(ភ្នំពេញ)៖ នៅប្រទេសកម្ពុជាយើងមានអ្នកនយោបាយពីរប្រភេទ៖ ប្រភេទទី១ ជាអ្នករកឆ្នាំងបាយ និងការពារឆ្នាំងបាយជូនកម្មករ រីឯប្រភេទទី២ ជាអ្នកចាំវាយបំបែកឆ្នាំង បាយកម្មករ។ អ្នកដែលស្វែងរកឆ្នាំងបាយជូនកម្មករ និងកំពុងឈរការពារឆ្នាំងបាយនោះជារៀងរាល់ថ្ងៃគឺរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ចំណែកអ្នកដែលតាមវាយបំបែកឆ្នាំងបាយកម្មកររហូត មកគឺក្រុមប្រឆាំងដែលមានខ្មោចបក្សសង្គ្រោះជាតិដែលមាន សម រង្ស៊ី ជាមេខ្លោង។
អ្នកដែលស្វែងរកឆ្នាំងបាយជូនកម្មករគឺតែងតែកៀរគរអ្នកវិនិយោគទុនទាំងក្នុង និងក្រៅស្រុកឲ្យមកសាងសង់រោងចក្រដើម្បីផ្តល់ការងារជូនកម្មករខ្មែរ។ ការរីកដុះដាលព្រោងព្រាត នៃរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តហើយដែលបានផ្តល់ការងារដល់កម្មករ កម្មការិនីជិត មួយលាននាក់ និងនាំចំណូលជូនជាតិ និងគ្រួសារកម្មកររាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ គឺជាស្នាដៃរបស់រាជរដ្ឋាភិបាល ដែលមាននាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខ។
ក្រោយពីរករោងចក្របង្កើតការងារជូនកម្មកររួចហើយ នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏នៅបន្តតាមមើលសុខទុក្ខរបស់បងប្អូន កូនក្មួយកម្មករកម្មការិនីជាប្រចាំ។ ជាក់ស្តែង លោកនាយករដ្ឋមន្ត្រីបានចុះសួរសុខទុក្ខផ្ទាល់ដល់កម្មករ កម្មការិនី ដោយផ្ទាល់ និងដោយភាពស្និទ្ធស្នាលជាទីបំផុត។ រហូតមកដល់ពេលនេះនាយករដ្ឋមន្ត្រីបានជួបកម្មករ កម្មការិនីជាង៦០ម៉ឺននាក់ ហើយក្នុងជំនួបជិត៥០លើកគិតចាប់តាំងពីខែសីហាឆ្នាំ២០១៧ មក។ បេសកកម្មជួបកម្មករក៏គ្រោងនឹងចាប់ផ្តើមជាថ្មីនៅក្រោយការបោះឆ្នោត។ ភាព ស្និទ្ធស្នាលរបស់ថ្នាក់ដឹកនាំកំពូលនៃគណបក្សកាន់អំណាចបានផ្តល់នូវភាពកក់ក្តៅយ៉ាងខ្លាំងដល់កម្មករ កម្មការិនី។
ក្រៅពីភាពស្និទ្ធស្នាល នាយករដ្ឋមន្ត្រី ក៏បានដោះស្រាយបញ្ហាជូនកម្មករ និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់បងប្អូនកូនក្មួយផងដែរ។ អត្ថប្រយោជន៍ទាំងនោះជារួមមាន៖ ការដំឡើងប្រាក់ខែគោល១៧០ដុល្លារ ក្នុងឆ្នាំ ២០១៨ និងត្រូវឡើងបន្តទៀតនៅឆ្នាំក្រោយៗ។ ការពិនិត្យសុខភាពក្នុងមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ។ ការបង់សេវារបបសន្តិសុខ សង្គមជាបន្ទុកទាំងស្រុងរបស់ថៅកែ។ ការជិះរថយន្តក្រុងសាធារណៈដោយឥតយកប្រាក់។ ពេលមានផ្ទៃពោះសម្រាលកូន កម្មការិនីទទួលបានប្រយោជន៍ជាច្រើនទៀត ដូចជាបានចេញមុនម៉ោងយ៉ាងតិចបំផុត១៥ នាទី បានទទួលការឈប់សម្រាក ៣ ខែដោយទទួលប្រាក់ឈ្នួល ១២០% និងការពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ ពេលសម្រាលកូនបានទទួល ប្រាក់ឧបត្ថម្ភ ៤០ ម៉ឺនរៀល សម្រាប់កូនម្នាក់ បើសម្រាលបានកូនពីរនាក់បាន៨០ម៉ឺនរៀល ហើយករណីកូនភ្លោះបី នឹងទទួលបាន ១លាន ២សែនរៀល បូកនឹងប្រាក់ឧបត្ថម្ភពីលោក នាយករដ្ឋមន្ត្រី ៥លានរៀលផ្សេងទៀត។
