នុងទូទាំងសកលលោក ។ ទោះជាយ៉ាងនេះក្តី យីឆាង មិនទទួលរងការបំពុលបរិយាកាស និងការបំផ្លាញបរិស្ថានឡើយ ។ យីឆាង កំពុងដើរតួនាទីជាសេនាធិការឲ្យខេត្តហ៊ូប៉ី ដោយកំពុងអនុវត្តន៍យ៉ាងពេញលេញ និងសកម្មបំផុតនូវគោលគំនិតរបស់លោក ស៊ី ជីនពីង ។ គំនិតរបស់ ស៊ី ជីនពីង គឺការកសាងសង្គមនិយមតាមលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី ។ គោលគំនិតនោះ គឺធ្វើយ៉ាងណាឲ្យប្រទេសចិនកាន់តែមានការរីកចម្រើនខាងសេដ្ឋកិច្ច មានភាពរឹងមាំខាងយោធា និងនយោបាយមានភាពល្បីរន្ទឺខាងវិស័យការទូត ជាពិសេសគឺប្រជាជនទាំងអស់ត្រូវតែចាកចេញពីភាពក្រីក្រក្នុងឆ្នាំ២០២០ខាងមុខ ។ ដូចដែលលោក Zhou Ji បាននិយាយយ៉ាងច្បាស់ថា “យើងមិនភ្លេចបេសកកម្មរបស់យើងជាដាច់ខាត នោះគឺការពារផលប្រយោជន៍របស់ប្រជាជន លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន ការពារដាច់ខាតបក្សកុម្មុយនីសចិន ដែលមានមាគ៌ានយោបាយច្បាស់ លាស់ គឺយកប្រជាជនជាស្នូល ។ យកប្រជាជនជាស្នូលមានន័យថា ធ្វើអ្វីៗទាំងអស់ដើម្បីប្រជាជន និងត្រូវផ្តល់ក្តីសង្ឃឹមដល់ប្រជាជន ។ ផ្តល់ក្តីសង្ឃឹមដល់ប្រជាជនមានន័យថា ត្រូវលើកស្ទួយកម្រិតសេដ្ឋកិច្ចរបស់ប្រជាជនធ្វើឲ្យប្រជាជនទទួលបានផលប្រយោជន៍ពីសង្គម និងសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន ។
អតីតកាលនៅតែភ្លឺថ្លា អនាគតពិតជាត្រចះត្រចង់ៈ
ពិតជារំភើបចិត្តណាស់ នៅពេលដែលមិត្តភក្តិយើងរំឮកពីអតីតកាលដ៏ភ្លឺថ្លាមួយ ។ រំឮកពីអតីតកាលមានន័យថា យើងនៅតែចងចាំអនុស្សវរីយ៍ល្អៗ ដែលរំលងហួសទៅ ។ បក្សកុម្មុយនីសចិន និងគណបក្សប្រជាជនកម្ពុជាតែងតែគាំទ្រគ្នាទៅវិញទៅមក ។ លោក Zhou Ji បានអះអាងអំពីចំណងទាក់ទងនេះ ដោយគាត់មិនភ្លេចរំឮកឡើងវិញថា៖ ខ្ញុំនៅតែចងចាំនៅក្នុងជីវិតរបស់ខ្ញុំជានិច្ច ។ កាលពីក្មេងខ្ញុំធ្លាប់បានឃើញដោយផ្ទាល់នូវព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ។ នៅពេលនោះព្រះអង្គមានព្រះបន្ទូលថា ចំណងមិត្តភាពកម្ពុជា-ចិន ប្រៀបដូចជាបុប្ផារីកស្គុះស្គាយនៅលើលំហមេឃ ដែលមានពណ៌ខៀវខ្ចីស្រងាត់ ។ ដោយញញឹមយ៉ាងស្រស់ជាមួយនឹងជំនឿទុកចិត្ត