កាស៊ីណូ ឃីងរូស្ទ័រ បើកល្បែង ពង្វក់ពលរដ្ឋខ្មែរឱ្យចូលលេង រំលោភអាជ្ញាប័ណ្ណ

0
1189

ត្បូងឃ្មុំ៖ រយៈពេលជិត២ឆ្នាំមកហេីយដែល កាស៉ីណូ ឃីងរូស្ទ័រ បេីកល្បែង ជល់មាន់ អាប៉ោង យូរគី លេងយ៉ាងគគ្រឹកគគ្រេង ស្ថិតនៅចំណុចខាងក្រោយផ្ទះសំណាក់ ភូមិយើង ស្ថិតក្នុងភូមិ អន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ គេឃើញមានសុទ្ធតែពលរដ្ឋខ្មែរ មកពីក្នុង ភូមិ ស្រុក ខេត្ត ក្រៅខេត្ត និងរាជធានី សំរុកចូលលេង ដូចហែកឋិន ភ្នាល់គ្នាដាក់លុយធំៗ យ៉ាងសប្បាយអឺងកង ដោយគ្មានការត្រួតពិនិត្យ ពីសមត្ថកិច្ចមូលដ្ឋាន និងអាជ្ញាធរខេត្តឡើយ ដោយគេដឹងច្បាស់ថា មានខ្សែអ្នកមានអំណាចកាងនៅពីក្រោយខ្នង ពលរដ្ឋរិះគន់ថា មានបើកល្បែងស៊ីសងនេះ វាផ្ទុយពីលក្ខណៈសម្បត្តិ៩យ៉ាងរបស់ភូមិ ឃុំមានសុវត្ថិភាពយ៉ាងពិតប្រាកដ ។

ប្រជាពលរដ្ឋភូមិអន្លង់ជ្រៃ បានបញ្ជាក់ឲ្យដឹងថា រាល់ថ្ងៃពុធ និង ថ្ងៃសៅរ៍ មានអ្នកយកមាន់មកជល់ សុទ្ធតែខ្មែរ ជិះម៉ូតូ រថយន្ត យ៉ាងច្រើន មកលេងល្បែងចាក់លុយភ្នាល់ រាប់រយ រាប់ពាន់ រាប់ម៉ឺនដុល្លារ សំលេង ហ៊ោកញ្ជ្រៀវ លាន់ឮ ទ្រហឹងអឺងកង ដោយសំអាងថា កន្លែងបើកល្បែងនេះ គឺខ្សែ អ្នកធំ អ្នកមានអំណាចនៅពីក្រោយខ្នង ដូច្នេះមានសន្តិសុខសុវត្ថិភាពល្អណាស់ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ អធិការ ស្នងការ កងរាជអាវុធហត្ថ មិនហ៊ានមកសួរនាំអ្វីនោះទេ ។

អ្នកភូមិអះអាងថា កាលណាមានល្បែងស៊ីសង ហើយគ្មានការបង្ក្រាបដូច្នេះ ពួកគាត់ខ្លាចកើតមានអំពេី ចោរលួច ចោរឆក់ ជាហេតុធ្វើឲ្យពួកគាត់រស់ក្នុងភាព ភិតភ័យ ខ្លាច ជានិច្ច ។

ជាងនេះទៀតប៉ុស្តិ៍រដ្ឋបាលឃុំកក់ ក៏បានបញ្ជាក់ដែរថា ប៉ុស្តិ៍ក៏បានដឹងថា មានបើកល្បែងមាន់ជល់ ភ្នាល់ដាក់លុយមែន តែសមត្ថកិច្ចប៉ុស្តិ៍មិនហ៊ានទៅសួរនាំទេ ព្រោះអ្នកបើកខ្សែធំណាស់ ។

សេចក្តីរាយការណ៍ពី កាស៊ីណូ ឃីងរូស្ទ័រ បានបញ្ជាក់ឲ្យដឹងថា កាបើកល្បែង នេះ មានច្បាប់អនុញ្ញាតត្រឹមត្រូវ ហើយបើមិនឲ្យខ្មែរចូលលេងទេ បានអីបង់ព័ន្ធជូនរដ្ឋ សូម្បីតែកាស៊ីណូ ណាហ្គា នៅភ្នំពេញ ក៏ មានខ្មែរចូលលេងដែរ ។

ទាក់ទិននឹងករណីនេះ ឯកឧត្តម លី ឡេង អភិបាលនៃគណៈអភិបាលខេត្ត បានបញ្ជាក់ថា ឱ្យសួរទៅខាងប៉ូលីសទៅ គាត់មិនបានដឹងទេ ។

ដោយឡែក ខាងនាយកដ្ឋានគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់ បានបញ្ជាក់យ៉ាងច្បាស់ថា កាស៊ីណូ ឃីងរូស័្ទរ មានច្បាប់អនុញ្ញាតមែន តែមិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេងទេ ហើយ ស.ជ.ណ ក៏បានចេញសេចក្តីប្រកាសដែរ ។

ជុំវិញការបេីកអាជីវកម្ម ផ្ទុយពីច្បាប់អនុញ្ញាតនេះប្រជាពលរដ្ឋ សំណូមពរឱ្យ ជំនាញខាងថ្នាក់លេីដូចជា ខាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ គួរមានវិធានការ ពិនិត្យក្នុងករណីនេះ ចៀសវាងធ្វេីឱ្យពលរដ្ឋខ្មែរ វក់វង្វេង និងល្បែងស៉ីសង ធ្វេីឱ្យ បាត់បង់ទ្រព្យសម្បត្តិ បង្ករជម្លោះក្នុងគ្រួសារ និងបង្កេីតឱ្យមានបទល្មេីសក្នុងសង្គម ៕ អាចារលាក់

Facebook Comments
Loading...