ទាំងអស់នេះជាអត្ថប្រយោជន៍ធំធេងដែលកម្មករកម្មការិនីបានទទួលពីការដឹកនាំរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយដែលពួកគេកំពុងសប្បាយរីករាយ និងសាទរយ៉ាងខ្លាំង។
ចំណែកក្រុមអ្នកបំផ្លាញឆ្នាំងបាយកម្មករវិញ ពួកគេដេកមិនលក់បក់មិនល្ហើយនៅពេលឃើញកម្មករ កម្មការិនីទទួលបានអត្ថប្រយោជន៍ច្រើនបែបនេះ។ មួយថ្ងៃមួយថ្ងៃ ពួកគេគិតតែដេករកនឹកវិធីដើម្បីធ្វើឲ្យរោងចក្របិទទ្វារ ដើម្បីបំបែកឆ្នាំងបាយកម្មករក្នុងគោលដៅដាក់បន្ទុកទៅលើរាជរដ្ឋាភិបាល។ ដើម្បីសម្រេចគោលដៅនេះ លោក សម រង្ស៊ី បានដើរបញ្ចុះបញ្ចូលកុំឲ្យសហគមន៍អន្តរជាតិទិញទំនិញ ពីកម្ពុជាដែលជាស្នាដៃរបស់កម្មករខ្មែរ និងទាមទារឲ្យសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។ ក្រៅពីនោះ ពួកគេតែងដឹកនាំញុះញង់កម្មករឲ្យធ្វើបាតុកម្មដុតកម្ទេច វាយបំផ្លាញ រោងចក្រ ដើម្បីធ្វើយ៉ាងណាឲ្យថៅកែបរទេសទ្រាំលែងបានហើយបិទទ្វាររោងចក្ររបស់ខ្លួននៅកម្ពុជា។ អំពើទាំងអស់នេះត្រូវបាន សម រង្ស៊ី ធ្វើដើម្បីតែកេងចំណេញនយោបាយពីទុក្ខសោករបស់កម្មករតែប៉ុណ្ណោះ ទោះជាត្រូវវាយបំបែកឆ្នាំងបាយកម្មករខ្មែរក៏ដោយ។
ដូច្នេះយើងជាកម្មករប្តេជ្ញាការពារឆ្នាំបាយរបស់យើងដោយត្រូវការពារអត្ថប្រយោជន៍ដែលយើងមានសព្វថ្ងៃនេះ។យើងសប្បាយរីករាយ និងមានភាពកក់ក្តៅចំពោះ ការយកចិត្តទុកដាក់ពីប្រមុខដឹកនាំប្រទេស។ ជាការឆ្លើយតបក៍ដូចជាគុណធម៍ និងសិលធម៍ជាមនុស្ស កម្មករ កម្មការិនី ទាំងអស់គ្នាបាន ប្តេជ្ញាថានឹងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា លេខរៀងទី ២០ ដើម្បីឲ្យនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចបន្តដឹកនាំប្រទេសទៅមុខ ទៀតពីព្រោះវត្តមានរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ជាការធានាឆ្នាំងបាយរបស់កម្មករ។ យើងជាកម្មករឈរ នៅខាងអ្នកជួយស្វែងរកឆ្នាំងបាយឲ្យយើង និងអ្នកដែល បាននិងកំពុងឈរការពារឆ្នាំងបាយរបស់យើងកុំឲ្យអ្នក បំផ្លាញវាយបំបែក។ ដើម្បីចូលរួមចំណែកការពារឆ្នាំងបាយរបស់ខ្លួន យើងទាំងអស់គ្នាមិនត្រូវជឿពាក្យឃោសនាអកុសលរបស់ក្រុមដែលកំពុងប៉ុនប៉ង បំផ្លាញឆ្នាំងបាយយើងនោះឡើយ។ យើងនឹងប្រាប់ឳពុកម្តាយយើង បងប្អូន មាមីង ជីដូនជីតាយើង ឲ្យចេញទៅបោះឆ្នោតនៅថ្ងៃទី ២៩ កក្កដា ឲ្យបានគ្រប់គ្នាដើម្បីការពារឆ្នាំងបាយយើងឲ្យបាន៕
ដោយ៖ កម្មការិនីរោងចក្រកាត់ដេរម្នាក់