និងបង្ហាញឲ្យឃើញនូវភាពរីករាយរបស់លោក Zhou Ji គាត់ក៏បានបន្តទៀតថា នៅឆ្នាំ២០០១ សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកបំពេញទស្សនកិច្ចនៅទីក្រុង យីឆាង ម្តង ។ តាមរយៈដំណើរទស្សនកិច្ចនេះក៏បានបង្កើតឲ្យមានទំនាក់ទំនងជិតស្និទ្ធ ហើយចាប់តាំងពីពេលនោះមកវិនិយោគគិនចិនពីទីក្រុងយីឆាងទៅរកស៊ីនៅកម្ពុជា ។ លោក Zhou Ji ក៏មិនភ្លេចរំឮកឡើងវិញផងដែរថា ប្រទេសយើងទាំងពីរមានមិត្តភាពយូរអង្វែង ជាប្រវត្តិសាស្រ្ត រួមសុខរួមទុក្ខជាមួយគ្នា ដូចជាបងប្អូនបង្កើតអញ្ចឹង ។
ឃ្លាតពីយីឆាងហើយៈ
ដំណើរទស្សនកិច្ចរយៈពេលត្រឹមតែពីរថ្ងៃកន្លះនៅលើទឹកដីនៃទីក្រុង យីឆាង គឺខ្លីណាស់ ។ ទីកន្លែងដែលយើងបានទៅមើល រាប់ទាំងជ្រលងជ្រោះដ៏ជ្រៅនៅតំបន់ Three Gorges ដែលកន្លងមកយើងធ្លាប់តែឃើញជាផ្ទាំងគំនូរ ធ្លាប់តែឃើញជារូបថត ធ្លាប់តែទស្សនាតាមខ្សែភាពយន្ត ក៏ដូចជាតំបន់ធម្មជាតិដទៃទៀត គឺពិតជាមិនគ្រប់គ្រាន់ទេ ។ អ្វីដែលយើងបានដឹង បានឃើញ បានលឺ មិនមែនគ្រាន់តែផ្តិតយកបានតាមរូបភាពស៊ែលហ្វីពីទូរស័ព្ទដៃមួយគ្រឿងរបស់យើងនោះទេ ប៉ុន្តែវាពិតជាបានផ្តិតជាប់នៅក្នុងបេះដូងរបស់យើង ចំពោះអនុស្សាវរីយ៍ដ៏ស្រស់ត្រកាលនេះ ។ បេសកកម្មការងារបានបញ្ចប់ហើយ……
…..ប៉ុន្តែសម្លេងស្រែកច្រៀងជាភាសាចិនរបស់អ្នកនាំផ្លូវនៅលើកំពូលភ្នំ Chai Buxi ដែលមានកម្ពស់ ១៤៨០ម៉ែត្រ លឺខ្ទ័រខ្ទារឆ្លងកាត់ជ្រលងជ្រងជ្រោះ រត់រណ្តំពីកំពូលភ្នំមួយទៅកំពូលភ្នំមួយទៀត ធ្វើឲ្យយើងរំភើបចិត្តណាស់ ។ យើងមិនចេះភាសាចិនទេ ប៉ុន្តែស្តាប់ទៅវាពិតជាលន្លង់លន្លោចមែនទែន ។ យើងក៏មិនភ្លេចផងដែរនូវរសជាតិតែរបស់សហករណ៍អ៊ូហ្វុងនៃស្រុក យីឆាង ដែលមានក្លិនឈ្ងុយឆ្ងាញ់ និងធ្វើឲ្យចាប់មាត់ ។ អ្វីដែលយើងនៅតែចងចាំដែរនោះ គឺមន្រ្តីនៃស្រុក យីឆាង មួយរូបបាននិយាយនៅក្នុងពិធីអាហារពេលល្ងាចថា៖ ប្រហែលចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយនឹងមានជើងហោះហើរត្រង់ រវាងខេត្តសៀមរាប និងទីក្រុង យីឆាង ។ ហេតុនេះពេលវេលារបស់យើងសម្រាប់ទីក្រុង យីឆាង ប្រហែលមិនទាន់ដល់ទីបញ្ចប់ទេ….