រាជធានីភ្នំពេញ៖ ស្ត្រីសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចកុំព្យូទ័រឡែបថបម៉ាក APPLE មួយគ្រឿង បានរយៈពេល២ថ្ងៃ ក៏ទូរស័ព្ទទៅម្ចាស់កុំព្យូទ័រ ឲ្យវេរលុយ៩០ដុល្លារ ទើបតូបគេឲ្យកុំព្យូទ័រវិញ ត្រូវបាមកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ធ្វើការស្រាវជ្រាវឃាត់ខ្លួន កាលពីថ្ងៃទី១១ កក្ដដា ឆ្នាំ២០១៨ នៅចំណុចសួនច្បារ ក្តាន់ពីរ មុខក្រសួងការពារជាតិ ផ្លូវសហព័ន្ធរុស្សី ក្រុមទី៧០ ភូមិ៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា ។
ស្ត្រីជនសង្ស័យឈ្មោះ ដា នី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ១៥៥ ផ្លូវលេខ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា ។ ចំណែកជនរងគ្រោះជាម្ចាស់កុំព្យូទ័រ ឈ្មោះ ជូ ចន្ទសុសេដ្ឋា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតឆ្នាំទី ស្នាក់នៅបន្ទប់ជួលលេខ១២ នៃផ្ទះលេខ៣៤ ផ្លូវរថភ្លើង ក្រុមទី៦០ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។
មុនពេលកើតហេតុ ថ្ងៃទី៩ ខែកក្ដដា ឆ្នាំ២០១៨ ជនរងគ្រោះទុកកុំព្យូទ័រ នៅក្នុងបន្ទប់ ហើយដើរចេញទៅធ្វើការនៅម្តុំសន្ធរម៉ុក ។ លុះត្រឡប់មកពីធ្វើការវិញ ស្រាប់តែឃើញជនសង្ស័យកាន់ថង់ផ្លាកស្ទិកខ្មៅ ចេញមកក្រៅដែរ តែមិនចាប់អារម្មណ៍ ពេលមកដល់បន្ទប់ ស្រាប់តែបាត់កុំព្យូទ័រពីក្នុងបន្ទប់ ។
លុះថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១០និង៣០នាទី ជនសង្ស័យបានទូរស័ព្ទ មកជនរងគ្រោះថាឲ្យយកលុយចំនួន៩០ដុល្លារអាមេរិក មកឲ្យខ្លួន ទើបរូបខ្លួនយកកុំព្យូទ័រមកឲ្យវិញ ។ ពេលនោះជនរងគ្រោះបានប្តឹងសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ ព្រមទាំងណាត់ជាមួយជនសង្ស័យនៅម្តុំសួនច្បារមុខក្រសួងការពារជាតិ ឲ្យមកយកលុយចំនួន៩០ដុល្លារអាមេរិក នោះ ។ ពេលជនសង្ស័យមកដល់ភ្លាម កម្លាំងសមត្ថកិច្ច ក៏បានឃាត់ខ្លួនជនសង្ស័យនិងចាប់យកវត្ថុតាង (កុំព្យូទ័ររបស់ជនរងគ្រោះ) រួចប្រគល់ជូនជនរងគ្រោះវិញ ។
ជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